ពីមុនខ្ញុំជាមនុស្សដែលចំណាយពេលភ័យខ្លាចខ្វាយខ្វល់ថាគេនឹងបោះបង់។
ទីបំផុតការភ័យខ្លាចនោះវាក៏កើតឡើង។ គេបានបោះបង់ខ្ញុំចោល...!
មេរៀនពីការឈឺចាប់មួយនោះវាធ្វើឲ្យខ្ញុំរកឃើញខ្លួនឯងថាជានរណា។ រហូតមកដល់ពេលនេះ
ទើបខ្ញុំចាប់ផ្ដើមគិតឃើញថាខ្ញុំមិនគួរចំណាយពេលវេលាទៅភ័យខ្លាចលើរឿងទាំងនោះទេ។
ម្ដេចបានជាខ្ញុំនឹកមិនឃើញថាត្រូវធ្វើជាមនុស្សម្នាក់ដែលគេខ្លាចនៅក្នុងការបាត់បង់ខ្ញុំ។
បើខ្ញុំមានតម្លៃគ្រប់គ្រាន់សម្រាប់គេ គេនឹងយកចិត្តទុកដាក់លើខ្ញុំច្រើនជាងនេះ ប៉ុន្តែតម្រូវការរបស់គេគ្មានថ្ងៃគ្រប់គ្រាន់ទេ។
អ៊ីចឹងហើយក្រោយពីបានឆ្លងកាត់មេរៀនមួយនោះ
ខ្ញុំក៏ចាប់ផ្ដើមមើលឃើញពីតម្លៃខ្លួនឯងកាន់តែច្រើន។ ខ្ញុំស្រលាញ់ខ្លួនឯងខ្លាំង នៅពេលដែលគ្រប់របត់ជីវិតបត់បែនប្ដូរផ្លាស់មិនឈប់
ខ្លួនឯងក៏នៅតែជាទីពឹងរបស់ខ្លួនរហូតមក។
ខ្ញុំធ្លាប់យំដោយស្ងៀមស្ងាត់
ហើយក៏ធ្លាប់យកភាពស្ងៀមស្ងាត់នេះមកគិតឡើងវិញអំពីរឿងរ៉ាវដែលជីវិតនេះបានឆ្លងកាត់មក។
ខ្ញុំគោរពខ្លួនឯងត្រង់កាលដែលអ្នកដទៃគេមើលមិនឃើញតម្លៃអ្វីសោះចំពោះខ្ញុំ
ប៉ុន្តែខ្ញុំបែរជាផ្ដល់តម្លៃឲ្យខ្លួនឯងច្រើនលើសលប់។
ខ្ញុំគោរពត្រង់ដែលគេចាកចេញទៅដោយមិនស្ដាយស្រណោះចំពោះវត្តមានខ្ញុំ ប៉ុន្តែខ្ញុំបែរជាជ្រើសរើសយកបំណែកនៃការឈឺចាប់ទាំងឡាយមកផ្ដុំគ្នាសាងបង្កើតនូវអ្វីជាច្រើនដែលមានតម្លៃសម្រាប់មនុស្សជុំវិញខ្លួន។
ខ្ញុំគោរពដែលខ្ញុំមិនបានជ្រើសរើសយកផ្លូវស្លាប់ព្រោះមនុស្សដែលធ្វើឲ្យខ្ញុំឈឺចាប់
ប៉ុន្តែខ្ញុំបានប្រឹងប្រែងរស់នៅដើម្បីមនុស្សដែលបានផ្ដល់ក្ដីស្រលាញ់យ៉ាងច្រើនចំពោះខ្ញុំ។
អរគុណមនុស្សគ្រប់គ្នាសម្រាប់គ្រប់យ៉ាងដែលយើងឆ្លងកាត់មកជាមួយគ្នា។
មនុស្សដែលចាកចេញទៅនោះក៏បានទុកនូវមេរៀនល្អៗសម្រាប់ជីវិតខ្ញុំ។ ខ្ញុំមិនដឹងទេ
ថាបើគ្មានរឿងនៅថ្ងៃនោះកើតឡើង តើខ្ញុំនឹងមានថ្ងៃនេះដែរឬអត់? អរគុណមនុស្សដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ខ្ញុំរហូតមក។
ខ្ញុំគិតមិនដល់ទេថាប្រសិនបើគ្មានការផ្ដល់កម្លាំងចិត្តពីអ្នកគ្រប់គ្នា
ខ្សែជីវិតនេះវានឹងរសាត់អណ្ដែតទៅមុខយ៉ាងដូចម្ដេច។ អរគុណចំពោះខ្លួនឯងផងដែរ
ដែលចេះអត់ធ្មត់ ហើយអាចរៀនសូត្រពីកំហុសជាច្រើនក្នុងអតីកាល
និងប្រឹងរស់រហូតដល់ថ្ងៃនេះ...៕
Cr. កូន ចាបមាស
No comments:
Post a Comment