Monday, April 20, 2020

គ្មានអ្វីដូចចិត្តចង់ទេ



បញ្ហាស្មុគស្មាញក្នុងជីវិតមិនចេះអស់មិនចេះហើយ មកពីចិត្តចង់ ។ ការចង់នេះជាបញ្ហាធំដែលធ្វើឲ្យមនុស្សទាំងអស់ក្នុងលោក ត្រូវនាំគ្នាស្វះស្វែងរកអ្វីគ្រប់យ៉ាងយកមកបំពេញក្នុងចំណង់មួយនេះ ។ ជាការពិតណាស់ ពាក្យថាចង់មួយម៉ាត់នេះ ស្ទើរពេញមួយជីវិតរបស់មនុស្សម្នាក់មិនអាចរកគ្រប់ឡើយ ដូចពាក្យថា គ្មានអ្វីដែលចេះគ្រប់គ្រាន់ ចំពោះពាក្យថាចង់នេះឡើយ ។ ការចង់បាន គឺគោលបំណងប្រាថ្នារបស់មនុស្សគ្រប់រូបដែលមានស្រាប់ជាប្រព័ន្ធរួចស្រេចទៅហើយ បើគ្មានគោលការណ៍ណាមួយមកជួយទប់ស្កាត់កម្លាំងចង់នេះទេ វានឹងបង្កជាជំងឺវីរុសដ៏កាចសាហាវបាន ដែលគ្មានថ្នាំព្យាបាលជាបាន ។ តើចង់នេះ ពិតជាមេរោគឬ?

ការចង់នេះ អាចជាមេរោគម្យ៉ាង ដែលគ្មានថ្នាំជួយព្យាបាលឲ្យជាបាន ។ ព្រោះតែការចង់នេះហើយ បានធ្វើមនុស្សជួបវិបត្តិផ្លូវចិត្តដ៏ធ្ងន់ធ្ងរ ដែលគ្មានថ្នាំគ្រូពេទ្យណាមើលជាដាច់ ។ ព្រោះតែចង់នេះ ហើយដែលធ្វើមនុស្សធ្វើឲ្យមានអ្វីគ្រប់យ៉ាង រហូតដល់បំផ្លិចបំផ្លាញបរិស្ថានធម្មជាតិ បំផ្លិចបំផ្លាញ់បរិស្ថានវប្បធម៌ និងបំផ្លិចបំផ្លាញបរិស្ថានសង្គម ។ ព្រោះតែការចង់នេះហើយ ធ្វើឲ្យមនុស្សទាស់ទែងខ្វែងគំនិត គ្នា ក្នុងលោកនេះគ្មានអ្វីខុស គ្មានអ្វីត្រូវ ខុសត្រូវស្ថិតនៅត្រង់ចិត្តគំនិតរបស់មនុស្សទាំងអស់ ព្រោះតែការចង់នេះហើយ ធ្វើឲ្យមនុស្សលែងមានសីលធម៌ លែងមានគុណធម៌ ។ ព្រោះតែចង់មួយនេះ ដែលគ្មានអ្វីរកដែនកំណត់បាន ។ ព្រោះតែការចង់នេះហើយ ធ្វើឲ្យមនុស្សធ្លាក់ចូលក្នុងផ្លូវវិបត្តិ ។ ព្រោះតែការចង់នេះហើយ ធ្វើឲ្យមនុស្សលែងស្គាល់គុណតម្លៃជីវិតរបស់ខ្លួន ។ល។

ពាក្យថា ចំណង់ មួយម៉ាត់នេះ គិតទៅមិនធម្មតាទេ ព្រោះថាចំណង់មួយនេះ មនុស្សគ្រប់រូប គ្រប់ជាតិសាសន៍ គ្រប់ស្រទាប់វណ្ណ មិនថា ក្មេង កម្លោះក្រមុំ ចាស់ទុំ សុទ្ធតែមានចំណង់ ។ អ្នកខ្លះចង់ធ្វើជាមនុស្សល្អសម្រាប់សង្គម ដូចជា គ្រូបង្រៀន គ្រូពេទ្យ ទាហាន ប៉ូលិស កសិករ ពលករ អ្នកទីផ្សារ អ្នកជំនួញ អ្នកទេសចរ អ្នកនយោបាយ អ្នកសេដ្ឋកិច្ច អ្នកវិទ្យាសាស្រ្ត ។ល។ ដូចនេះ ទើបបានមានមុខរបរច្រើនណាស់កើតឡើងក្នុងលោក ដើម្បីបម្រើផលប្រយោជន៍រួមរបស់សង្គមមនុស្ស ហើយរឿងទាំងនេះបានកើតឡើង កំពុងកើតឡើង នឹងបន្តកើតឡើងមកពីពាក្យថា ចង់របស់មនុស្សទាំងអស់ និងតម្រូវការចំណងរបស់មនុស្ស ។

ចង់មួយទៀត ចង់ដែរ ចង់ខាងបង្កចលាចល់ កូរសង្គម ឲ្យវីវក់ ចង់ឲ្យមនុស្ស សង្គមដែលមានគំនិតផ្ទុយពីបក្សពួកក្រុមខ្លួន ផ្ទុយពីជាតិសាសន៍ ផ្ទុយពីសាសនាខ្លួនឲ្យវិនាស អាប់ឱន ធ្លាក់ចូលក្នុងវិបត្តិផ្សេងៗ ។ ការចង់មួយនេះ ជាការចង់ផ្នែកខាងអវិជ្ជមាន ដូចជា ចង់លក់ថ្នាំញៀន ចង់ជួយដូរមនុស្ស ចង់ជួយដូរផ្លូវភេទ ចង់ជួយដូរគ្រឿងផ្ទុះ  ចង់ធ្វើជាអ្នកចាប់ជំរិតមនុស្ស ចង់ធ្វើជាឃាតក ចង់ធ្វើគ្រូបង្រៀនអសីលធម៌ ចង់ធ្វើជាមេចោរគាស់ផ្ទះសម្បែង ចង់ធ្វើជាមេឆបោក ចង់ធ្វើជាមេកិបកេងប្រវញ្ចគេគ្រប់រូបភាព និងចង់ធ្វើជាអ្នកនិយាយលាបពណ៌ បង្កាច់បង្ខូចបំផើសដៃគូប្រជែងខ្លួនឲ្យវិនាសអន្តរាយ ឲ្យមានពិរុទ្ធជាដើម។ល។ ធាតុចង់នេះ អាចមានទម្រង់គ្រប់រូបភាព មានផលទាំងវិជ្ជមាន និងទាំងអវិជ្ជមាន ។

ចង់មួយបែបទៀត តាមសច្ចភាពជីវិតមនុស្ស ត្រូវឆ្លងកាត់ និងការទប់ទល់ជាមួយចំណង់នេះ គឺត្រូវសិក្សារៀនសូត្រពីវិធីសាស្រ្តណាមួយដូចរៀបរាប់ខាងលើ ។ ជាការពិតណាស មនុស្សគ្រប់គ្នា មិនមែនសុទ្ធសម្រេចបានគោលបំណងមួយនេះឡើយ ព្រោះថាអ្វីៗក្នុងលោកនេះ មិនមែនសុទ្ធតែកើតឡើងតាមការចង់របស់យើងឡើយ ដូច្នេះ ខ្លួនត្រូវរៀនទទួលស្គាល់ការពិតថា មនុស្សកើតឡើងក្នុងលោកនេះមិនការចង់មិនដូចគ្នាទេ សូម្បីតែមនុស្សក្នុងគ្រួសារតែមួយក៏មានចំណង់ខុសៗគ្នាដែរ ដូចពាក្យពំនោលខ្មែរយើងលើកឡើងថា មនុស្សដប់ ខុសគ្នាទាំងដប់ ។ ក្នុងន័យថា មនុស្សម្នាក់មានចំណង់មួយ មនុស្សម្នាក់ទៀតមានចំណង់ផ្សេងមួយទៀត មិនមែនថា ដូចគ្នាទាំងអស់ទេ បើដូចគ្នាក៏មានកម្រិតមិនដូច គ្នាដែរ ។ កម្រិតចង់ខ្លះស្រាល កម្រិតចង់ខ្លះមធ្យម និងកម្រិតខ្លះធ្ងន់ទៅ ដូចចង់ទទួលទានម្ហូបមុខពីរបីនាក់ អ្នកខ្លះចង់សាប អ្នកខ្លះប្រៃ អុ្នកចង់ហិរ អ្នកគោក អ្នកខ្លះចង់រាវទៅ តែអ្វីដែលអាចហូបជាមួយគ្នាបាន ត្រូវទទួលស្គាល់ការពិតថា ការចង់នេះមិនដូចគ្នា ត្រូវចេះយោគយោល់ ត្រូវចេះអធ្យាស្រ័យទៅវិញទៅមក ទើបការទទួលទានរក្សាបានភាពសប្បាយរីករាយទាំងអស់គ្នា ។

និយាយជារួម  ភាពស្រស់ស្រាយនៃចិត្ត មិនមែនកើតចេញពីអ្វីគ្រប់យ៉ាងដែលធ្វើបានដូចចិត្តទេ តែវាកើតចេញពីចិត្ត ដែលព្រមទទួលយកថា គ្មានអ្វីបានដូចចិត្តទាំងអស់នុ៎ះទេ ។ ចិត្តយើង ចិត្តគេ ចំណង់យើង ចំណង់គេ មិនដូចគ្នា មានតែចេះរៀនទទួលយកនូវការចេះអត់ឱន ចេះអធ្យាស្រ័យឲ្យគ្នា និងចេះរៀរបង់ចំណង់ណាដែលធ្វើខ្លួនក្ដៅក្រហាស្ដាយក្រោយ វៀរបង់ចំណង់ដែលធ្វើឲ្យសង្គមធ្លាក់ចូលក្ដីវិបត្តិ ។ គោលការណ៍ដើម្បីជៀសវាងពីបញ្ហាចំណងអវិជ្ជានបាន លុះតែយកគោលការណ៍ច្បាប់ និងសីលធម៌មកអនុវត្តជីវិតជាប្រចាំ ដើម្បីដាស់តឿនក្រើនរំលឹកចិត្តកុំឲ្យឃ្លៀងឃ្លាតប្រាសចាកទីគោលការណ៍នេះប៉ុណ្ណោះ ៕

------------------------------------
Cr. គោលគំនិតល្អដើម្បីជីវិត 
រូប. ហ្វេសប៊ុក

No comments:

Post a Comment