Friday, October 5, 2018

ល្បិចបុរសនិងមាយាស្រី



មនុស្សប្រុសជាច្រើនតែងសម្លឹងមើលទៅមនុស្សស្រីប្រៀបដូចជាសៀវភៅអានអ៊ីចឹង។ បើគម្របខាងក្រៅមិនស្អាតឆើតឆាយទាក់ទាញភ្នែកទេ គឺថាមនុស្សប្រុសក៏នឹងមិនចំណាយពេលវេលាឥតប្រយោជន៍ ដើម្បីស្វែងយល់ពីចិត្តខាងក្នុងរបស់នារីឲ្យកាន់តែស៊ីជម្រៅថែមទៀតនោះដែរ។

ក្នុងរឿងស្នេហារវាងបុរសនិងនារីតែងមានល្បិចដាក់គ្នាទៅវិញទៅមុខ។ នារីដឹងថាជាលក្ខណៈធម្មជាតិ បុរសភាគច្រើនចូលចិត្តស្រីស្អាត ទើបស្ទើរតែគ្រប់នារីទាំងអស់ខិតខំតុបតែងខ្លួនបន្លំភ្នែកធ្វើឲ្យបុរសឈ្លក់វង្វេងនឹងរូបសម្រស់ខាងក្រៅរបស់ខ្លួន។ ចំណែកបុរសវិញ ដឹងច្បាស់ថាស្ទើរតែនារីភាគច្រើនប្រាកដជាលង់វង្វេងនឹងវោហារសព្ទនៃពាក្យលួងលោម ប្រលោមស្នេហ៍ និងសម្តីផ្អែមល្ហែមរបស់ខ្លួន។ ដូច្នេះហើយ អណ្ដាតរបស់បុរសប្រៀបដូចជាមន្តខ្មៅដែលធ្វើឲ្យនារីភាគច្រើនលង់ជឿតាមអារម្មណ៍រំជើបរំជួលរបស់ខ្លួន។

ថ្ងៃមួយមាននារីម្នាក់និយាយមកកាន់ខ្ញុំថា បងប្រុសមានរូបរាងមុខមាត់មិនអាក្រក់ប៉ុន្មានទេ ហើយបើតុបតែងខ្លួនឲ្យសង្ហារថែមបន្តិចទៀត គឺរឹតតែប្រសើរ។ ខ្ញុំតបថា ខ្ញុំចង់រៀនសិន។ នាងសួរបន្តថា រវាងការសិក្សា និងការតុបតែងខ្លួនឲ្យស្រស់សង្ហារ តើវាមានការពាក់ព័ន្ធនឹងគ្នាដូចម្តេច? ខ្ញុំតបថា បុរសសង្ហារដែលមានវិជ្ជា គឺជាទីប្រាថ្នារបស់នារីគ្រប់រូប ហើយនារីស្អាត បើទោះបីជាមានវិជ្ជាក្តីឬពុំមានក្តី គឺផ្កាដែលកន្លង់គ្រប់ប្រភេទចោមរោមក្រេបលំអង

តើនារីណាខ្លះដែលមានបេះដូងដែកថែប ទប់ទល់ ឬអាចធ្វើមិនដឹងមិនឮនឹងកម្លាំងនៃសេចក្តីស្រឡាញ់របស់បុរសបាននោះ? ខ្មែរយើងនិយាយថា វក់វីនឹងប្រុស អស់ព្រហ្មចារីយ៍ ហើយវក់វីនឹងស្រីខ្លីវិជ្ជាមានតែការសិក្សាអប់រំនិងវិជ្ជាប្រកបដោយសីលធម៌ប៉ុណ្ណោះ ទើបធ្វើឲ្យមនុស្សអាចពាល់ត្រូវសេចក្តីស្រឡាញ់ពិតប្រាកដ។ ស្នេហាក្លែងក្លាយតែងនាំមកនូវការឈឺចាប់ តែស្នេហាពិតតែងនាំមកនូវសេចក្តីសុខសុភមង្គលឲ្យដល់ជីវិត៕

No comments:

Post a Comment