“ពេលយើងមានរនាំងអវិជ្ជាឬភាពជាបុគ្គលនិយម
យើងនឹងត្រូវតែប្រែក្លាយទៅជាមនុស្សលោកមិនល្អ”។ បើគេអញ្ជើញសាសនិកក្នុងនិកាយសាសនាទាំងអស់ឱ្យមកជជែកគ្នាក្នុងបន្ទប់មួយពីគោលការណ៍ជំនឿសាសនារបស់ខ្លួន
គេនឹងឃើញមានសកម្មភាពនៃការឈ្លោះប្រកែកគ្នា
ឬឈានដល់អំពើហិង្សានៃសាសនិកទាំងនោះជាក់ជាពុំខាន។ ប៉ុន្តែ បើគេយកព្រះពុទ្ធ ព្រះយេស៊ូ
ព្រះអាឡាស់ ព្រះវិស្ណុ។ល។ មកជជែកគ្នានៅក្នុងបន្ទប់មួយពីគោលការណ៍ជំនឿ
គេនឹងមិនឃើញមានការឈ្លោះប្រកែកពាក្យសម្តីគ្នារបស់មេសាសនានីមួយៗឡើយ។
សច្ចភាពគឺជាអ្វី? គម្ពីរព្រាហ្មណ៍ថា
“សច្ចភាពគឺមានតែមួយទេ
តែមេដឹកនាំនិកាយសាសនានានាបានឱ្យឈ្មោះសច្ចភាពផ្សេងៗគ្នា”។ សច្ចភាពរបស់ព្រះពុទ្ធសាសនា
គឺព្រះនិព្វាន។ សច្ចភាពរបស់គ្រីស្ទសាសនា គឺសេចក្តីស្រឡាញ់
ឬបានទៅរស់នៅសួនអេដេន (The
Garden of Eden) ហើយអ្នកវិទ្យាសាស្ត្រហៅសច្ចភាពថាសម្បជញ្ញៈ
ឬសេចក្ដីដឹងខ្លួន ឬការមិនភ្លេចខ្លួន ឬការប្រុងប្រយ័ត្នជានិច្ច
ឬការត្រិះរិះរំពឹងដឹងខ្លួនជាដរាប (Consciousness)។
មហាត្មៈ គន្ធី បានលើកឡើងថា “សាសនាទាំងអស់មានគោលដៅតែមួយដូចគ្នា
តែគ្រាន់តែប្រើប្រាស់មាគ៌ាខុសគ្នាតែប៉ុណ្ណោះ”។
ហេតុអ្វីខ្មែរយើងមានទំនាស់គ្នាពីរឿងសាសនា? ទស្សនៈមួយបានលើកឡើងថា
“ព្រះគឺជាសេចក្តីស្រឡាញ់ ឬ GOD is love” ហើយក៏មានន័យដូចគ្នាដែរថា
“សេចក្តីស្រឡាញ់គឺជាព្រះ ឬ LOVE is god”។
សម្តេចសង្ឃដាឡៃ ឡាម៉ា បានមានសង្ឃដីកាថា “សាសនានៃភាពសាមញ្ញ
គឺមិនចាំបាច់មានព្រះវិហារ ឬមិនចាំបាច់គិតដល់ទស្សនវិជ្ជានាំឱ្យស្មុគស្មាញ។
ប៉ុន្តែយើងគ្រាន់តែយកខួរក្បាលរបស់យើង និងបេះដូងរបស់យើងមកធ្វើជាព្រះវិហារ
ហើយទស្សនវិជ្ជារបស់យើង គឺចិត្តសប្បុរសធម៌”។
ផ្ទុយពីសេចក្តីស្រឡាញ់
មានសាសនិកនិកាយសាសនាខ្លះ ប្រឹងប្រែងសូត្រធម៌ដាក់ទំនាយមនុស្ស
ឬប្រឹងអធិដ្ឋានទៅព្រះជាម្ចាស់ដាក់ទំនាយឱ្យសត្រូវរបស់ខ្លួនឆាប់រលាយចេញពីផែនដីនេះ។
ទ្រឹស្តីសាសនា និងខ្លឹមនៃការបង្រៀននៃសាសនាក្នុងលោកទាំងអស់ គឺតែងប្រោសសណ្តោសប្រណីដល់មនុស្សលោកទាំងល្អនិងទាំងអាក្រក់
ឬបើអាក្រក់ក៏ប្រោសឱ្យរកមាគ៌ាត្រឹមត្រូវវិញដែរ។
ការស្ថិតក្នុងភាពល្ងង់ខ្លៅ
តែងឱ្យទុក្ខទោសចំពោះមនុស្សគ្រប់រូបទាំងអស់ តែការពង្រីកបញ្ញា
តែងផ្តល់សេចក្តីល្អដល់មនុស្សគ្រប់រូបទាំងអស់។ ពេលយើងគ្មានរនាំងអវិជ្ជា ឬភាពគ្មានបុគ្គលនិយម
យើងនឹងក្លាយទៅជាគ្រីស្ទានល្អ ជាអ្នកជ្វីព ជាមូស្លីមល្អ ជាហិណ្ឌូល្អ
និងពុទ្ធសាសនិកល្អ។ ផ្ទុយទៅវិញ ពេលយើងមានរនាំងអវិជ្ជា ឬមានភាពជាបុគ្គលនិយម
យើងនឹងត្រូវតែប្រែក្លាយទៅជាមនុស្សលោកមិនល្អ ជាគ្រីស្ទានមិនល្អ ជាជ្វីពមិនល្អ
ជាមូស្លីមមិនល្អ ជាហិណ្ឌូមិនល្អ ជាពុទ្ធសាសនិកមិនល្អ។ របៀបធ្វើខ្លួនជាមនុស្សល្អ
គឺពិតជាមានសារៈសំខាន់ខ្លាំងបំផុត៕
____
Cr. “ប្រតិទិនទស្សនៈ
៣៦៥ថ្ងៃ”
No comments:
Post a Comment