Thursday, October 25, 2018

គេលែងចង់គិតហើយ? ...




គេលែងចង់គិតហើយរឿងដាំបន្លែក្នុងផ្ទះ តែគេចង់គិតរកតែលុយដើម្បីទិញបន្លែពីផ្សារ។

គេលែងចង់គិតហើយរឿងចិញ្ចឹមមាន់ទា ជ្រូកក្នុងផ្ទះ តែគេគិតសុខចិត្តហូបសាច់ផ្សំថ្នាំពីផ្សារ

គេលែងចង់គិតហើយរឿងជួយគ្នាក្នុងគ្រោះថ្នាក់ចរាចរណ៍ តែគេគិតខ្លាចមានរឿងដល់ខ្លួនគេ ហើយសុខចិត្តដើរចេញទុកឲ្យស្លាប់

គេលែងចង់គិតហើយរឿងធ្វើរបងបង្គោលញាតិ តែគេគិតចង់ត្រឹមធ្វើរបងបង្គោលឈើ ឬថ្ម

គេលែងចង់គិតហើយរឿងស្ទូងស្រូវល្មមហូប តែគេគិតថាព្រោះស្រូវឲ្យច្រើនដើម្បីលក់ដោះបំណុល ហើយរត់ទៅធ្វើការងារមិនទៀងទាត់ផ្សេងទៀត

គេលែងចង់គិតហើយរឿងសីលធម៌ គុណធម៌ តែគេគិតតែរឿងល្បិចកុហកច្រើនរៀងរហូតដើម្បីចំណេញតិចតួចរៀងរហូត។

គេលែងចង់គិតហើយរឿងកីតម្បាញ ក្រម៉ា សូត្រ ត្បាញកន្ទេល ធ្វើទ្រូ ធ្វើរទេះ មួក ចម្លាក់ ស្មួន... តែគេគិតថា របស់កូរ៉េល្អ របស់ថៃជាប់បានយូរ របស់ជប៉ុន ខ្លាំងហើយធន់

គេលែងចង់គិតហើយរឿងសាងទំនាក់ទំនងដោយការផឹកតែប៉ុន្តែគេគិតថាបើចង់រាប់អានគ្នាត្រូវដាក់មួយកេស(១លីត្រ)។

គេលែងចង់គិតហើយរឿងនិទានរឿងឲ្យកូនស្ដាប់? តែគេគិតទិញទូរទស្សន៍ដើម្បីឲ្យទូរទស្សន៍និទានរឿង ច្រៀងចម្រៀង និង បង្ហាញសកម្មភាពចម្លែកៗ ឬទិញទូរសព្ទដៃទំនើបឲ្យកូនចុចលេង។

គេលែងចង់គិតហើយរឿងទឹកដីដ៏ថ្លៃ តែគេចង់គិតរឿងទឹកដោះដ៏ថ្លៃ

គេលែងចង់គិតហើយរឿង យល់សប្ដិកែគ្រោះ តែគេគិតរឿងយល់សប្ដិកែលេខ ថាចាក់លេខប៉ុនា្មនឲ្យផ្ងារជើងមេ។

គេលែងចង់គិតហើយរឿងធ្វើអំពើល្អដល់មនុស្សគ្រប់គ្នារាល់ថ្ងៃ តែគេគិតថា យកចង្ហាន់ទៅវត្តធ្វើបុណ្យតែពេលធ្វើបុណ្យក៏បាន។

គេលែងចង់គិតហើយរឿងភាសាជាតិនិយម តែគេគិតថា កូនខ្ញុំត្រូវរៀនជាមួយគ្រូបរទេសតាំងពីអាយុ៣ឆ្នាំ។ ....

សម័យកាលប្រែប្រួលច្របូកច្របល់...មើលទៅ នៅសល់តែព្រះអាទិត្យទេដែលពុំទាន់រះពីទិសខាងលិច។

ឱ...! ជាតិនិយម សីលធម៌គុណធម៌និយម ភាតរភាពនិយម សាមគ្គីនិយម...អ្នកកំពុងតែចាកឆ្ងាយបន្តិចម្ដងៗពីព្រលឹងនៃមនុស្សហើយមែនទេ? គេលែងចង់គិតហើយមែនទេ?

25/09/2018
Cr. Vannak leam

No comments:

Post a Comment