គុណធម៌សកលមួយក្នុងចក្រវាល
គឺជាគុណធម៌នៃកតញ្ញូកតវេទិតា។ តើហេតុអ្វីមនុស្សត្រូវមានគុណធម៌នេះ? បើតាមទ្រឹស្តីពុទ្ធនិយមបានបង្ហាញថា
“ការមិនរមិលគុណនឹងទទួលអានិសង្ឃ
៤យ៉ាង៖ ទី១. ការដឹងគុណហើយតបគុណ គឺជាឫសគល់នៃកុសលធម៌ទាំងពួង, ទី២.
ការដឹងគុណហើយតបគុណ គឺជាប្រធាននៃបារមីទាំងពួង, ទី៣.
ការដឹងគុណហើយតបគុណ គឺជាការចម្រើនបុណ្យកុសល, ទី៤.
ការដឹងគុណហើយតបគុណ នឹងនាំឱ្យចម្រើនសម្បត្តិ”។
សាសនាទាំងអស់ក្នុងលោក តែងតែមាននូវគោលការណ៍គុណធម៌កតញ្ញូបង្រៀនដល់បរិស័ទ
ដ្បិតវាជាគោលការណ៍សកលជាសច្ចៈ និងជាច្បាប់ធម្មជាតិ។
ពាក្យថា “អរគុណព្រះជាម្ចាស់” ពេលដែលមនុស្សមានទំនោរនិកាយសាសនានិយម
ឬមនុស្សគ្មានសាសនាស្តាប់ឮ គេតែងតែសើចចំអកឱ្យអ្នកនិយាយ តែតាមពិតអ្នកសើចចំអកពុំបានយល់ពីខ្លឹមសារខាងក្នុងដែលថា
“ហេតុអ្វីមនុស្សចាំបាច់ត្រូវអរគុណដល់ព្រះ
នៅពេលដែលគេទទួលបានអ្វីមួយ”។ ក្នុងសាសនាខ្លះ
ព្រះជាម្ចាស់គឺជាព្រះវិញ្ញាណបរិសុទ្ធ, សាសនាខ្លះទៀត
ព្រះគឺជាធម្មជាតិដែលទ្រទ្រង់ជីវិតគេឱ្យរស់មកដល់ថ្ងៃនេះ។ ដូច្នេះ
គេត្រូវចេះអរគុណគ្រប់យ៉ាងទាំងអស់។ បើនិយាយក្នុងបរិបទចិត្តសាស្រ្ត
ការចេះថ្លែងអំណរគុណឬគុណធម៌ជាអ្នកចេះដឹងគុណ
គឺវាបានជួយសម្រួលដល់ផ្នែកផ្លូវចិត្តរបស់មនុស្សឱ្យមានអារម្មណ៍គប្បីនឹងខ្លួនឯង
(បីតិ) និងកាន់តែពេញចិត្តចំពោះខ្លួនឯង។
បុរាណខ្មែរផ្តាំថា “ស្លឹកឈើជ្រុះពុំឆ្ងាយពីគល់”។
ការបកស្រាយក៏មានន័យបែបផ្សេងៗគ្នា។ ប៉ុន្តែ ខ្ញុំសុំបកស្រាយក្នុងបរិបទជាតិនិយមគឺ “ស្លឹកឈើ” សំដៅមានន័យដល់ប្រជាជនក្នុងប្រទេស។
ចំណែកឯ “គល់ឈើ” គឺសំដៅមានន័យដល់ប្រទេសជាតិមាតុភូមិដែលបានផ្តល់កំណើតដល់ប្រជាជន។
ដើមឈើមិនស្លាប់ដោយសារតែគល់ (ឫសកែវមិនងាប់)។ គល់ឈើអាចរស់បានយូរអង្វែងទៅបាន
មិនមែនមានត្រឹមតែធាតុទឹកដីភ្លើងខ្យល់ទ្រទ្រង់តែម្យ៉ាងទេ
តែស្លឹកឈើដាច់ខាតត្រូវលះបង់ខ្លួនបង្កើតជាជីវជាតិចិញ្ចឹមគល់ឈើឱ្យរស់តទៅទៀត។
នេះគឺជាគុណធម៌នៃការដឹងគុណតបគុណរបស់ស្លឹកឈើដល់គល់ឈើ។ ដូច្នេះ
វាក៏មានអត្ថន័យស្រដៀងគ្នាដែលថា “ប្រជាជនក្នុងសង្គមមួយអាចរស់រានមានជីវិតមកដល់ថ្ងៃនេះ
គឺពុំមែនដោយសារតែអាហារដែលយើងបានញុំាមួយថ្ងៃបីពេលនោះទេ តែដោយសារតែមាតុភូមិ
(ម្តាយធំ) ជាអ្នកផ្តល់កំណើតឱ្យ”។
សរុបដោយខ្លី
មនុស្សក្នុងសង្គមត្រូវតែចេះដឹងគុណសង្គម ដឹងគុណជាតិ ដឹងគុណម្តាយធំ (មាតុភូមិ)
ដឹងគុណម្តាយតូច (ម្តាយបង្កើត) ហើយនឹងត្រូវធ្វើយ៉ាងណាសងដឹងគុណទៅមាតុភូមិវិញ។
តើស្លឹកឈើរបស់ខ្មែរនៅឯណា?
ស្លឹកឈើរបស់ខ្មែរ គឺត្រូវខ្យល់បក់វាយឱ្យឃ្លាតមហាសែនឆ្ងាយពីគ្នា
រសាត់ទៅភពទីទៃពីគ្នា បែកសាមគ្គីគ្នា និងលែងទទួលស្គាល់ថាខ្លួនកើតចេញពីគល់តែមួយ
(ចេញពីគល់តែមួយ តើហេតុអ្វីត្រូវឈ្លោះគ្នា?)។
ស្លឹកឈើរបស់ខ្មែរ អាចជាបញ្ញវន្ត បណ្ឌិតអ្នកប្រាជ្ញ តែពេលខ្លះ
ម្នាក់ៗបែរជាខ្វះភាពក្លាហានក្នុងការចេះបន្ទន់ឥរិយាបថសាមគ្គីគ្នា។
ការអប់រំមានសារសំខាន់ តែការសាមគ្គីវាជាដំណាក់កាលចុងក្រោយនៃការអប់រំ។
តើមានប្រយោជន៍អ្វី បើមនុស្សសុទ្ធតែជាមនុស្សខ្លាំង និងមានការអប់រំខ្ពស់
តែមិនបានរៀនពីវិជ្ជាសាមគ្គីគ្នា?
____
Cr. “ប្រតិទិនទស្សនៈ
២២២ថ្ងៃ”
ជំ. ៣ ទំ. ២៥៧ - ២៥៨
No comments:
Post a Comment