Wednesday, October 24, 2018

នៅពេលដែលយើងសាងអំពើល្អ



ព្រះពុទ្ធសម្ដែងថា: " គ្មានមនុស្សណាម្នាក់ ដែលអាចគេចផុតពីការនិន្ទាពីអ្នកដទៃ បាននោះទេ សូម្បីតែតថាគត " វាជារឿងដ៏គួរឲ្យរីករាយបំផុត នៅពេលដែលយើងបានក្លាយជាមនុស្សល្អម្នាក់តាមរយៈការចែករំលែក( ចំណេះដឹង , ការឲ្យទាន -ល-) ។ ប៉ុន្ដែវាអាចជារឿងរមាស់ត្រចៀកបន្ដិច នៅពេលដែលអំពើល្អរបស់យើងត្រូវបានមនុស្សអាក្រក់មួយចំនួន ចោទប្រកាន់ថាចង់បានមុខមាត់ ឬបង្អួតសេចក្ដីល្អដើម្បីចង់ឲ្យគេសរសើរ ។ ប៉ុន្ដែប្រសិនបើយើងពិតជាធ្វើល្អចេញពីចិត្ដមែន ទោះគេឃើញឬមិនឃើញ គេសរសើរឬនិន្ទា វាមិនសំខាន់ឡើយ សំខាន់យើងបានធ្វើល្អជាក់ស្ដែងពិតៗ ។

ទ្រឹស្ដីពុទ្ធនិយម បង្រៀនទៀតថា " សាងល្អបានល្អ សាងអាក្រក់បានអាក្រក់ " ដាំគ្រាប់ពូជណា នឹងទទួលផលនោះ ។ មនុស្សដែលតែងតែមិនសប្បាយចិត្តនឹងសេចក្ដីល្អរបស់យើង គឺគ្មានអ្វីក្រៅពីច្រណែនយើងឡើយ ។ បើគិតតែបន្ដិចយើងនឹងស្អប់គេ ប្រសិនបើគិតឲ្យជ្រៅបន្ដិច ទើបយើងដឹងថាពួកគេគួរឲ្យអាណិត ។ ។ អាណិតនោះ គឺត្រង់ពួកគេរកក្ដីសុខនៃសន្ដិភាពផ្លូវចិត្តខ្លួនឯងពុំឃើញ នាំឲ្យអាត្មាវង្វេងវង្វាន់បាត់បង់សេចក្ដីសុខផ្លូវចិត្ត

ត្រចៀកគេ ភ្នែកគេ ខួរក្បាលគេ អ្វីៗគ្រប់យ៉ាងរបស់គេ នៅលើខ្លួនគេ បើចង់ឲ្យគេគិតដូចយើង ឬធ្វើដូចយើងគឺមិនអាចឡើយ ។ បើឆ្លងកាត់ពាក្យសម្ដីល្វីងមិនបាន យើងក៏មិនអាចទទួលបានរសជាតិផ្អែមនៃជីវិតបានដែរ ។ គេគិតបែបណា ជាការគិតរបស់គេ យើងធ្វើអ្វីជាសិទ្ធិរបស់យើង ។ គ្រាន់តែយើងមិនគិតអាក្រក់ពីគេ មិនចងកម្មនឹងគេ ក៏អាចទុកថាជាមនុស្សល្អម្នាក់បានដែរ ជីវិតធ្វើដំណើរទៅមុខរហូត ពេលវេលាក៏កាន់តែខ្លី តើយើងសល់ពេលប៉ុន្មានដើម្បីខឹងស្អប់អ្នកដទៃទៅ?

Cr. ប្រាជ្ញាជីវិត

No comments:

Post a Comment