ក្នុងដំណើរជីវិតមនុស្សគ្រប់រូប
ត្រូវបង្កើតឡើងដោយការស្រឡាញ់ និងស្អប់ ។ ការស្រឡាញ់ គឺជាធាតុល្អ
ដែលនាំឲ្យសង្គមមនុស្សរកឃើញពន្លឺសន្តិភាពបាន ។ បើគ្មានធាតុស្រឡាញ់នេះទេ
វាច្បាស់ណាស់ថា ភាពអសន្តិភាពនឹងជួសមុខឲ្យ មកធ្វើការចាត់ចែងសង្គម ។ ពេលខ្លះ
មនុស្សកាលណាមានធាតុស្រឡាញ់នេះច្រើនពេក
អាចបង្កទៅជាធាតុស្អប់ក្នុងនោះកាន់តែខ្លាំងផងដែរ ដូចពំនោលខ្មែរមួយលើកឡើងថា “ស្រឡាញ់ខ្លាំងប៉ុនណា
ស្អប់ក៏ខ្លាំងប៉ុណ្ណោះ" ។
ធាតុស្រឡាញ់
និងធាតុស្អប់ទាំងពីរនេះ មានគ្រប់ផ្នត់គំនិតគ្រប់មនុស្សជាតិ ជាតិសាសន៍
មិនត្រឹមតែជាតិសាសន៍ប៉ុណ្ណោះទេ មានដល់ទេវបង្កើតលោកទៅទៀតផង ។ ដោយការស្រឡាញ់ ទេវ
បានបង្កើតអ្វីៗក្នុងលោកនេះឡើង លុះដល់មិនគាប់ព្រះហឬទ័យក៏បំផ្លាញលោកនេះចោល ។
ដោយសារខ្លួនស្រឡាញ់បានបង្កើតសត្វលោកនេះឡើង លុះសត្វលោកនោះមិនប្រព្រឹត្តតាមគំនិត
មិនតាមបំណងខ្លួន ក៏ដាក់ទោសទណ្ឌសត្វលោកនោះទៅ ។ មនុស្សគ្រប់គ្នាត្រូវខ្វល់
ត្រូវរកធ្វើយ៉ាងណា ដើម្បីគាប់ចិត្តទេវ
ដើម្បីកុំឲ្យទេវមានចិត្តថ្នាំងថ្នាក់ចំពោះទង្វើខ្លួន កាលណាទេព
មានព្រះទ័យថ្នាំងថ្នាក់ហើយ អ្នកត្រូវទទួលរងទណ្ឌកម្មផ្សេងៗពីទេពទាំងនោះ ។ ដូចនេះ
អ្វីៗដែលកើតឡើង មានវត្តមានបានត្រូវអាស្រ័យលើការស្អប់ និងស្រឡាញ់នេះ ។
ងាកបែរមកមើលពំនោលស្រឡាញ់
និងស្អប់ក្នុងសង្គមវិញ ស្រឡាញ់ និងស្អប់
ពិតជាដុះក្នុងខន្ធសន្ដានសត្វលោកនេះក្រាស់ក្រែលណាស់
រហូតដល់បង្កប់នូវពន្លកតណ្ហាប្រាថ្នាចងបានគ្រប់បែបយ៉ាង ដើម្បីមកបំប៉ន
កពូនគរតណ្ហារបស់ខ្លួន ។ គ្រាន់តែស្រឡាញ់ និងស្អប់ធ្វើឲ្យសង្គមលោកទាំងមូលត្រូវវក់វី
ដោយភាពសនិងខ្មៅមិនដាច់ស្រឡះ ដូចពាក្យពំនោលមួយលើកឡើងថា “រឿងដែលមនុស្សត្រូវខ្វល់
មានតែពីរប៉ុណ្ណោះ គឺរឿងស្រឡាញ់ និងស្អប់ ” តែប៉ុណ្ណោះ ។ ក្នុងន័យថា
ស្រឡាញ់ក៏ធ្វើឲ្យមនុស្សមានកង្វល់ចិត្ត ស្អប់ក៏ធ្វើឲ្យមនុស្សមានកង្វល់ចិត្ត
និយាយជារួម ធាតុទាំងពីរមានកង្វល់ដូចគ្នា គ្រាន់ថា បើអ្នកមានធាតុស្រឡាញ់ច្រើន
មានគុណសម្បត្តិច្រើន មានផលវិជ្ជមានចំពោះខ្លួន ចំពោះសង្គមច្រើនទៅតាមនោះដែរ
ហើយធាតុស្អប់នេះ ក៏ច្រើនតែលេចចេញពីធាតុស្រឡាញ់នេះដែរ ដូចការបកស្រាយខាងលើ ។
បើតាមពុទ្ធនិយមច្រើនលើកឡើងថា “តាំងចិត្តស្មើ តាំងចិត្តកណ្ដាល” ក្នុងន័យថា
ព្រោះអ្វីៗក្នុងលោកនេះ មិនអាចមានភាពឋិតថេរចេរកាលយូរអង្វែងទេ
បើយើងមិនបានអប់រំចិត្តរបស់ខ្លួនឲ្យឃើញសច្ចភាពជីវិតនេះឲ្យបានប្រត្យក្សនោះ ។
និយាយជារួម
ធាតុស្រឡាញ់នេះ មនុស្សត្រូវបណ្ដុះឲ្យកើតក្នុងសន្ដានឲ្យបានច្រើនជាងធាតុស្អប់
ព្រោះធាតុស្រឡាញ់នេះ អាចនាំខ្លួនយើង សង្គមយើងទៅរកសាមគ្គីភាព សន្ដិភាព ស្ថេរភាព
សេរីភាព សុខដុមជាមួយគ្នាបាន តែត្រូវពិនិត្យមើលផងដែរថា ស្រឡាញ់បែបព្រហ្មវិហារ
បែបសង្គហ ឬបែបតណ្ហា (អវិជ្ជា) ។ បើស្រឡាញ់បែបព្រហ្មវិហារ បែបសង្គហ (ធម៌សង្គ្រោះ)
នោះ ខ្លួនអាចឈរលើមាគ៌ាសន្តិភាពបាន តែបើស្រឡាញ់បែបតណ្ហា នោះមានតែភាពច្រណែន ឈ្នានីស
ព្យាបាទ តាមបំផ្លិចបំផ្លាញ បង្កវិនាសកម្មដល់ខ្លួនឯង និងសង្គមតែប៉ុណ្ណោះ
បើអ្វីៗនោះមិនសមតាមបំណងខ្លួន គឺធាតុស្អប់នោះនឹងចេញមកពីធាតុស្រឡាញ់នុ៎ះឯង ។
អវសានសំណេរ ខ្លួនវក់វីត្រឹមតែធាតុពីរគឺ ស្រឡាញ់ និងស្អប់ប៉ុណ្ណោះ ៕
--------------------------------------
Cr. គោលគំនិតល្អដើម្បីជីវិត
រូប. ហ្វេសប៊ុក
No comments:
Post a Comment