Tuesday, October 23, 2018

ត្រូវរស់ដើម្បីសាងតម្លៃជីវិត



មានគេសួរខ្ញុំថា " តើធ្វើការដើម្បីរស់ ឬរស់ដើម្បីធ្វើការ? " ខ្ញុំឆ្លើយថា: " បើខ្ញុំរស់ដើម្បីធ្វើការ ខ្ញុំនឹងធ្វើការដើម្បីរស់ តែបើខ្ញុំរស់ដើម្បីបុព្វហេតុជីវិត ខ្ញុំនឹងធ្វើការដើម្បីបុព្វហេតុជីវិត " ។ ជីវិត បើគ្រាន់តែដើម្បីរស់ វាពិតជាមិនស្មុគស្មាញច្រើនទេ ប៉ុន្ដែបើចង់រក្សាជីវិតឲ្យបានល្អដើម្បីបុព្វហេតុ នោះទើបជាការពិបាក ។ រស់ដើម្បីបុព្វហេតុ មិនពិបាកទេ តែបើរស់ដោយបញ្ញាទើបជារឿងពិបាក ។ រស់ដោយបញ្ញាមិនពិបាកទេ តែការបើកបេះដូងឲ្យធំ ទទួលយកគ្រប់រសជាតិនៃរបត់ជីវិត ហើយធ្វើការកែប្រែជោគវាសនា នោះទើបជារឿងពិបាក ព្រោះជីវិតគឺត្រូវការការរៀនសូត្រ និងការឆ្លងកាត់ដែលជាមេរៀនពុំមានទីបញ្ចប់ ។

ប្រធានាធិបតីអាមេរិក john f. Kenndy បាននិយាយថា " ចូរយើងកុំបន់ស្រន់សុំជីវិតដែលងាយស្រួល យើងគួរតែបន់ស្រន់សុំឲ្យខ្លួនឯងក្លាយជាមនុស្សខ្លាំង " ។ ជីវិតពុំមានរឿងងាយស្រួលច្រើនទេ ក៏ប៉ុន្ដែយើងតែងតែចង់បានភាពងាយស្រួលច្រើនជាងភាពលំបាក ។ ប៉ុន្ដែការណ៍ពិត ភាពខ្លាំងនៃសក្តានុពលខាងក្នុងទៅវិញទេ ដែលអាចធ្វើឲ្យយើងមានលទ្ធភាពគេចចេញពីភាពលំបាក ឬរបត់អួរអាប់នៃជីវិត។ អ្នកវេជ្ជាសាស្ត្រ អាលប៊ឺត អាញ់ស្តាញ់ ពោលថា " ចូរកុំធ្វើជាមនុស្សដែលត្រឹមតែជោគជ័យ ចូរព្យាយាមធ្វើជាមនុស្សដែលមានតម្លៃ " ចូរកុំធ្វើជាមនុស្សធ្វើការដើម្បីរស់ ចូរធ្វើជាមនុស្សធ្វើការដើម្បីសាងតម្លៃជីវិត។

Cr. ប្រាជ្ញាជីវិត

No comments:

Post a Comment