សៀវភៅខ្លះនិពន្ធឡើងសម្រាប់ប្រភេទអ្នកអានដែលប្រើបេះដូង
ហើយសៀវភៅខ្លះទៀតនិពន្ធឡើងសម្រាប់ប្រភេទអ្នកអានដែលប្រើខួរក្បាល។
បេះដូងមានលក្ខណៈអស្ចារ្យជាងខួរក្បាលនៅត្រង់ថា
បេះដូងអាចពាល់ត្រូវនូវអារម្មណ៍នៃសេចក្តីស្រឡាញ់។ ក្នុងអត្ថិភាពជាមនុស្សនៅលើផែនដីនេះ
គ្មានបុគ្គលណាម្នាក់ឆ្កួតវង្វេងដោយសារតែខ្លួនមានចំណេះដឹងច្រើននោះទេ តែមនុស្សភាគច្រើនឆ្កួតវង្វេងដោយសារតែគ្រប់គ្រងបេះដូងខ្លួនឯងពុំបាន។
យុវជនដែលចង់ដើរទៅមុខលឿនជាងអ្នកដទៃ
និងចង់ខ្លាំងជាងអ្នកដទៃ ត្រូវអានសៀវភៅដែលអាចផ្តល់ចំណេះដឹងដល់ខួរក្បាលឱ្យច្រើន។
ពេលដែលមានចំណេះដឹងជ្រៅជ្រះ យើងនឹងយល់ច្បាស់ថា តាមពិតការរស់ដោយបញ្ញា និងរស់ដោយមានគោលការណ៍
គឺមានតម្លៃជាអមតៈ។
ផ្ទុយទៅវិញ ក្នុងស្ថានភាពជាយុវវ័យ
បើយើងបណ្តោយឱ្យបេះដូងគ្រប់គ្រងខ្លួនប្រាណទាំងស្រុង
គឺមានន័យថាយើងជាមនុស្សដែលរវល់ចងរវល់ស្រាយ។ ពាក្យថា “រវល់ចងរវល់ស្រាយ” នៅទីនេះ
គឺមានន័យថាចិត្តយើងវក់វីនឹងរឿងទុក្ខ រឿងសោក រឿងសប្បាយ និងមានអារម្មណ៍រវើររវាយ
គ្មានពេលរៀនសូត្ររហូតដល់ដើរថយក្រោយ ឬដើរយឺត ឬដើរមិនទៅមុខ។
យុវជនដែលចេះគ្រប់គ្រងចិត្តខ្លួនឯងបានទាំងខ្លួននៅវ័យក្មេង
គឺជាមនុស្សអស្ចារ្យខ្លាំងបំផុត។ យុវជនបែបនេះហៅថា “មនុស្សចាស់ទុំ”។
មនុស្សចាស់ទុំមានន័យថា ពុំរំជើបរំជួលនឹងរឿងរ៉ាវគ្រប់យ៉ាងដែលបានកើតឡើងចំពោះខ្លួនឡើយ។
បើខ្លួនមានចំណេះដឹង ក៏គ្មានចិត្តអំណួត។ បើខ្លួនចាញ់ប្រៀបអ្នកដទៃ ក៏ពុំអស់សង្ឃឹម។
បើខ្លួនជោគជ័យ ក៏ពុំដាច់បង្ហៀរ។ ចិត្តនឹងន ចិត្តមានជំហរ ចិត្តស្ងប់
ចិត្តដែលអត់ធ្មត់ ចិត្តដែលប្រឹងប្រែងដើរទៅមុខជាមួយនឹងបុព្វហេតុនៃជីវិត៕
____
No comments:
Post a Comment