ពុំមែនទុក្ខជាហេតុឲ្យគិតច្រើនទេ តែការគិតច្រើនជាហេតុឲ្យកើតទុក្ខ |
ធាតុគិត
អង្គហេតុដែលជាប្រព័ន្ធស្មុគស្មាញមួយ ដែលមនុស្សកើតឡើង ធំធាត់ដឹងក្ដី
ភាសាគិតនេះកើតឡើង ដោយមានហេតុផលជាច្រើនដែលខ្លួនកំពុងប្រឈមជាមួយបញ្ហាជីវិត ។
ពាក្យថាបញ្ហាជីវិតមានច្រើនបែបច្រើនស្ថានណាស់ ដែលមនុស្សត្រូវចូលខ្លួនមកដោះស្រាយ
ដើម្បីរកច្រកចេញ ។ ដើម្បីរកផ្លូវចេញបានមនុស្សត្រូវការគិតត្រិះរិះពិចារណារកគ្រប់ទម្រង់នៃការគិត
។ ការគិតខ្លះ ក៏បានផលវិជ្ជមាន ហើយការគិតខ្លះក៏បានផលអវិជ្ជមាន ។
តើការគិតបានផលវិជ្ជមាន និងអវិជ្ជមានដូចម្ដេច?
ការគិតដែលបានផលវិជ្ជមាននោះ
ត្រូវមានវិធីគិតរបស់គេ គិតក្នុងផ្លូវត្រូវ គិតតាមទម្រង់សមាទិដ្ឋិ ការយល់ត្រូវ
សម្មាសង្កប្ប ការត្រិះរិះត្រូវ សមាសតិ ការរលឹកត្រូវ និងសមាសមាធិ
ការតម្កល់ការគិតត្រូវ យកមកប្រើក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួន ។
តើការគិតតាមបែបត្រូវនោះដូចម្ដេច?
ការយល់ឃើញត្រូវ គឺការមើលឃើញពិតពីជីវិតរបស់ខ្លួន និងអ្នកដទៃថា
ជីវិតមួយនេះកើតឡើងប្រកបដោយខន្ធ ៥ (នាមធម៌ និងរូបធម៌) ដែលរកភាពពិតប្រាកដ រកភាពទុកចិត្តមិនបានឡើយ ។
កាលមានជីវិតប្រាកដណាស់នឹងមានទុក្ខគ្រប់ពេលវេលា តាមផ្លូវកាយ
និងតាមផ្លូវចិត្តគេចមិនផុត ។ កាលណារបស់មិនទៀង វាប្រាកដជាមានទុក្ខ កាលណាវាមានទុក្ខ
របស់នោះមិនអាចស្ថិតនៅក្រោមអំណាច កម្មសិទ្ធិរបស់ខ្លួនបានទេ វាគឺធម្មធាតុមួយដែលវាត្រូវកើតឡើង
តាំងនៅ និងរលត់ទៅវិញ ។ ការយល់ត្រូវ គឺខ្លួនត្រូវយល់ដល់សច្ចភាពជីវិតនេះថា
អត្តានេះត្រូវមានទុក្ខ ធ្ងន់ឬស្រាល វាអាស្រ័យលើការយល់ និងកម្មរបស់ខ្លួន ។
ការយល់ទៅដល់អង្គហេតុដែលឲ្យទុក្ខកើត ការប្រាថ្នាចង់បានដែលមិនចេះចប់មិនចេះហើយ
សម្រាប់បម្រើតម្រូវការជីវិតរបស់ខ្លួន ។ ការយល់ត្រូវមួយផ្នែកទៀត
ដើម្បីជាការគេចឲ្យផុតពីទុក្ខនេះ គឺបញ្ឈប់ការគិតចង់បានដោយគ្មានដែនកំណត់ ហើយដើម្បីបញ្ឈប់ការចង់
ត្រូវធ្វើដំណើរទៅតាមផ្លូវធម៌ ដែលមានអង្គ ៨ ។ បើខុសពីផ្លូវនេះ ទុក្ខមិនអាចកំចាត់បានទេ
ហៅថាអវិជ្ជមាន ។
ការត្រិះរិះត្រូវ គឺការប្រាថ្នាលះបង់នូវបាបធម៌ផ្សេងៗ
ក្នុងនោះមានតាំងពីការលះបង់កាមឆន្ទ ការពេញចិត្តញៀនញ៉ាមក្នុងរូប សំឡេង ក្លិន រស
ការចង់ស្ទាបបបោសអង្អែលនូវរូបជាដើម ។ ការត្រិះរិះត្រូវលះបង់នូវការគំកួន ឈ្នានីស
ព្យាបាទ ដោយប្រើកាយ វាចា ឲ្យមានហិង្សាតាមរយៈរូបភាពផ្សេងៗ មានការប្រើអំពើឃោរឃៅ
អសុរោះ មួលបង្កាច់បង្ខូច ទម្លាក់កំហុស ចោតប្រកាន់ដោគ្មានមូលច្បាស់លាស់
តាមចងអាឃាតដោយប្រការផ្សេងៗ ។ ការត្រិះរិះត្រូវមួយទៀត
គឺមិនគិតរំពៃរ៍លៃលកគយគន់គ្នាន់គ្នេរ ចង់បាន ចង់យក ចង់កិបកេងប្រវញ្ចរបស់គេ
ដោយថីនចិត្តឡើយ ។ ប្រការទាំងអស់នេះហើយ បើយើងធ្វើបាន មានន័យថា គិតត្រូវ
គិតដែលមិនប្រកបដោយទុក្ខភ័យ មិនមានអាជ្ញាណាមកគៀបសង្កត់បានឡើយ ។
ជីវិតមនុស្សម្នាក់បានសុខ បានទុក្ខ បានចម្រើន និងវិនាស អាស្រ័យលើការគិតត្រិះរិះនេះ
។ បើគិតខុស ជីវិតនឹងអវិជ្ជមានហើយ ។
ការគិតរលឹកត្រូវ មានន័យថា
ខ្លួនត្រូវប្រុងប្រយ័ត្ន និងត្រូវគិតជានិច្ច ។ យើងត្រូវមានសតិស្មារតីក្នុងសមាធិគ្រប់ពេលវេលា
ក្នុងការតាមឃ្លាំមើលចិត្តនេះគ្រប់ខណៈ ក្រែងខ្លាចចិត្តរបស់យើងទៅគិត
ទៅសន្សំនូវកាកសំណល់របស់កិលេសផ្សេងៗ ។ បុគ្គលដែលអាចគ្រប់គ្រងខ្លួនបាន
សុទ្ធសឹងជាបុគ្គលដែលមានការប្រុងប្រយ័ត្ន ដោយការយកសតិ
ការរលឹកនេះយកធ្វើជាឆ្មាំតាមឃ្លាំងមើលអំពើ សកម្មភាពរបស់ខ្លួនទាំងផ្លូវកាយ វាចា
និងចិត្តនេះគ្រប់កាលៈទេសៈ ។ បើមិនដូចនោះទេ អាចឲ្យខ្លួនយើងជាប់ផុងក្នុងសេចក្ដីទុក្ខ
កើតវិបត្តិគ្រប់យ៉ាង មិនថាខ្លួន សមាជិក ទ្រព្យសម្បត្តិ អ្នកដទៃ និងប្រទេសជាតិ
ដោយការធ្វេសប្រហែសរបស់ខ្លួនត្រឹមតែមួយខណៈពេល ។ ដូចនេះ ត្រូវមានការគិតរលឹកនេះឲ្យបានភ្ជាប់ភ្ជួនជានិច្ចក្នុងការបំពេញការងារ
រាប់តាំងពីដេក ដើរ ឈរ អង្គុយឡើងទៅ ។ បើខុសពីនេះ ផលអវិជ្ជមាននឹងកើតមានឡើង ។
ការតម្កល់ការគិតត្រូវ មានន័យថា
ការផ្គងចិត្ត ឬការផ្ចង់ការគិតនេះឲ្យឈរលើមូលដ្ឋានតែមួយ ដូចថា
តើពេលនេះខ្លួនកំពុងធ្វើអ្វី កំពុងរៀន កំពុងធ្វើការ កំពុងធ្វើដំណើរ កំពុងឈរ
កំពុងអង្គុយ កំពុងដេក កំពុងសម្រាក ឬកំពុងធ្វើអ្វីផ្សេងៗទៀត ។ល។ បើខ្លួនធ្វើបាន មានន័យថា
កំពុងផ្ចង់ការគិតនោះឲ្យមូល ឲ្យនឹងក្នុអារម្មណ៍តែមួយ ។ អារម្មណ៍ មានន័យថាម៉េច? អារម្មណ៍គឺជាទីតោងរបស់ចិត្ត
របស់ការគិត ។ តើយើងកំពុងគិតអ្វី? គិតពីខ្លួន គិតពីការសិក្សា
គិតពីការងារ គិតពីផែនការអនាគត ជាដើម។ ន័យថាខ្លួន ការសិក្សា ការងារ ផែនការអនាគត
ទាំងអស់នោះហើយគឺជាអារម្មណ៍ ។
ការតម្កល់ការគិតត្រូវនេះមានមុខងារពីរយ៉ាង
គឺទី១ បុគ្គលត្រូវធ្វើអារម្មណ៍ឲ្យស្ងប់ ឲ្យមូល សំដៅដល់ការអប់រំចិត្តក្នុងសមថភាវនា
។ ទី២ ការពង្រឹងទស្សនញាណ ឲ្យមើលឃើញការពិតពីជីវិត តាមរយៈវិបស្សនាភាវនា ។
ចំណុចទី១ ដែលថា
បុគ្គលត្រូវធ្វើអារម្មណ៍ឲ្យមូល ឲ្យស្ងប់ ក្នុងន័យ
ចង់សង្កត់ធ្ងន់ក្នុងជីវិតសាមញ្ញជន ដែលមិនទាន់បានលះបង់ខ្ពស់ ត្រូវតម្កល់ការគិតនេះ
ឲ្យត្រូវតាមបែបផែន បើមិនដូច្នោះទេ ដូចពាក្យពំនោលដែលលើកឡើងថា “ពុំមែនសេចក្ដីទុក្ខជាហេតុឲ្យយើងគិតច្រើនទេ
ព្រោះតែយើងគិតច្រើនជាហេតុឲ្យកើតទុក្ខ” ។ កាលណាយើងគិតខុសពីបែបផែន
សេចក្ដីទុក្ខ ដែលជាធម្មធាតុ កើតលើជីវិតគ្រប់ប្រភេទ មិនមានបុគ្គលណាអាចគេចបាន
តែយើងនេះបែរជាទៅគិតខុសពីនោះ ជួលកាលរឿងដែលមិនសមនឹងគិត ក៏គិតប្រឌិតឡើង រឿងដែលមិនស្មុគ
ក៏លើកមកគិត បញ្ហាដែលកន្លងផុត និងមិនទាន់មកដល់ក៏ខ្លួនលើកមកគិត
ទាំងអស់នេះហើយដែលនាំឲ្យមានសេចក្ដីទុក្ខ មិនមែនជាហេតុឲ្យកើតទុក្ខ
តែទុក្ខកើតឡើងព្រោះតែការគិតច្រើនរបស់ខ្លួន ។ សួរខ្លួនឯងសិនថា តើខ្លួនកំពុងនៅទីណា
អតីត អនាគត ឬក៏បច្ចុប្បន្ន ប្រឈមបញ្ហាក្នុងពេលណា អតីត អនាគត ឬក៏បច្ចុប្បន្ន ?
បើខ្លួនកំពុងស្ថិតក្នុងបច្ចុប្បន្នភាព
ខ្លួនត្រូវគិតរឿងបច្ចុប្បន្នភាព មិនត្រូវទៅគិតរឿងអតីតកាលដែលកន្លងផុត
មិនត្រូវគិតរឿងអនាគត ដែលមិនទាន់មកដល់ សំខាន់ខ្លួនកំពុងស្ថិតក្នុងពេលនេះ
ត្រូវមកគិតក្នុងពេលនេះ ។
បើការគិតរបស់យើងមិនតាមបែបផែន តាមមាគ៌ាដ៏ត្រឹមត្រូវ
វាក្លាយជាផលវិបាក សម្រាប់យើងដែលហៅថាចូលក្នុងវិបត្តិផ្លូវចិត្ត ជំងឺផ្លូវចិត្ត
ជំងឺបាក់ទឹកចិត្ត និងកើតជំងឺភ័យខ្លាចជាមិនខានឡើយ ដូចនេះ
ការគិតឲ្យស្របទៅតាមអ្វីដែលស្មេរបានរៀបរាប់ខាងលើទាំងបួនចំណុច គឺជាការគិតតាមបែបផែន
មានស្ដងដារ អាចយកខ្លួនរួចពីក្ដីទុក្ខវិបត្តិនេះបាន ។
ការគិតឲ្យចំគោលដៅដែលខ្លួនកំពុងធ្វើ ក្នុងន័យថា
តម្កល់ការគិតឲ្យត្រូវនឹងតថភាពរបស់ខ្លួន ទើបមិនបង្កភាពស្មុគស្មាញដល់ខួរក្បាល ដូចជា
ពេលរៀន គឺរៀន ពេលលេងគឺលេង ពេលធ្វើការគឺធ្វើការ ពេលសម្រាកគឺសម្រាក
មិនមែនយកពេលកំពុងរៀន ទៅគិតរឿងការងារ មិនមែនយកពេលកំពុងធ្វើការ ទៅគិតពេលលំហែកាយ
តាមមាត់សមុទ្រ តាមរមណីយដ្ឋាននានាជាមួយមិត្តភក្ដិ ជាមួយគ្រួសារ
ឬពេលកំពុងសម្រាកទៅគិតរឿងនេះ រឿងនោះមិនចេះចប់មិនចេះហើយនោះទេ ។
បើខ្លួនធ្វើសកម្មភាពបែបនេះ មិនខុសពីប្រយោគខាងលើឡើយ ។
ចំណុចទី២ ការពង្រឹងទស្សនញាណ
ឲ្យមើលឃើញពីការពិតនៃជីវិត ។ ក្នុងន័យនេះ ជីវិតពិតជាមានតម្លៃណាស់
ទម្រាំមានជីវិតនេះឡើងត្រូវតស៊ូគ្រប់បែបយ៉ាងក្នុងការថែរក្សា
ចិញ្ចឹមបីបាច់អាយុជីវិតនេះឲ្យរស់ ។ ដូចពុទ្ធនិយមលើកឡើងថា “ការកើតជាមនុស្សនេះជាការក្រ
ការបានតាំងនៅអាយុជីវិតនេះក៏ជាការក្រ” ។ ពាក្យថា ក្រ
មិនមែនជាការងាយឡើយសម្រាប់ជីវិតនេះ ទម្រាំបានកើតក្នុងផ្ទៃនៃមាតា
ខំប្រឹងប្រកួតប្រជែងយ៉ាងខ្លាំងជាមួយមេជីវិតរាប់លានក្បាល
អ្នកដែលអាចទៅកាន់ដៃស្បូនរបស់ម្ដាយបាន មានយ៉ាងច្រើន ៣ ឬ៥ ដោយកម្រ ។
សួរថាតើប្រការនេះអស្ចារ្យយ៉ាងណាទៅ ដែលជីវិតត្រូវមកសាកល្បងកាន់គត៌មាតានេះ
មិនមែនជារឿងធម្មតា ត្រូវឆ្លងកាត់ការប្រឡងវិញ្ញាសាជីវិត ពិតជាលំបាកខ្លាំងណាស់
ទ័លតែមានសមត្ថភាពគ្រប់គ្រាន់ ទើបប្រឡងជាប់បាន
ក្នុងចំណោមបេក្ខជនរាប់លាននាក់ត្រូវបានស្លាប់ តែរស់យើងតែម្នាក់ឯងគត់ ។
ពេលបានធ្វើតេស្តជាប់វិញ្ញាសានេះហើយ
មានម្ដាយខ្លះ ដែលខ្លួនគាត់មិនទាន់មានសមត្ថភាពគ្រប់គ្រាន់ មិនអាចទទួលខុសត្រូវបាន
មិនសមធ្វើជាអ្នកចិញ្ចឹមកូនក្នុងផ្ទៃបាន ដោយកំហុសរបស់ខ្លួន
តើគាត់អាចទុកជីវិតហ្នឹងបានទេ ត្រង់នេះស្មេរមិនបកស្រាយទេ ទុកបញ្ហាកម្មនេះ
ឲ្យអ្នកអានពិចារណាគិតមើលដោយខ្លួនឯងចុះ ។ នៅមានបញ្ហាជាច្រើនទៀត
ដែលមិនអាចតាំងជីវិតនៅបាន សូម្បីតែឋិតនៅក្នុងផ្ទៃម្ដាយហើយ
មិនចាំបាច់និយាយដល់ការកើតឡើងមកផង មានបញ្ហាកើតមិនចេះចប់មិនចេះហើយ ដូច្នេះ
ត្រូវគិតថា ទម្រាំមានជីវិតមកដល់ថ្ងៃនេះ ជីវិតត្រូវឆ្លងកាត់ទុក្ខច្រើនដំណាក់កាលណាស់
។ បញ្ហាទាំងអស់នេះស្ថិតនៅក្រោមគោលការណ៍បី គឺ ជីវិតនេះ មិនទៀងទាត់ទេ
ទៀងតែម្យ៉ាងគឺស្លាប់ ជីវិតនេះពិតជាកើតទុក្ខ មិនអាចបុគ្គលណាឆ្លង់ផុតបាន លុះត្រាតែខំអប់រំចិត្ត
ចម្រើនចិត្តឲ្យតាំងក្នុងព្រះកម្មដ្ឋាន
ដែលជាដំណាក់កាលចុងក្រោយដើម្បីបញ្ចប់សេចក្ដីទុក្ខក្នុងសង្សារវដ្ដនេះ ។ ជីវិតនេះ
មិនមែនជាកម្មសិទ្ធិ ស្ថិតនៅក្រោមការកំណត់សម្គាល់ប្រកាន់យកថាខ្លួន យើង គេបានឡើយ ។
បើយើងខំពង្រឹងទស្សនញាណ ឲ្យដឹងច្បាស់ពីការពិតនៃជីវិតនេះនោះ
ចិត្តរបស់យើងនឹងបន្ថយការប្រកាន់មាំ ទុក្ខក៏ធូរស្រាលឡើង គិតតែម្យ៉ាង
គឺចាំទទួលយកការពិតពីជីវិតនេះតែប៉ុណ្ណោះ ក្នុងការបំពេញប្រយោជន៍ ។
សូមឲ្យការប្រើទស្សនញាណនេះ ដូចជា ការមើលឃើញផ្ទះដែលភ្លើងបំម្រុងនឹងឆេះ
ហើយម្ចាស់ផ្ទះខិតខំប្រញាប់ប្រញាល់ប្រវេប្រវាជញ្ជូនទ្រព្យសម្បត្តិដ៏មានតម្លៃចេញពីផ្ទះនោះ
ឲ្យទាន់ពេលវេលាយ៉ាងណា
បុគ្គលដែលមើលឃើញពីជីវិតដែលកំពុងស្ថិតក្នុងមាត់ជ្រោះនៃមច្ចុគ្រប់ពេលវេលា
ខ្លួនក៏ខំប្រឹងបំពេញប្រយោជន៍ជាច្រើន ដូចជាការឲ្យទាន រក្សាសីល
និងចម្រើនភាវនានេះបានយ៉ាងភ្ជាប់ភ្ជួន ។
សរុបរួម ការគិតឲ្យត្រូវ គឺត្រូវតាមទំនងថា
ជីវិតនេះពិតជាទុក្ខ ជីវិតនេះពិតជាមិនអាចតាំងនៅបានតាមការចង់បានរបស់ខ្លួន
ជីវិតនេះមិនអាចស្ថិតនៅក្រោមអំណាចកម្មសិទ្ធិរបស់បុគ្គលណាមួយ ។ ជីវិតនេះគឺជាធម្មធាតុ
ដែលកើតឡើងនឹងបែបធ្លាយទៅតាមកាលៈទេសៈណាមួយ ។
ការគិតនេះឲ្យត្រូវតាមថតភាព ដែលខ្លួនត្រូវគិត កាលណាគិតខុស
នាំឲ្យមានវិបត្តិផ្សេងៗកើតមានឡើង ដូចពាក្យមួយថា “ដុំថ្មមិនធ្ងន់ទេ
បើយើងមិនទៅលើកលីវា” ឬដូចពាក្យខ្មែយើងថា
“កុំឃើញឈើពុក
ដាក់គូថអង្គុយលើ” ។
ទុក្ខជាធម្មធាតុមានស្រាប់ហើយ សម្រាប់ជីវិត តែមនុស្សត្រូវការកាត់បន្ថយ
កុំបង្កើនទុក្ខ ។ ទុក្ខគឺជាថ្នាំវិសេស
សម្រាប់ជីវិត ដើម្បីញ៉ាំងជីវិតនេះឲ្យរឹងមាំ ស្វាហាប់តស៊ូជំនះ
រដោះខ្លួនឲ្យរួចខាងតែបាន ៕
---------------------------------------------------
Cr. គោលគំនិតល្អដើម្បីជីវិត
រូប. ហ្វេសប៊ុក
No comments:
Post a Comment