Wednesday, October 17, 2018

រឿងនិទានអប់រំខ្លី ៖ "ឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ "



កាលពីព្រេងនាយ មានសត្វក្អែកមួយក្បាលរស់នៅក្នុងព្រៃជ្រៅ យ៉ាងសប្បាយរីករាយ ថ្ងៃមួយក្អែកក៏ប្រទះឃើញសត្វហង្ស ដ៏ស្រស់ស្អាត ឆើតឆាយមួយក្បាលរស់ក្នុងព្រៃយ៉ាងសប្បាយរីករាយ ។ ក្អែកក៏នឹកអន់ចិត្ដនឹងពណ៌ខ្មៅ ដែលមានលើខ្លួនឯងពន់ពេកណាស់ ក៏ទៅជជែកជាមួយហង្សថា " បងហង្ស បងមើលទៅពិតជាស្អាតណាស់ ស្អាតដូចបងទើបជាសត្វដ៏មានតម្លៃ នឹងមានសេរីភាព ពិតជាគួរឲ្យច្រណែនណាស់ " ហង្សក៏តបវិញថា " ទេបងក្អែក រួបរាងខ្ញុំប៉ុណ្ណឹងមិនទាន់ហៅថាស្អាតនោះទេ គឺនៅចាញ់សត្វសេកនៅឡើយ ព្រោះសត្វសេកមានពណ៌ជាច្រើនចម្រុះលើខ្លួន មើលទៅស្អាតជាងខ្ញុំឆ្ងាយណាស់ " ។

ក្អែកឮដូឆ្នេះ ក៏ទៅរកសត្វសេក ហើយក៏បានឃើញរួបឆោមដ៏ល្អឯករបស់សត្វសេកក៏ទៅជួបសត្វសេកហើយពោលសរសើរថា " បងសេក បងពិតជាស្អាតណាស់ ស្អាតដូចបងទើបគួរឲ្យស្រលាញ់គួរឲ្យច្រណែនណាស់!! ខុសពីខ្ញុំដែលមានតែពណ៌ខ្មៅអាក្រក់ខ្លាំងណាស់ " សេកឮដូច្នេះសប្បាយចិត្ដពន់ពេក ក៏តបទៅក្អែកវិញថា " អរគុណបងដែលបានសរសើរ ខ្ញុំស្អាតមែន តែខ្ញុំនៅចាញ់សត្វក្ងោកទេ ព្រោះសត្វក្ងោកធំជាងខ្ញុំហើយមានពណ៌ឆើតច្រើនជាងខ្ញុំឆ្ងាយណាស់ "។

ក្អែកឮដូច្នេះក៏ទៅស្វែងរកសត្វក្ងោកដោយសារសត្វក្ងោកជាសត្វស្រស់ស្អាតលើសគេនិងជាសត្វកម្រផង មនុស្សក៏យកសត្វក្ងោកមកចិញ្ចឹមក្នុងសួនសត្វ ក្អែកបានជួបក្ងោកនៅក្នុងសួនសត្វ ។ លុះដល់ពេលមនុស្សចេញពីមើលសត្វអស់ ក្អែកក៏ទៅជួបនិងក្ងោក ហើយពោលសរសើរថា " បងក្ងោកបងឯងពិតជាមានសម្រស់ស្រស់ស្អាតលើសគេមែន ពណ៌លើខ្លួនបងស្អាតណាស់ គួរឲ្យច្រណែនមែននេះ!!! ខុសពីខ្ញុំដែលខ្មៅដូចធ្យូងមិនស្អាតបន្ដិចសោះ អន់ចិត្ដណាស់ " ក្ងោកក៏តបទៅក្អែកវិញថា " ត្រូវហើយ ខ្ញុំស្អាតណាស់ខ្ញុំក៏ដឹងដែរ ខ្ញុំជាបក្សីដែលល្អឯកលើសបក្សីនានា ទើបបានជាខ្ញុំត្រូវមកជាប់ទ្រុងហើយគ្មានសេរីភាពបែបនេះ ខ្ញុំមិនចង់ស្អាតទេ ខ្ញុំចង់បានសេរីភាពជាង ខ្ញុំច្រណែនឯងណាស់ " ក្អែកឮហើយក៏ឈប់និយាយរួចហើរទៅវិញបាត់ ៕

តម្លៃអប់រំ៖ មិនថាមនុស្សឬសត្វទេ គឺតែងតែមានចំណុចល្អរៀងៗខ្លួន គ្រាន់តែពេលខ្លះយើងមើលមិនឃើញទើបយើងចេះតែមើលឃើញចំណុចមិនល្អ។ ចូរពេញចិត្ដនឹងអ្វីដែលយើងមាន ហើយរីករាយនិងការពិតទាំងនោះ ព្រោះបើយើងប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ យើងនិងមើលតែចំណុចល្អរបស់គេ ហើយមើលមកខ្លួនឯងមិនស្មើគេ រួចស្អប់ខ្លួនឯង មើលងាយខ្លួនឯង គិតថាខ្លួនឯងចោលម្សៀត តែតាមពិតអ្នកអន់មែន តែមិនមែនអន់គ្រប់រឿងនោះទេ ។" ឡៅ ជឺ "បានពោលថា" នៅពេលដែលយើងឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ នោះមនុស្សគ្រប់គ្នារួមទាំងយើងផងនោះ នឹងមើលឃើញយើងជាយើងពិតប្រាកដ។ សេចក្ដីសុខនៃផ្លូវចិត្ដរបស់យើង វានឹងកើតមានឡើងប្រសិនបើយើងចេះពេញចិត្ដនូវអ្វីដែលយើងមាន ហើយឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ

Cr. ប្រាជ្ញាជីវិត

No comments:

Post a Comment