Tuesday, January 29, 2019

ភាពល្អឥតខ្ចោះ



យើងបានតាំងចិត្ត​យ៉ាងមុតមាំ ដាក់កាយចិត្តលើអ្វីដែលយើងកំពុងធ្វើ ព្រោះយើងជាមនុស្សចង់បានគ្រប់យ៉ាងដែលល្អបំផុត មិនមែនលំៗនោះឡើយ ហើយប្រសិនបើយើងធ្វើមិនបានល្អនោះយើងនឹងមានអារម្មណ៍ថាអាម៉ាស់ ឬមិនសប្បាយចិត្តភ្លាម។ ប៉ុន្តែមានពេលខ្លះយើង ក៏ចាប់ផ្តើមមានចម្ងល់ដែរថា ហេតុអ្វីក៏យើងហាក់ដូចជានឿយហត់ជាងគេខ្លាំងម្លេះ គ្មានពេលទំនេរដូចគេសោះនោះ ពេលខ្លះយើងដូចជានៅតែមួយកន្លែង ធ្វើរឿងមួយដែលមិនចេះចប់មិនចេះហើយ។​

យូរៗទៅ យើងក៏មានអារម្មណ៍ យើងបានធ្វើរឿងច្រើនពេកហើយទៅលើរឿងតូចល្អិត មួយរហូតដល់មិនមានពេលគ្រប់គ្រាន់ក្នុងការសម្លឹងមើលការងារធំជាងនេះ មានអារម្មណ៍ថាខ្លួនឯងសាំញ៉ាំនឹងរឿងកំប៉ិកកំប៉ុកច្រើន ពេលខ្លះរហូតដល់ថ្នាក់មិនហ៊ានចាប់ផ្តើម ឬសម្រេចចិត្តដោយសារខ្លាចមានកំហុសឆ្គងកើតឡើង។

ពេលខ្លះប្រហែលមកពីយើងជាប្រភេទមនុស្សសុក្រឹតនិយម ដែលតែងយល់ថាភាពល្អឥតខ្ចោះគឺជាកត្តាចម្បងលើគ្រប់កិច្ចការ យើងតែងព្យាយាមពុះពារបំពេញការងារយ៉ាងម៉ត់ចត់ដើម្បីទទួលបានភាពល្អឥតខ្ចោះនោះមក រហូតបង្កើតបន្ទុកក្នុងអារម្មណ៍ធ្ងន់ៗ មកសង្កត់លើខ្លួនឯងទៅវិញ។

តាមពិតទៅ គ្រប់ការងារទាំងអស់ ប្រសិនបើយើងធ្វើបានល្អឥតខ្ចោះគឺជាការប្រពៃហើយ តែយើងក៏ត្រូវដឹងពីសមត្ថភាពរបស់យើងដែរ ត្រូវចេះរៀនដាក់ចុះ ត្រូវចេះរៀនទទួលយកលទ្ធផលដែលល្មមនឹងអាចទទួលបានលើការងារផ្សេងៗ ដើម្បីឲ្យខ្លួនឯងអាចឈោងចាប់ និងសម្រេចលើការងារថ្មីៗជាច្រើនទៀត៕

Cr. Leanghong

No comments:

Post a Comment