Monday, October 15, 2018

ប្រើជីវិត… ឲ្យដូចជាការប្រកួត...



ក្នុងឆាកជីវិត គឺវាដូចគ្នាទៅនឹងកីឡាប្រដាល់នៅលើសង្វៀនអីចឹង។ បើម្នាក់ណាភ្លេចខ្លួនប្រហែស នោះដៃគូម្ខាងទៀតនឹងមានឱកាសផ្ដួល។ ហេតុផលនេះ ខ្ញុំសូមនិយាយថា ជីវិតយើង គឺជាកីឡាប្រដាល់ជាមួយនឹងបញ្ហា។ បើមិនផ្ដួលបញ្ហាទេ បញ្ហានឹងផ្ដួលយើង។ បើមិនកែប្រែស្ថានការណ៍ទេ ស្ថានការណ៍នឹងកែប្រែយើង។ បើយើងមិនខ្លាំងជាងបញ្ហាទេ បញ្ហានឹងខ្លាំងជាងយើង។ បើយើងមិនធំជាងបញ្ហាទេ នោះបញ្ហានឹងធំជាងយើង។ បើយើងមិនកម្ចាត់បញ្ហាទេ បញ្ហានឹងកម្ចាត់យើង។ វាជាក្រឹត្យក្រមនៃជម្រើសគឺមានតែពីរ(ចាញ់និងឈ្នះ) ហើយមិនមាន ឈ្នះ-ឈ្នះ ឬ ស្មើគ្នាទេ។

នៅពេលនឿយហត់ ចូរប្រដូចជីវិតឲ្យដូចជាការប្រឹងដកដង្ហើម ដែលមិនហ៊ានសូម្បីតែនឿយហត់។ ធ្វើបែបនេះ យើងនឹងមិនហ៊ានរអ៊ូថា នឿយហត់។ នៅពេលចង់ឈប់(បញ្ចប់ជីវិត) ចូរប្រើជីវិតប្រឹងប្រែងឲ្យដូចជាចង្វាក់បេះដូងដែលប្រឹងប្រែងធ្វើចលនាមិនហ៊ានឈប់។ ធ្វើបែបនេះ យើងនឹងមិនហ៊ានឈប់។ នៅពេលជួបឧបសគ្គ ចូរតាំងជីវិតអ្នកឲ្យធំទូលាយដូចផែនដី ទោះបីជាត្រូវគេខាកស្ដោះ ជីកកកាយ បន្ទោរបង់...យ៉ាងណាក៏ដោយ ក៏រឿងទាំងនោះនៅតែមិនអាចបង្អាក់ដំណើរផែនដីកុំឈប់វិលបន្តបានឡើយ។ នៅពេលយល់ថាជីវិតពិបាកធ្វើដំណើរទៅមុខ ចូរស្រមៃទៅរកអ្នកដែលពិកាគ្មានសូម្បីតែជើង ប៉ុន្តែពួកគេនៅតែរឹងមាំហើយប្រឹងធ្វើដំណើរទៅមុខបានទៀត។

Cr. ប្រាជ្ញាជីវិត

No comments:

Post a Comment