Sunday, April 19, 2020

ទុកអតីតកាលជាមេរៀន



ថ្ងៃម្សិលមិញ យើងមិនអាចវិលត្រឡប់ទៅដោះស្រាយអ្វីបានឡើយ ហើយថ្ងៃស្អែកក៏នឹងមិនអាចទៅធ្វើរឿងល្អៗបានដែរ ។ ជាការពិតណាស់ ពេលដែលកន្លងហួសទៅហើយ មិនអាចទាញវាឲ្យមកកន្លែងដើមវិញបានទេ ហួសគឺហួសហើយ ដូចទឹកមាត់ដែលហាខាកស្ដោះចេញពីមាត់ទៅហើយ មិនអាចរើសយកវាមកលេបវិញបានទេ មានតែរង់ចាំពេលថ្មីចូលមកបន្ត ។ យ៉ាងណារឿងអតីតកាលដែលមានក្ដីសុខក្ដី មានក្ដីទុក្ខក្ដី យើងមិនអាចចង់ទៅរស់នៅ ឬក៏ទៅដោះស្រាយជាមួយវាបានឡើយ មានតែបណ្ដោយឲ្យវាទៅតាមយថាកម្មប៉ុណ្ណោះ ។ ចូរគិតថា មនុស្សគ្រប់គ្នា សុទ្ធតែធ្លាប់ឆ្លងកាត់ការលំបាក ធ្លាប់ទទួលរងការឈឺចាប់ ធ្លាប់ត្រូវគេកុហក ធ្លាប់ត្រូវគេក្បត់ ធ្លាប់សម្រក់ទឹកភ្នែកហូរជោកខ្នើយ ធ្លាប់អង្គុយស្រងេះស្រងោចកណ្ដោចកណ្ដែង ធ្លាប់ជួបរឿងកម្សត់ ធ្លាប់ជួបរឿងបែកបាក់ ធ្លាប់ជួបរឿងស៊យ ធ្លាប់ជួបភាពខ្វះខាត ធ្លាប់ជួបរឿងបរាជ័យក្នុងការសិក្សា ក្នុងការងារ ។ល។ បញ្ហាទាំងអស់នេះហើយ ដែលមនុស្សយើងម្នាក់ៗ ធ្លាប់បានជួបប្រសប់ក្នុងអតីតកាល ។

បញ្ហាក្នុងអតីតកាល មានការឈឺចាប់ ជួបការបរាជ័យទាំងអស់នេះនោះ មិនមែនជាឧបសគ្គក្នុងដំណើរជីវិតរបស់យើងឡើយ តែវាជាការត្រូសត្រាយផ្លូវមួយសម្រាប់ឲ្យយើងឈានជើងមកឈរជើងបានក្នុងទីតាំងបច្ចុប្បន្ននេះទេតើ ។ អ្វីដែលយើងមិនអាចវិលទៅដោះស្រាយអតីកាលបាន មានតែធ្វើបច្ចុប្បន្ននេះឲ្យបានល្អបំផុត ព្រោះថា មានតែបច្ចុប្បន្ននេះទេ ដែលអាចជួយយើងដោះស្រាយបញ្ហាចំពោះមុខបាន មានតែបច្ចុប្បន្ននេះទេ ដែលធ្វើឲ្យយើងញញឹមបាន មានតែបច្ចុប្បន្ននេះទេ ដែលធ្វើឲ្យយើងភ្លឺស្វាង មានតែបច្ចុប្បន្នេះទេជាថ្នាំឱសថព្យាបាលចិត្តយើងបាន មានតែបច្ចុប្បន្ននេះទេ ដែលធ្វើឲ្យយើងសម្រេចក្ដីបំណងប្រាថ្នាបាន ។ បច្ចុប្បន្ននេះ គឺជាពេលមួយដ៏ល្អសម្រាប់យើងបំផុត ។ បញ្ហាក្នុងអតីតកាលដែលវាកន្លងផុតទៅ ទុកជាគ្រូ ទុកជាបទពិសោធក្នុងដំណើរជីវិត ។

កាលណាយើងសាងបច្ចុប្បន្ននេះល្អហើយ អនាគត យើងមុខជាបានល្អ មុខជាបានប្រសើរ មុខជាជោគជ័យហើយ ឲ្យតែយើងទ្រាំលេបថ្នាំ ព្យាយាម ជំនះ តស៊ូ ចំពោះបញ្ហាដែលមានចំពោះមុខ ។ ថ្ងែនេះ យើងមិនទាន់ទទួលបានលទ្ធផលល្អ ដូចអ្វីដែលយើងគិត ដូចអ្វីដែលយើងចង់ នោះមិនមែនជាបញ្ហាចោទឡើយ បញ្ហាចោទគឺការលះបង់ ឈប់ធ្វើ ឈប់ជំនះតស៊ូ ឈប់ដើរទៅមុខទៀត ចូរចងចាំថា ធម្មជាតិក្នុងលោកនេះ សុទ្ធតែអាចយកមកធ្វើជាមេរៀនសម្រាប់ឲ្យយើងយកមកគិត មកអប់រំ ដូចថាពេលថ្ងៃ ពេលយប់ មានភ្លៀង មានរាំង ជាដើម ។ ពេលថ្ងៃ ទុកដូចជាជីវិតយើងមានសេចក្ដីសុខ មានជោគជ័យ ពេលយប់ ទុកដូចជាភាពអាប់អួ ទុក្ខសោក ខកខូចចិត្ត បរាជ័យ ជាដើម ។ អនាគត យើងមិនអាចទៅធ្វើអ្វីបាន តែអនាគតគឺជាប្រទីប គឺជាត្បូងពេជ្រ គឺជាភាពរីករាយ គឺជាភាពភ្លឺស្វាងនៃជីវិត ដែលយើងបានត្រូសត្រាយក្នុងពេលបច្ចុប្បន្ននេះទៅ ។

រួមមកវិញ មនុស្សយើងម្នាក់ៗដែលកើតមកក្នុងលោកនេះ គ្មានអ្នកណាម្នាក់កើតមកសំបូរបែប កើតមកជោគជ័យរហូតទេ មិនថា ជីវិតរស់នៅ ជីវិតសិក្សា ជីវិតការងារ ឬជីវិតស្នេហា ។ សច្ចភាពជីវិត មិនឲ្យមនុស្សយើងបានអ្វីមកគ្រប់គ្រាន់ទេ បើបានរូបល្អ អន់សំឡេង បើសំឡេងល្អ អន់រូបកាយ បើមានទ្រព្យ តែខ្វះភាពកក់ក្ដៅ បើមានភាពកក់ក្ដៅ បែរជាជួបវិបត្តិសេដ្ឋកិច្ច ជាដើម ។ ទោះបីខ្លួនស្ថិតនៅក្នុងកាលៈទេសៈបែបណាក៏ដោយ សូមកុំបោះបង់ចោលខ្លួនឯង ក្នុងន័យថា កុំអស់សង្ឃឹម ។ បើថ្ងៃស្អែក ព្រះអាទិត្យនៅតែបញ្ចេញរស្មីមកលើភពផែនដីមួយនេះបន្ត មធ្យោបាយដោះស្រាយបញ្ហាជីវិតនៅតែមានផ្លូវ  ។ ចូរឧបមាជីវិតខ្លួន ដូចជាសត្វអណ្ដើក ទោះជាវាវារយឺតៗក្ដី តែមិនបោះបង់ចោលគោលដៅរបស់វាឡើយ ៕

----------------------------------
Cr. គោលគំនិតល្អដើម្បីជីវិត  
រូប. ហ្វេសប៊ុក  

No comments:

Post a Comment