មានរឿងជាច្រើនណាស់ក្នុងលោកនេះ
ដែលមនុស្សជាតិអាចជួយគ្នាបានក្នុងគ្រាមានអាសន្ន ឬមានឧបសគ្គ ។
អ្នកខ្លះជួយបានតាមកម្លាំងកាយ
អ្នកខ្លះជួយបានតាមការបញ្ចេញវាចាឃោសនាបញ្ចុះបញ្ចូលគៀងគរអន្ទងចិត្តពួកអ្នកមានគំនិត
មានទ្រព្យ មានកម្លាំងកាយចូលរួមជួយ អ្នកខ្លះជួយបានតាមកម្លាំងទ្រព្យជួយឧបត្ថម្ភគាំពា
ជួយចិញ្ចឹម ជួយរក្សា ជួយមើលការខុសត្រូវ អ្នកខ្លះទៀតជួយតាមបែបសំណេរអប់រំ
ផ្ដល់កម្លាំងចិត្ត ជួយរកគន្លឹះវិធីសាស្ត្រសរសេរយ៉ាងណា
ក្នុងការជួយដោះស្រាយបញ្ហាជីវិត សិក្សា ការងារ ថែរក្សាការពារ
ចំណូលចំណាយក្នុងការបង្កើតសេដ្ឋកិច្ច និងតាមមធ្យោបាយនានា ដែលខ្លួនម្នាក់ៗអាចជួយបាន
ក្នុងន័យសង្គហធម៌ សាមគ្គីធម៌ និងសប្បុរសធម៌ ក្នុងការបង្កើនគុណភាពជីវិត
ដើម្បីឈានទៅដល់មាគ៌ាមួយហៅថា សុវត្ថិភាព សន្តិ ស្ថេរភាព ឥស្សរ
ក្នុងជីវិតរបស់មនុស្សក្នុងសង្គម ។ ក្នុងចំណោមមនុស្សទាំងនោះ មានមនុស្សមិនតិចទេ
ដែលខិតខំលះបង់ក្ដីសុខផ្ទាល់ខ្លួន ដើម្បីក្ដីសុខរួមរបស់សង្គមមនុស្ស
ពិសេសមេដឹកនាំប្រទេស សាសនា អង្គភាព ស្ថានប័ន និងគ្រួសារ ជាដើម ។
ការជួយរបស់មនុស្សទាំងអស់
អាចជួយបានមួយគ្រា មួយរយៈវែង ឬខ្លី ទៅតាមថតភាពជាក់ស្ដែងរបស់មនុស្សក្នុងសង្គម
បើគិតតែសុំជំនួយនោះបាន
តែឲ្យជួយរហូតអស់មួយជីវិតនោះមិនបានទេ ដូចនេះហើយមានពាក្យអប់រំមួយពោលថា “បើអ្នកឲ្យត្រីគេ
គេអាចបរិភោគមួយពេលក៏អស់ តែបើអ្នកបង្រៀនវិធីរកត្រី ឬស្ទូចត្រីដល់គេ
ទើបគេមានត្រីទុកហូបអស់មួយជីវិតបាន” ។ មែនទែនទៅ
គេមិនអាចជួយយើងបានគ្រប់ជ្រុងជ្រោយ តាមអ្វីដែលយើងចង់ តែអ្វីដែលខ្លួនយើងចង់បាន
មានតែខ្លួនយើងម្នាក់គត់ ។
ដូចពុទ្ធនិយមលើកឡើងថា “មានតែខ្លួនយើងប៉ុណ្ណោះ
ដែលជាទីពឹងបាន អ្នកដទៃពឹងមិនបានឡើយ” ។ ក្នុងន័យនេះ ចង់សង្កត់ធ្ងន់ត្រង់ថា
អំពើល្អក្ដី អំពើអាក្រក់ក្ដី សុខក្ដី ទុក្ខក្ដី មានតែខ្លួនយើងប៉ុណ្ណោះ
ដែលអាចធ្វើឲ្យខ្លួនបាន អ្នកដទៃមិនអាចឡើយ ។ ដំណើរទៅកាន់ទុគតិ ដំណើរទៅកាន់សុគតិ
គ្មានអ្នកណាសាងឲ្យខ្លួន ក្រៅតែពីខ្លួនឯងប៉ុណ្ណោះ សុខ ឬទុក្ខខ្លួនជាអ្នកទទួល ។
តាមន័យនេះ មានពាក្យមួយលើបញ្ជាក់ក្នុងបញ្ហានេះថា
“មនុស្សតែម្នាក់គត់
ដែលអាចជួយអ្នកឲ្យឆ្លងផុតពីបញ្ហាគ្រប់យ៉ាងបាន គឺខ្លួនអ្នក” ។
សរុបមកវិញ
អ្នកអាចទទួលការជួយពីអ្នកដទៃបាន
តែអ្វីដែលអ្នកដទៃជួយអ្នកបានត្រឹមតែសម្ភារប្រើប្រាស់តាមតម្រូវណាមួយ
ឬក្នុងកាលៈទេសៈណាមួយ តែឲ្យជួយអស់មួយជីវិតនោះមិនមានទេ មានតែខ្លួនយើងប៉ុណ្ណោះ
ដែលត្រូវជួយខ្លួនឯងអស់មួយជីវិត ប្រសិនបើខ្លួនយើងម្នាក់ចង់បានជីវិតជោគជ័យ
ជីវិតធូរស្រាល ជីវិតផុតទុក្ខកង្វល់ ជីវិតមានសេរី ជីវិតមានសន្តិនោះ
ត្រូវចាប់ផ្ដើមដោយដៃជើងនិងខួរក្បាលបេះដូងរបស់យើងនេះតែម្នាក់គត់ ។
មានថ្នាំដ៏សក្ដិសិទ្ធិពូកែអស្ចារ្យយ៉ាងណា បើអ្នកជំងឺមិនព្រមទទួលទាន មិនលាប
មិនព្រមចាក់ចូលទៅ សួរថា តើថ្នាំនោះពូកែទេ? យ៉ាងណាមិញ
មានវិធីសាស្ត្រល្អៗក្នុងការបង្ហាត់បង្ហាញផ្លូវល្អប៉ុនណា បើអ្នកមិនព្រមអនុវត្តតាម
វិធីសាស្ត្រនោះក៏មិនត្រូវ ក៏មិនល្អដែរ អ៊ីចឹងមានតែខ្លួនឯងប៉ុណ្ណោះ
ដែលអាចជួយខ្លួនឯងបានគ្រប់គ្រា គ្រប់អាសន្ន គ្រប់កាលៈទេសៈ ៕
---------------------------------------
Cr. គោលគំនិតល្អដើម្បីជីវិត
រូប. ហ្វេសប៊ុក
No comments:
Post a Comment