កាលពីម្សិលមិញ
ខណៈដែលខ្ញុំបានថយឡានចូលផ្ទះស្រាប់តែក្មេងស្រីតូចម្នាក់អាយុត្រឹមបីឆ្នាំ
រត់ក្រោយឡានខ្ញុំ។ រាប់ជាសំណាងព្រោះឡានខ្ញុំមាន Camera ក្រោយ
ខ្ញុំបានឈប់នៅពេលដែលខ្ញុំបានឃើញនាងរត់កាត់ឡាន។
ម្តាយខ្ញុំនិងអ្នកជិតខាងនាំគ្នាស្រែកព្រោះភ័យខ្លាំង។
ឪពុកម្តាយនិងអាណាព្យាបាលភាគច្រើន
ចូលចិត្តបណ្តោយឱ្យកូនតូចរត់លេងនៅតាមផ្លូវ
ច្រកចេញចូលដែលមានឡានម៉ូតូបើកបរ...។ នៅពេលដែលមានគ្រោះថ្នាក់កើតឡើង
ដាក់កំហុសនិងបន្ទោសគេឯង...។ នេះជាកំហុសនរណាឱ្យប្រាកដ?
អ្នកបើកបរមិនចង់ឱ្យមានគ្រោះថ្នាក់
មិនចង់សូម្បីកិនកូនមាន់មួយ។ ខ្ញុំចាំបានថា
កាលពីមុនខ្ញុំបានកិនឆ្កែអ្នកភូមិមួយក្បាលស្លាប់។ មូលហេតុ
ការពិតពេលខ្ញុំបើកឡានទៅដល់ ឆ្កែនោះវាងើបឡើងចេញទៅហើយ
ខ្ញុំឃើញច្បាស់ ចុះហេតុអ្វីនៅតែកិនវាទៀត? មូលហេតុ
ឆ្កែនោះមានជំងឺជាទម្ងន់ ហើយវាដេកដួលកណ្តាលផ្លូវ ងើបមិនរួច
វាងើបហើយប៉ុន្តែវាត្រូវដួលចុះទៅវិញ...។ ខ្ញុំនឹកស្តាយវាពន់ពេក
ប៉ុន្តែម្ចាស់ឆ្កែដឹងថាវាឈឺធ្ងន់នៅតែបណ្តោយឱ្យវាដេកដួលនៅកណ្តាលផ្លូវមុខផ្ទះ
រង់ចាំក្តីស្លាប់... ហើយចាំបន្ទោសអ្នកដទៃ។
កាលពីប៉ុន្មានឆ្នាំមុន នៅប្រទេសចិន
ក្មេងស្រីទើបចេះដើរបានត្រូវមើលឃើញក្នុងវីដេអូតាមមផ្លូវ...។
នាងត្រូវឡានដឹកទំនិញកិន និងមានរថយន្តជាច្រើនគ្រឿងកិនបន្ត...
រហូតអ្នករើសអេតចាយម្នាក់បានឃើញ ហើយនាងបានស្លាប់ទៅហើយ។
តើនេះគួរបន្ទោសនរណា?
ក្មេងតូចៗគឺមិនត្រូវបានមើលឃើញនោះទេបើអ្នកនៅក្នុងឡាន។
សួរថាតើនេះជាកំហុសនរណា?
ព្រោះច្បាប់នៅប្រទេសយើងមិនតឹងរឹង
ទើបបណ្តាលឱ្យអាណាព្យាបាល អ្នកចិញ្ចឹមសត្វភាគច្រើនធ្វេសប្រហែល...។
ខ្ញុំតែងតែឃើញក្មេងតូចៗវារលេងនៅលើចិញ្ចើមថ្នល់ក្នុងភូមិ
ហើយពួកគេមិនត្រូវបានយកចិត្តទុកដាក់ទាល់តែសោះ។
អ្នកគ្រប់គ្នាអាងបង្កើតកូនងាយ ហើយក៏ទុកគ្នាចោល?
ធ្វើជាឪពុកម្តាយគេទៅហើយ
នៅតែមិនស្គាល់អ្វីដែលហៅថាការទទួលខុសត្រូវ
នៅតែមិនយល់ពីភារកិច្ចនៃការ«ចិញ្ចឹម»មើលថែ។
នៅទីនេះភាគច្រើន មនុស្សដូចសត្វ
សត្វដូចមនុស្ស។ ជីវិតហាក់លែងមានអ្វីអស្ចារ្យ លែងមានអ្វីសំខាន់។ រស់ក៏រស់ទៅ
ស្លាប់ក៏ស្លាប់ទៅ...។ ក្មេងមិនទាន់គ្រប់អាយុក៏បណ្តោយឱ្យជិះកង់
ម៉ូតូទៅរៀនដោយខ្លួនឯង... ដោយសំអាងថាគ្មានអ្នកជូន «រវល់»... ហើយគ្មានអ្នកមើល
សំអាងថា «រវល់»...។
ហើយនៅពេលកូនបាត់បង់ជីវិតក៏បន្ទោសថា មកពីជីវភាពក្រលំបាកពេក...។
អ្នកប្រឹងធ្វើការ រកស៊ី...
រាល់ថ្ងៃដើម្បីកូន បើអ្នកមិន«រវល់»ដើម្បីកូន
មិនមើលថែ កូន ដល់ពេលបាត់បង់កូន តើរវល់ទាំងនោះទុកជាស្អីដែរ?
នេះគ្រាន់តែជាសារជួយដាស់តឿនដល់ឪពុកម្តាយទាំងឡាយ
សូមមេត្តាយកចិត្តទុកដាក់ចិញ្ចឹមថែរក្សាកូនតូចៗ...។
កុំព្រោះតែពាក្យថា រវល់ ក្រ ទើបបណ្តោយឱ្យគ្នាបាត់បង់ជីវិត ពិការ...
ព្រោះអ្វីដែលយើងផ្តល់ឱ្យទៅពួកគេ វាជាជីវិតដ៏មានតម្លៃ
មានតែមួយគត់ មិនមានលក់នៅលើទីផ្សារ ហើយក៏មិនវិលល្ងាចនោះដែរ៕
No comments:
Post a Comment