Sunday, October 21, 2018

ភ្លេចឲ្យតម្លៃពេលវេលា



សម្លឹងមើលមេឃ ពពកផ្ដុំគ្នា មួយពេលក្រោយវាក៏បែកគ្នា ហើយហោះហើរទៅកន្លែងផ្សេងរៀងៗខ្លួន ដោយមិនសូម្បីតែអាលោះអាល័យ មិនសូម្បីតែលាគ្នា នោះគឺមកពីវាបានដឹងថា គ្មានការជួបជុំណាមួយដែលមិនការបែកនោះទេស្លឹកឈើលាស់ខ្ចី គង់តែចាស់រុះរោយជ្រុះលើដី មនុស្សធ្លាប់ញញឹមដាក់គ្នារាល់ថ្ងៃ គង់តែមានថ្ងៃព្រាត់បែក

ឆាកជីវិតមនុស្សយើង ប្រៀបដូចដុំពពក និងស្លឹកឈើ។ បន្ទាប់ពីប្រមូលផ្ដុំហើយ ក៏ហើរទៅកន្លែងផ្សេង រសាត់ក្លាយជាផ្សែងហោះគ្មានគោលដៅ។ ស្លឹកឈើបន្ទាប់ពីលាស់ត្រួយខ្ចីហើយ ក៏ក្លាយជាស្លឹកចាស់ ក្រោយមកក៏ដាច់ជ្រុះរុះរោយរលាយក្លាយជាជីលើផែនដី បន្ទាប់មកក៏ក្លាយជាដី ។

មួយថ្ងៃនៃការរស់នៅរបស់យើង វាពិតជាមានតម្លៃណាស់ ប៉ុន្ដែពេលខ្លះយើងមិនបានគិតដល់ថ្ងៃចុងក្រោយ ទើបយើងតែតែមើលរំលងរឿងល្អៗដែលបានកើតឡើងក្នុងជីវិត រហូតដល់ថ្ងៃដែលយើងគេងលើគ្រែពេទ្យ ទើបយើងនឹកឃើញពីវេលាកន្លងទៅ។ យើងគួរតែមានពាក្យថាគ្រប់គ្រាន់សម្រាប់ជីវិតខ្លួនឯងខ្លះទើបល្អប្រសើរ យើងគួរតែមានពេលវេលាល្អៗរីករាយឲ្យច្រើនជាងពេលដែលវក់វីគ្មានទំនេរ ហើយភ្លេចបង្កើតភាពរីករាយ បង្កើតរឿងល្អៗសម្រាប់មនុស្សជុំវិញខ្លួន។

ជឿថា ពុំមាននរណាម្នាក់ចង់ជួបរឿងបែកបាក់ទេ ហើយក៏ពុំមាននរណាម្នាក់ចង់ស្លាប់ដែរ ប៉ុន្ដែជីវិតនៅតែរុញយើងទៅរករឿងទាំងនេះដោយមិនមានការលើកលែកចំពោះនរណាម្នាក់សោះ! ។

យើងអាចបែកគ្នា យើងអាចរស់នៅឆ្ងាយពីគ្នា យើងអាចមើលគ្នាមិនឃើញ យើងអាចពាល់គ្នាមិនបាន តែយើងអាចញញឹមដាក់គ្នាបាន នៅពេលដែលយើងនឹកឃើញគ្នា ហើយពេលខ្លះយើងក៏អាចយំជាមួយគ្នាបាននៅពេលដែលបេះដូងរបស់យើងនៅសល់ក្ដីស្រលាញ់ និងរឿងល្អៗដែលធ្លាប់មានជាមួយគ្នា ។

ខួរក្បាលពុំមានប៊ូតុងលុបឡើយ ។ ចុងក្រោយ គឺមានតែការចងចាំប៉ុណ្ណោះ ដែលវារស់នៅក្បែរយើងរហូតមិនទៅណា មិនថាការចងចាំនោះល្អឬអាក្រក់ទេ វាគឺជាការពិតមួយដែលយើងធ្លាប់ជួប ធ្លាប់ឆ្លងកាត់ ។ មនុស្សដែលអាចមានជីវិតដ៏រីករាយជាមនុស្សល្អ។ មនុស្សល្អ គឺជាមនុស្សដែលមានការចងចាំល្អៗច្រើនជាងគេក្នុងជីវិត ហើយមនុស្សដែលអាចបង្កើតអតីតកាលល្អៗបានច្រើន អាចថាទោះបីជាត្រូវបាត់ខ្លួនពីលើលោកនេះទៅក៏ដោយ ក៏ឈ្មោះរបស់គេនៅរស់ដដែល ។ មនុស្សមិនសំខាន់អាចរស់នៅបានយូរប៉ុនណាទេ សំខាន់ត្រង់ថាអាចសាងតម្លៃបានច្រើនប៉ុនណា! តើអាចធ្វើឲ្យខ្លួនឯងបិទភ្នែកដោយស្ងប់ ដោយមិនមានវិប្បដិសារីក្នុងជីវិតបានឬទេ?

Cr. ប្រាជ្ញាជីវិត

No comments:

Post a Comment