ផែនដីនេះធំពេកហើយមែនទេ? ធំរហូតដល់ខ្ញុំមិនអាចរកមនុស្សល្អម្នាក់បាន។
ប្រហែលផែនដីនេះធំពេក
ឬក៏វិលយឺតពេកទើបកន្លងផុតយូរហើយខ្ញុំនៅតែមិនអាចរកមនុស្សដែលសមបំណងម្នាក់បាន។
ត្រូវហើយក្នុងលោកនេះមានមនុស្សច្រើនណាស់
តែហេតុអី្វបានជាខ្ញុំចេះតែជួបមនុស្សដែលគ្រាន់តែចូលមកលេងសើចនឹងជីវិតខ្ញុំបែបនេះ។
លើសពីនេះ អ្វីដែលពិបាកជាងគេនោះគឺគេស្រឡាញ់ខ្ញុំ
តែខ្ញុំមិនបានស្រឡាញ់គេវិញ។
ខ្ញុំពិតជាមានអារម្មណ៍ថាហត់នឿយនឹងសាកល្បងម្ដងទៀតណាស់
ព្រោះវាហាក់ដូចជាយកដុំថ្មមួយដុំមកសង្កត់លើទ្រូងខ្ញុំជាច្រើនខែ
ជាច្រើនឆ្នាំអ៊ីចឹង។
មានមនុស្សជាច្រើនគេមិនជឿទេថាខ្ញុំនៅម្នាក់ឯង
គ្មានស្នេហានោះទេ ព្រោះគេគិតថារូបរាងប៉ុនខ្ញុំដែរ ប្រាកដជាមានអ្នកតាមស្រឡាញ់ច្រើនហើយ។
ត្រូវហើយខ្ញុំមានអ្នកតាមស្រឡាញ់ច្រើន
ប៉ុន្តែសូម្បីតែម្នាក់ក៏ខ្ញុំគ្មានក្បែរខ្លួនដែរ។
កុំសួរខ្ញុំថាហេតុអី?
ខ្ញុំប្រាកដជាឆ្លើយថាមកពីមនុស្សដែលស័ក្តិសមនឹងខ្ញុំមិនទាន់កើត។
មិនប្រាកដថាឱ្យតែមានអ្នកតាមស្រឡាញ់ច្រើន
សុទ្ធតែមានស្នេហានោះទេ ការពិតពួកគេឯកាជាងអ្នកផ្សេងទៅទៀត។
ខ្ញុំធ្លាប់សន្យានឹងបេះដូងខ្លួនឯងថាមិនសាកល្បងម្ដងទៀតឡើយបើម្នាក់នោះមិនមែនជាមនុស្សដែលបេះដូងខ្ញុំត្រូវការ។
មិនមែនមកពីខ្ញុំរើសពេកនោះទេ តែវាគួបផ្សំនឹងបទពិសោធន៍ឈឺចាប់កន្លងមក
ហើយប្រភេទមនុស្សដែលតាមស្រឡាញ់ខ្ញុំផងដែរ។ ពួកគេគ្មានឆន្ទៈនឹងស្រឡាញ់ខ្ញុំឡើយ
ពួកគេគ្រាន់តែឃើញអ្វីមួយពិសេសពីខ្ញុំ ឬគ្រាន់តែចង់សាកល្បងខ្ញុំតែប៉ុណ្ណោះ។
ម្យ៉ាងទៀតពួកគេចិត្តមិនដូចខ្ញុំ ចរិតផ្សេងគ្នា
ដូច្នេះហើយទើបមកដល់ថ្ងៃនេះខ្ញុំគ្មាននរណាម្នាក់។
តែអ្វីដែលលើកទឹកចិត្តខ្ញុំមកដល់ពេលនេះ
គឺខ្ញុំនៅតែជឿថាលើលោកនេះមានស្នេហាពិត
គ្រាន់តែផែនដីនេះធំពេកវិលមិនទាន់ដល់យើងតែប៉ុណ្ណឹង៕
អត្ថបទនេះបទស្រង់ចេញពីហ្វេសប៊ុក
សូមទោសដែលខ្ញុំមិនដឹងម្ចាស់អត្ថបទជានរណាទើបមិនបាន Mention ឈ្មោះនៅទីនេះ។
សូមអធ្យាស្រ័យពីម្ចាស់អត្ថបទផង។ សូមអរគុណ!!
No comments:
Post a Comment