“ស្រមោលដួងចន្ទកើតចេញពីភាពនឹងរបស់ទឹកយ៉ាងណា បញ្ញាក៏... |
នៅពេលដែលចង់ឃើញស្រមោលដួចចន្ទ
ដែលកំពុងបណ្ដែតខ្លួននៅលើព្ធដ៏អាកាសនភាលី ដែលមនុស្សប្រុសស្រី តែងតែស្រឡាញ់ចូលចិត្ត
។ អ្នកខ្លះចង់បានដួងចន្ទមកគេងឱបកំដរភាពលីវរបស់ខ្លួន ។ អ្នកខ្លះអង្គុយមើលដួងចន្ទ
នឹកដល់មនុស្សជាទីស្រឡាញ់ ដែលធ្លាប់មកអង្គុយមើលជាមួយគ្នា នៅក្រោមជំនោរបក់មកប៉ើយៗ ។
អ្នកខ្លះកំពុងលួយគយគន់ភាពវង់មូលក្រឡង់របស់ដួងចន្ទ ដូចជាគូស្នេហា
ដែលខ្លួនមិនដែលបានឃើញ បានយល់ភក្រ្ត បើសិនជាមានភក្រ្តាល្អដូចជាដួងចន្ទនោះ
មិនជាល្អយ៉ាងណាទេ ។ អ្នកខ្លះទៀត បង្រៀនកូនចៅ ឲ្យសុំអ្វីៗពីដួងចន្ទ
បើដួងចន្ទល្អយ៉ាងនេះ មិនដឹងជាមានចិត្តល្អយ៉ាងណា ដោយស្រែកថា ដួងចន្ទអើយ
ចៅង៉ាសុំរបស់លេង ដួងចន្ទអើយ ចៅង៉ាយ សុំបាយហូប ដួងចន្ទអើយ ចៅង៉ាសុំផ្ទះនៅ ជាដើម
ហើយអ្នកខ្លះ ប្រៀបពន្លឺដួងចន្ទ ទៅនឹងស្នេហារបស់ខ្លួន
ដែលមានដុំពពួកមកបាំងបិទដួងចន្ទ មិនឲ្យបញ្ចេញរស្មីមកលើផែនពសុធា
ដូចនឹងស្នេហារបស់ខ្លួនដែលកំពុងមានឧបសគ្គអ៊ីចឹងដែរ ហើយអ្នកខ្លះទៀត
ត្រូវការពន្លឺដួងចន្ទមកបំពេញការងារចិញ្ចឹមជីវិតរបស់ខ្លួន ។ ចំណែកមនុស្សអាក្រក់
មនុស្សបាតសង្គមវិញ ពួកគេច្រើនស្តីបន្ទោសដល់ដួងចន្ទរះ ដោយសារពន្ទឺរបស់ដួងចន្ទ
ទច់បង្អាក់ដំណើររកស៊ីរបស់ពួកគេ ដូចជាពួកចោរហារយ ជាដើម ។
ដួងចន្ទ មានតែការពេញចិត្តក្នុងការឲ្យ
ទោះជាដួងចន្ទមិនបានទាមទារអ្វីពីមនុស្សលោក នេះក៏មនុស្សអគតិមួយចំនួនមិនពេញចិត្ត
តែងកើតមានជាហូរហែ
ទោះជាដួងចន្ទខំប្រឹងបញ្ចេញរស្មីស្រទន់ត្រចះត្រចង់មកលើភពផែនដីនេះ
ដើម្បីផលប្រយោជន៍ដល់មនុស្សត្រូវការ ក៏ដួងចន្ទត្រូវបានមនុស្សមួយចំនួននិន្ទារិះគន់មិនចេះឈប់ឈរ
។ ដួងចន្ទនៅតែបន្តរះ ទោះជាមានការទើសចិត្តពីមនុស្សមួយចំនួនក៏ដោយ តែទេវបុត្តដួងនេះ
នៅតែធ្វើចិត្តត្រជាក់មិនរុញរាក្នុងការបំពេញភារកិច្ចរបស់ខ្លួនដដែល ។ ប្រយោជន៍តិច
ប្រយោជន៍ច្រើន វាអាស្រ័យលើតម្រូវការរបស់មនុស្សលោកទេ ។ ប្រសិនបើមនុស្សត្រូវការពន្លឺច្រើន
ក៏ត្រូវរង់ចាំ ត្រូវការពន្លឺក៏ត្រូវរង់ចាំ ដូចនេះអ្វីៗដែលខ្លួនត្រូវការ
ត្រូវប្រើពាក្យថារង់ចាំដែរ ។ រុក្ខជាតិទាំងឡាយ
ត្រូវការទឹកសន្សើមដែលព្រះចន្ទទេវបុត្តប្រទានឲ្យ អាចឲ្យផ្កាផងទាំងឡាយ
មានការរីកស្គុសស្គាយ ។ សត្វទាំងឡាយ
ត្រូវការទឹកសន្សើមដើម្បីផឹកក្រេបជួយបន្តជីវិតខ្លួនបាន ។ ដូចនេះ ពន្លឺព្រះចន្ទ ដែលធម្មជាតិតាក់តែងមកមិនមែនជាការឥតប្រយោជន៍ឡើយ
មានប្រយោជន៍ដល់ជីវចម្រុះដែលកំពុងរស់រានមានជីវិតក្នុងភពផែនដីមួយនេះ ។
យើងនិយាយពីប្រយោជន៍ និងតម្រូវការរបស់មនុស្ស
សត្វ និងរុក្ខជាតិដែលលបានទាញយកពន្លឺពីព្រះចន្ទ ។ ចុះអ្នកអានធ្លាប់គិតសុំ
ធ្លាប់ចង់បាន និងគិតថាព្រះចន្ទនេះជួយកាត់បន្ថយពីភាពតានតឹងក្នុងចិត្ត
ក្នុងកាលៈទេសៈណាមួយ ដូចជា គេងមិនលក់ រៀនមិនចូល ការងារមិនរលូន
ឬមួយក្នុងគ្រាដែលខ្លួនចង់បណ្ដុះបន្លកស្នេហាឲ្យកើតឡើងជាមួយអ្នកទេ ។ អ្វីដែលច្រើនជាគេ គឺពួកកវី អ្នកនិពន្ធ
សុទ្ធតែបានអង្គុយគយគន់ដួងចន្ទ ដោយចិត្តគិតរំពៃរ៍ រកពាក្យពេចន៍ ហត្ថាសរសេររៀបភាសាណែងណង
រណ្តំ ស៊ីជំរៅទៅលើមនោចេតនា ដែលបានគិតឃើញ ។ ចំណែកស្មេរនេះ
វិញបានរិះគិតយកឃ្លាមកបង្ហាញថា “ស្រមោលដួងចន្ទកើតចេញពីភាពនឹងរបស់ទឹកយ៉ាងណា
បញ្ញាក៏កើតពីចិត្តស្ងប់ ក៏យ៉ាងនោះដែរ” ។ តើឃ្លានេះមានអត្ថន័យ អត្ថរូប
និងអត្ថរសយ៉ាងណា សម្រាប់ដាស់តឿនក្រើនរំលឹកចិត្តមនុស្សយើង ?
សម្រោលជាអ្វី? ស្រមោលគឺជារូបភាពមួយដែលទទួលពីអ្វីមួយ
ដោយមានពន្លឺអ្វីមួយចាំងចែងមកលើ ដូចជាសស្រមោលដើមឈើ ស្រមោលមនុស្ស ស្រមោលភ្នំ ជាដើម ។
ស្រមោលនេះ អាចទទួលបានតាមរយៈពន្លឺព្រះអាទិត្យ ពន្លឺព្រះចន្ទ ពន្លឺភ្លើង
និងការឆ្លុះក្នុងវត្ថដែលថ្លា ដូចជាកញ្ចក់ ទឹកជាដើម ។ ស្រមោលព្រះអាទិត្យ
ស្រមោលព្រះចន្ទ យើងអាចមើលឃើញបាននៅក្នុងទឹកសមុទ្រ ទឹកទន្លេ ទឹកបឹង ស្ទឹកព្រែក
ឬទឹកក្នុងផ្ដិន ពាង ពែង។ល។ កាលមើលឃើញស្រមោលទាំងនេះ ឃើញពេញល្អបាន
លុះត្រាតែទឹកហ្នឹងនឹងន គ្មានរលក គ្មានខ្យល់បក់បោក បើមិនអ៊ីចឹងទេ
មើលស្រមោលនោះមិនច្បាស់ឡើយ ។
បញ្ញារបស់មនុស្សកើតឡើងអាស្រ័យដោយច្រើនហេតុ
ដូចជា បញ្ញាកើតឡើងពីការស្តាប់ ការរៀនសូត្រតាមក្បួនច្បាប់ អប់រំរបស់សាលា តាមគ្រូ
និងតាមមនុស្សនានាទទួលបានបញ្ញា ដែលយើងហៅថាបញ្ញាវន្ត
ដែលបានរៀនបញ្ចប់ក្រោយថ្នាក់ឧត្តម ។ បញ្ញាមួយកើតពីចិត្តត្រិះរិះឃើញអ្វីថ្មីមួយ
ដូចជាលោកប៊ិល ហ្គេត រកឃើញអង្គធាតុបន្ទះហ្សូវ៉ែរ ហុងដារ គាត់រកឃើញម៉ាស៊ីនហុងដារ
ម៉ាក ហ្សឺកបឺក រកឃើញបណ្ដាញសង្គមហ្វេសប៊ូកជាដើម ដែលកើតពីការត្រិះរិះរបស់ខ្លួន
ដែលមានទស្សនថា គំនិតចាស់ + គំនិតថ្មី > កើតគំនិតថ្មីមួយទៀត ។
គ្មានអ្វីដែលកើតឡើងថ្មី ដោយគ្មានធាតុផ្សំចាស់ឡើយ សូម្បីតែការរកឃើញអរយសច្ចរបស់ព្រះសមគោតម
ក៏ត្រូវកើតពីគំនិតចាស់ + គំនិតថ្មី វិធីថ្មី > គំនិតថ្មីមួយទៀត
។ សមិទ្ធផលថ្មីៗ សុទ្ធតែត្រូវពឹងផ្អែកលើប្រភពចាស់ៗមកដែរ
ឬចំណោទបញ្ហាចាស់ដែលពួកអ្នកមុនបន្សល់ភាពមិនច្បាស់លាស់ ឬក៏ធ្វើមិនសម្រេច
ធ្វើមិនបានល្អតែប៉ុណ្ណោះ ។ ទាំងអស់នេះ កើតឡើងពីចិត្តត្រិះរិះ ហៅថា
ចិន្តាមយបញ្ញា ។ តែបញ្ញានេះ លោកចាត់ទុកថា
បញ្ញាថ្នាក់បញ្ញាលោកិយ ដែលមានទាំងគុណសម្បត្តិ និងគុណវិបត្តិ
ដូចជាបញ្ញាត្រិះរិះរបស់ អាយ ស្តាយ ដែលរកឃើញរូបមន្ត
ធាតុផ្សំរបស់គ្រាប់បែកប្រល័យលោកអ៊ីចឹង ។ ដូចជាបច្ចេកវិជ្ជារបស់វិទ្យាសាសស្រ្តនាពេលសព្វថ្ងៃនេះ
មានទាំងគុណសម្បត្តិ និងគុណវិបត្តិ ដែលជួយបង្កើនចំណង់មនុស្សឲ្យកាន់តែខ្លាំងឡើងៗ
រហូតដល់មនុស្សមួយភាគ ត្រូវកើតជំងឺផ្លូវចិត្ត ។
ចំណែកបញ្ញាដែលកើតឡើងពីភាពស្ងប់
ពីភាពស្មិងស្មាធ៍ ដែលមានការចម្រើនអប់រំផ្លូវចិត្តទៅតាមអធ្យាស្រ័យរបស់ខ្លួន
ដែលមានវិធីសាស្ត្រតាមសមថ និងវិបស្សនាកម្មដ្ឋាន ។ កម្មវិធីនេះ ជួយអប់រំចិត្ត ឲ្យមូល
ឲ្យស្លុង ឲ្យស្ងប់ ឲ្យនឹងន កាលណាចិត្តស្ងប់ ចិត្តនឹងនហើយ
ខ្លួនចម្រើនបន្តទៅរកខ្លឹមនៃបញ្ញា ។ តើខ្លឹមបញ្ញជាអ្វី? ខ្លឹមបញ្ញាថ្នាក់នេះ
គឺហៅថាបញ្ញាលោកុត្តរ ជាបញ្ញាបង្កើនគុណភាពផ្លូវចិត្ត ឲ្យមានសុខភាពល្អ
ឲ្យចិត្តមានសុខភាពមាំមួន ស្វាហាប់ ស្ទុះឡើងកាន់អង្គឈាន មានបឋមឈានជាដើម ។
ខ្លឹមនៃបញ្ញាបានដល់ត្រៃលក្ខណធម៌ មានការទទួលស្គាល់ការពិតថា
អ្វីក្នុងលោកមិនតាំងនៅបានឋិតថេរ ជាអមតៈឡើយ កាលណាមានការជួប ការឃើញ ក៏វាការបែក
ការព្រាត់ប្រាស ដូចពំនោលមួយលើកឡើងថា “មានការជួប ទើបមានការបែក បើមិនមានជួប
តើការបែកនឹងមានមកទីណាហ្ន៎” ។
ដូចនេះ ត្រូវទទួលស្គាល់ថា រាល់អ្វីៗមិនអាចតាំងនៅបានយូរអង្វែងបានទេ
ថ្ងៃណាមួយវានឹងបែកធ្លាយ
បាត់បង់ទៅវិញមិនខាន ។ មួយទៀត មានរូប
មានទុក្ខ ដែលមនុស្សសត្វទ្រាំអត់បានដោយលំបាកណាស់ ។ ទុក្ខលំបាក
តាំងពីចាប់បដិសន្ធិរហូតដល់ចាស់ស្លាប់ទៅវិញ ។ មនុស្សម្នាក់ៗកើតមកនេះ
សុទ្ធតែរែកពុនសេចក្ដីទុក្ខគ្រប់រូបភាព ដូចជាទុក្ខមានកំណើតមិនបានល្អ
កើតមកចំត្រកូលក្រ ចំត្រកូនបែបបាក់ ចំត្រកូលអ្នកប្រើហិង្សា កំណើតចំត្រកូលញៀនថ្នាំ
កើតចំត្រកូលអ្នកមានដែរ តែខ្សត់បងប្អូន។ល។
មនុស្សម្នាក់ព្រួយបារម្ភពីរូបកាយដែលកំពុងធ្វើដំណើរចាស់ទៅរាល់ថ្ងៃ
ជំងឺដង្កាត់កើតឡើងច្រើនបែបច្រើនយ៉ាង មនុស្សម្នាក់ៗ មានជំងឺមិនតិចមុខទេ
នេះហើយជាបញ្ហាទុក្ខលំបាកដែលមនុស្សសត្វទ្រាំអត់បានដោយក្រ ។ ចំណែកមួយទៀត មនុស្សម្នា
ខិតខំប្រឹងរក ប្រឹងទុកដាក់រក្សា
ហួងហែងគ្រប់ពេលវេលាក្នុងការបម្រើរូបកាយនេះមួយឲ្យបានធំធាត់ ឲ្យប៉ោងឡើងដោយទ្រព្យសម្បត្តិរបស់ខ្លួន
ដែលខ្លួនកត់សម្គាល់ប្រកាន់មាំថាជាកម្មសិទ្ធពិតៗ តែទីបំផុតទៅ នៅពេលដែលខ្លួនស្លាប់ទៅ
របស់ទាំងនោះមិនបានរលាយទៅជាប់ខ្លួនឡើយ វាបន្សល់ទុកនៅលើលោកនេះទាំងអស់
សូម្បីតែកាក់មួយសេន ដែលញាតិ អាចារ្យប៉ង់ក្នុងមាត់ ក៏ខ្លួនមិនអាចយកទៅតាមបានផង
មិនចាំបាច់និយាយទៅដល់ប្រពន្ធកូន ញាតិផៅសន្តាន ទ្រព្យសម្បត្តិមាសប្រាក់នោះទេ ។
បញ្ញាកើតឡើង ដោយបានឃើញពីត្រៃលក្ខណ៍ដូច្នេះ តាំងចិត្តល្អវៀរ
កុំតោងប្រកាន់មាំក្នុងវត្ថុទាំងអស់នោះខ្លាំងពេក ។ របស់ទាំងអស់នោះ
បើយើងចេះចាត់ចែងធ្វើឲ្យមានជាប្រយោជន៍ដល់ខ្លួនសម្រាប់ដោះស្រាយបញ្ហាចំពោះមុខ គឺចិញ្ចឹមជីវិតនេះបានល្អក្នុងលក្ខណសុចរិត
និងសាងទុកជាស្បៀងសម្រាប់បន្តទៅជាតិខាងមុខទៀត ។ បញ្ញានេះ
កើតឡើងឃើញត្រៃលក្ខណ៍ច្បាស់ហើយ ក៏យកបញ្ញានេះ
ទៅកាប់ឆ្ការទ្រុសត្រាយនូវព្រៃស្នាប់ព្រៃតាញ់ ពោលគឺអកុសលមូល មានសេចក្ដីលោភលន់ សេចក្ដីខឹងក្រោធ
និងភាពល្ងង់ខ្លៅ ដែលមិនស្គាល់ហេតុបច្ច័យជាហេតុជិត ។
សរុបរួម
ស្រមោលដួងចន្ទពិតជានាំភាពសប្បាយរីករាយដល់មនុស្ស សត្វ រុក្ខជាតិ
និងជាទីពេញនិយមរបស់អ្នកកវីនានា ។ ដួងចន្ទនេះ
ទោះបីជាល្អប៉ុនណាក៏មិនត្រូវចិត្តមនុស្សលោកទាំងអស់ដែរ
ព្រោះមនុស្សខ្លះស្អប់ពន្លឺព្រះចន្ទ ។ ស្រមោលដួងចន្ទ អាចរកមើលឃើញក្នុងទឹក ហើយទឹកនោះទៀតសោត
ត្រូវនឹង គ្មានរលក ទើបមើលឃើញស្រមោលដួងចន្ទបាន ។ ចំណែកបញ្ញាកើតឡើង
អាចកើតតាមរយៈការសិក្សារៀនសូត្រតាមក្បួនច្បាប់តម្រានានា និងការស្តាប់ពីគ្រូ
ពីចាស់ទុំ និងមនុស្សក្នុងសង្គម ។ បញ្ញាកើតឡើងតាមរយៈរំពឹងគិត ស្រាវជ្រាវ
រករបកគំហើញតាមដំណើរអនុមានរួម អនុមានញែក និងវិធីសំយោគ បដិសំយោគរបស់ខ្លួន ។ រីឯ
បញ្ញាមួយទៀតកើតឡើង ពីការអប់រំចិត្ត ធ្វើចិត្តឲ្យមូល ធ្វើចិត្តឲ្យស្ងប់
ធ្វើចិត្តឲ្យស្លុងចុះកាន់អារម្មណ៍ព្រះកម្មដ្ឋាន មានសមថ និងវិបស្សនា
ឲ្យឃើញច្បាស់នូវកងសង្ខារ ដែលស្ថិតនៅក្រោមអំណាចត្រៃលក្ខណ៍ធម៌ប៉ុណ្ណោះ ។
បញ្ញាដែលកើតឡើងពីចិត្តស្ងប់នេះ យកទៅកាប់ឆ្ការទ្រុសត្រាយព្រៃស្នាប់ព្រៃតាញ់
គឺកងកិលេសតណ្ហាឲ្យអស់ពីខន្ធសន្តានរបស់ខ្លួន ។ បញ្ញាថ្នាក់លោកុត្តរៈនេះ
ទើបអាចនាំខ្លួនឲ្យឆ្លងផុតពីអន្លង់ទាំងបួនបាន មានអន្លង់អវិជ្ជា អន្លង់ទិដ្ឋិ
អន្លង់កាម និងអន្លង់ភព ឆ្លងដល់ត្រើយនាយ ពោលគឺព្រះនិព្វាន ៕
-----------------------------------------------
-----------------------------------------------
Cr. គោលគំនិតល្អដើម្បីជីវិត
រូប. ហ្វេសប៊ុក
No comments:
Post a Comment