ស្ថានភាពរស់នៅរបស់មនុស្សក្នុងសង្គមលោកនេះ មានការខុសប្លែកពីគ្នា
ពីមនុស្សម្នាក់ទៅម្នាក់ ពីគ្រួសារមួយទៅគ្រួសារមួយ ពីតំបន់មួយទៅតំបន់មួយ
ពីសង្គមមួយទៅសង្គមមួយ ពីប្រទេសមួយទៅប្រទេសមួយទៀត ។ ព្រោះអ្វី? ពីព្រោះចិត្តគំនិតរបស់មនុស្ស
និងបរិយាកាសធម្មជាតិ និងវប្បធម៌សង្គម ។
ចិត្តនេះណា មនុស្សម្នាក់ៗមានដូចគ្នា អ្នកណាៗក៏មានចិត្តដែរ
បើគ្មានចិត្ត មនុស្សដូចជារូបជាតិ ភ្នំ សមុទ្រ វត្ថុផ្សេងៗ ដែលកើតឡើងតាមធម្មជាតិ
និងកើតឡើងតាមការប្រឌិតកែច្នៃរបស់មនុស្សនោះហើយ ។ ជាការពិត
ចិត្តដែលមនុស្សត្រូវបានតភ្ជាប់ពីវត្ថុ ដែលជាអារម្មណ៍ខាងក្នុងនិងខាងក្រៅ
ដែលញ៉ាំងចិត្តមួយនេះ សន្សំ ដឹង ត្រិះរិះគិត
ចាប់យកមកកពួនប្ដុំទៅតាមកម្លាំងអំណាចរបស់ខ្លួន ។ ចិត្តជាប្រធានវិស័យ
ក្នុងគិតកែច្នៃរូបភាពផ្សេងដែលខ្លួនគិត បញ្ចេញតាមរយៈកាយ និងវាចារបស់ខ្លួន ។ កាយ
និងវាចា ចាំតែទទួលព័ត៌មានបង្គាប់ការពីចិត្ត ។ ប្រសិនបើចិត្ត ចង់ប្រើកាយ
ឲ្យបំពេញការងារផ្សេងៗ កាយត្រូវស្ដាប់បង្គាប់ធ្វើតាមការបញ្ជារបស់ចិត្ត
ប្រសិនបើចិត្ត ចង់ប្រើវាចាឲ្យហាស្តីនិយាយទៅកាន់មនុស្សម្នាគ្រប់គ្នា
វាចាត្រូវតែស្តាប់បង្គាប់ធ្វើតាមបទបញ្ជារបស់ចិត្ត ។ និយាយទៅ គ្មានអ្វីធំជាងចិត្ត ។
ចិត្ត គិតឡើងតាមបរិស្ថានធម្មជាតិ
ចិត្តចេះគិតឲ្យសមស្របតាមបរិយាសធម្មជាតិ ហេតុអ្វីចិត្តគិតឲ្យស្របតាមបរិយាកាសធម្មជាតិ? ព្រោះយើងដឹងតាមសមិទ្ធផលនានារបស់មនុស្ស
ដែលកំពុងប្រើប្រាស់ ដើម្បីសម្របសម្រួលទៅតាមបរិយាកាសធម្មជាតិ
ដូចជាមនុស្សនៅតំបន់ត្រូពេជ្រ តំបន់បូល តំបន់អេក្វាទ័រ អាហ្វ្រិក អាមេរិក
អូស្ត្រាលី អាស៊ី ស្ថានភាព ការរស់នៅ គឺសមស្របទៅតាមបរិយាកាសទាំងនោះ ។
អ្វីដែលមានវត្តមាននៅតាមតំបន់ទាំងអស់ហ្នឹង តើវាកើតឡើងចេញពីណា? អ្វីៗដែលបានកើតឡើងក្នុងលោកមួយនេះ មិនក្រៅពីចិត្តមនុស្សនេះទេ ។
ចិត្តតម្រូវឲ្យរូបកាយ តាំងនៅ និងត្រូវប្រើប្រាស់ទៅតាមសភាពបរិយាកាសទាំងនោះ
ដែលមានថាមពលជម្រុញពីកម្មដែលជាដង្ហើមដករបស់ចិត្ត ។
ចិត្តគិតតាមបែបវប្បធម៌របស់មនុស្ស
ដែលបានសាបព្រោះពីមុនមកយ៉ាងណា មនុស្សគ្រប់តំបន់ គ្រប់និន្ទាការត្រូវធ្វើចិត្ត
ឲ្យសមស្របតាមបរិបទវប្បធម៌សង្គមនោះ បើខុសត្រូវមានការគាបសង្កត់ពីអំណាចច្បាប់ សាសនា
បរិស្ថានធម្មជាតិនោះជាប្រាកដ ។ ព្រោះគេចង់ឲ្យចិត្តរបស់មនុស្សយល់ស្រប
និងទទួលយកបរិយាកាសបែបបទនោះ គំរូនោះ ។ ប្រសិនបើចិត្តទទឹងទាស់
អ្នកត្រូវបានទទួលទណ្ឌកម្មផ្សេងៗ ពីច្បាប់ ពីសាសនានោះជាក់ជាមិនខាន ។
ការបង្កើតច្បាប់ និងសាសនា
ដើម្បីក្រឹត្យព្រំដែនរបស់ចិត្តមនុស្សកុំឲ្យគិតទៅឆ្ងាយពីដែនច្បាប់ និងសាសនានេះ ។
បើគ្មានច្បាប់ និងសាសនា ចិត្តមនុស្សគិតទៅតាមអំពើរបស់ខ្លួន ចិត្តមនុស្សរញ៉ែរញ៉ៃ
ចិត្តមនុស្សគ្មានសណ្ដាប់ធ្នាប់ កាលណាចិត្តគ្មានសណ្ដាប់ធ្នាប់
ការរស់នៅរបស់មនុស្សក៏មានភាពរញ៉ៃរញ៉ៃទៅតាមនោះដែរ ។
ចូរមកគិតរឿងចិត្តខ្លួនយើងវិញ
យើងម្នាក់ៗចង់ឲ្យគេគិតដូចយើង ស្របតាមយើង និងធ្វើអ្វីៗតាមយើងគ្រប់កាលៈទេសៈទាំងអស់
ដោយយើងមិនសូវបានគិតដល់ចិត្តគំនិតគេ ថាគេមានចិត្តដូចយើងឬក៏អត់? ដូចពុទ្ធនិយមលើកឡើងថា
“ឲ្យយកចិត្តគេ
មកដាក់ចិត្តខ្លួន” ឬ “ឲ្យយកចិត្តគេ
ធ្វើជាឧបមា” ។
ន័យនេះ ចង់បង្ហាញថា យើងមានគំរូក្នុងការគិតបែបណា
អ្នកដទៃក៏មានគំរូក្នុងការគិតតាមបែបរបស់គេនោះដែរ ដូច្នេះ ក្នុងឃ្លានេះ
ចង់ឲ្យយើងសិក្សាចិត្តយើង ចិត្តគេមិនដូចគ្នាទេ ។ ដូចពំនោលមួយពោលបញ្ជាក់ថា “មនុស្សដប់ចិត្តដប់ កុំមើលងាយគំនិតគេ
ប្រសិនបើខ្លួនគិតខុសពីគេ” ។
ក្នុងន័យនេះ កុំអាលគិតថា មនុស្សនោះក្មេង មនុស្សនោះរៀនបានតិច
មនុស្សនោះមានបទពិសោធតិច មិនសមខ្លួន មិនសមឋានយសសក្ដិ កិត្តិយសកេរ្តិ៍ឈ្មោះ
ពូជពង្សវង្សត្រកូល ទ្រព្យសម្បត្តិខ្លួនឡើយ ។ បើគិតបែបនេះ គឺខុសហើយ អ្នកខ្លះនៅក្មេង
តែគំនិតចាស់ទុំ អ្នកខ្លះរៀនបានតិច តែមានគំនិតល្អ និងមនុស្សខ្លះទៀត មានបទពិសោតតិច
តែចំណេះដឹងខ្លាំងគួរសម អាចយកជាការបាន ។
ការណ៍នេះចង់លើកបង្ហាញរឿងនិទានអប់រំបរទេសខ្លីមួយថា
ពេលមួយនោះ មានកូនចៀម និងមេចៀម
ធ្វើដំណើរកាត់តាមវាលស្មៅមួយ ។ សកម្មភាពចៀមទាំងពីរនេះក្នុងការធ្វើដំណើរទៅនោះខុសគ្នា
។ មេចៀមប្រើក្បាលនិងភ្នែកមើលក្រោមជានិច្ច ចំណែកកូនចៀមវិញ
ដើរទៅដូចជាមានមោទកភាពខ្លាំងណាស់ ក្បាល់និងភ្នែកអើតលើរហូត ។ ការអើតងើយមើលលើ
មិនបានយកចិត្តទុកដាក់ស្ថានភាពខាងក្រោម ធ្វើឲ្យដំណើរទៅរបស់កូនចៀមជំពប់នឹងមែកឈើ
និងដុំថ្មជាច្រើនលើកច្រើនសារ
ធ្វើឲ្យមេចៀមនោះស្តីបន្ទោសនិងអប់រំកូនចៀមដោយយកមាត់របស់ខ្លួនរុញក្បាលកូនចៀមនោះឲ្យដើរឈ្ងោកមើលក្រោមម្ដងជាពីរម្ដង
រហូតដើរដល់ប្រឡាយមួយ មេចៀមបានដើរទច់ង៉ក់ លែងដើរទៅមុខទៀត ចំណែកកូនចៀមវិញ
ក៏លោតប្លោតឆ្លងផុតពីជង្ហុកប្រឡាយនោះទៅ នៅតែមេចៀម មិនព្រមលោតទៅសោះ នៅតែរុញរាៗ
ទោះបីកូនចៀមនោះលោតឲ្យមើលម្ដងជាពីរម្ដងនៅតែមេចៀមនោះមិនព្រមលោតទៅទៀត ។
កូនចៀមគិតមួយសន្ទុះក៏យល់ថា ការដែលមេចៀមមិនព្រមលោតទៅ ព្រោះឈ្ងោកមើលប្រឡាយនោះ គិតថា
ប្រឡាយនោះធំ ដែលធ្វើឲ្យមេចៀមមិនហ៊ានលោតទៅ ។ ភ្លាមនោះៗ កូមចៀម
ក៏បានយកក្បាលរបស់ខ្លួនទល់ក្រោមមាត់មេចៀមនោះឲ្យងើយមុខឡើងលើហើយលោតទៅ
មេចៀមក៏លោតផុតពីប្រឡាយនោះទៅ ដោយសុវត្ថិភាព ។ ក្រោយពីលោតឆ្លងប្រឡាយនោះរួច មេចៀម
និងកូនចៀមក៏ធ្វើដំណើរបន្ត ដោយប្តូរទម្លាប់ក្នុងការគិតរបស់ខ្លួន
កូនចៀមដែលធ្លាប់តែងើយអើតក្បាលឡើងលើក៏ប្តូរមកឈ្ងោកមុខមើលក្រោមខ្លះ
ចំណែកមេចៀមដែលធ្លាប់តែឈ្ងោកមុខមើលក្រោមក៏ប្ដូរគំនិតងើយមើលលើម្ដង ។ ពេលណាមានដុំថ្ម
ដំបូក ឬមែកឈើ ចៀមទាំងពីរក៏ឈ្ងោកមុខមើលរួចលោតកន្លងទៅ កាលណាមានជង្ហុកប្រឡាយ ឬអូរ
ឬក៏ថ្លុក ក៏ងើបមុខឡើង ហើយក៏លោតឆ្លងរំលងទៅ ។
ក្នុងរឿងនេះ ចៀមទាំងពីរមានគំនិតខុសគ្នា
កូមចៀមគិតរឿងបញ្ហាធំៗ មិនសូវគិតរឿងបញ្ហាតូចៗដែលនៅចំពោះមុខ
ចំណែកខាងមេចៀមច្រើនតែគិតរឿងបញ្ហាតូចៗ មិនសូវគិតរឿងបញ្ហាធំទេ
ដល់មានបញ្ហាធំធ្វើឲ្យខ្លួនលែងហ៊ានតស៊ូដើរទៅមុខទៀត ។ រឿងនេះ
ចំពោះបញ្ហាគំនិតរបស់មនុស្សវិញ មនុស្សខ្លះគេក្មេង តែគំនិតគេអាចទទួលយកបាន
មនុស្សខ្លះគេក្រ តែគេប្រសប់ក្នុងការគំនិត និងមនុស្សខ្លះទៀត គេគ្មានបទពិសោធ តែចំណេះដឹងគេខ្ពស់
គំនិតគេជ្រៅជ្រះជាងខ្លួន ដូចរឿងមេចៀមនិងកូនចៀមខាងលើជាឧបមាស្រាប់ ។
សរុបមកវិញ ប្រសិនបើមានគេគិតខុសពីយើង
គិតផ្ទុយពីយើង កុំអាលថាគំនិតគេខុស គំនិតគេអន់ ដោយសារតែគេមានគំនិតខុសពីយើង ។
ការរស់នៅរបស់សង្គមមនុស្សមិនដូចគ្នាទេ មានការរស់នៅខុសៗគ្នា ព្រមទាំងការចាត់ចែងរបៀបរស់នៅតាមគំនិតរៀងៗខ្លួន
។ ឧទាហរណ៍ ពិនិត្យមើលពីរបៀបប្រើប្រាស់របស់ខ្លួនប្រចាំថ្ងៃក្នុងគ្រួសារ
អ្នកខ្លះចូលចិត្តបន្លែ អ្នកខ្លះចូលចិត្តសាច់ អ្នកចូលចិត្តសម្ល អ្នកខ្លះចូលចិត្តក្រៀមក្រោះ
អ្នកខ្លះចូលចិត្តសាប អ្នកខ្លះចូលចិត្តប្រៃ អ្នកខ្លះចូលហឹរ អ្នកខ្លះចូលចិត្តពណ៌ស
អ្នកខ្លះចូលចិត្តពណ៌ខ្មៅ អ្នកខ្លះចូលចិត្តពណ៌ផ្កាឈូក ។ល។
ក្នុងការប្រើប្រាស់ប្រចាំថ្ងៃរបស់ខ្លួន ។ ការណ៍នេះ ឆ្លុះបញ្ចាំងឲ្យឃើញថា
ការប្រើប្រាស់របស់មនុស្សម្នាក់ខុសពីមនុស្សម្នាក់ទៀត ព្រោះអ្វី? ព្រោះតែចិត្តមួយនេះឯងគិត
៕
------------------------------------------
Cr. គោលគំនិតល្អដើម្បីជីវិត
រូប.ហ្វេសប៊ុក
រូប.ហ្វេសប៊ុក
No comments:
Post a Comment