Sunday, January 27, 2019

ធ្វើល្អរស់នៅឱ្យស្រួលបួល



បរមគ្រូ ខុង ជឺ (Confucius) ពោលថា ភាពរឹងមាំរបស់ជាតិមួយ វាកើតចេញពីសុចរិតភាពរបស់ជនសង្គម។ ការស្វែងរកឧត្តមភាព កិត្តិយស តម្លៃពីខាងក្រៅ គឺវាមិនពិបាកដូចការស្វែងរសុចរិតភាពពីក្នុងខ្លួនឡើយ។ បុគ្គលដែលមានសុចរិតភាពក្នុងខ្លួនតាមរយៈទង្វើរបស់ខ្លួនក្តី, តាមរយៈគំនិតរបស់ខ្លួនក្តី, និងតាមរយៈសម្តីរបស់ខ្លួនក្តី គឺជាមនុស្សដែលមិនចេះភ័យខ្លាចនឹងអ្វីទាំងអស់។ ក្នុងសង្គម មិនខ្វះទេមនុស្សដែលមានចំណេះដឹង, មានទ្រព្យសម្បត្តិ, មានកិត្តិយស, មានតម្លៃ, មានឋានៈ, និងមានតួនាទី ប៉ុន្តែមនុស្សដែលមានសុចរិតភាពពិតប្រាកដ គឺមិនសូវមានច្រើនឡើយ។

ដោយសារតែចង់បានឧត្តមភាពទាំងប៉ុន្មានខាងលើ វាបានធ្វើឱ្យមនុស្សគ្រប់គ្នាប្រឹងប្រែងយកតែមែនទែន បើទោះបីជាតាមវិធីស្មោកក្រោគបែបណាក្តី។ សុភាសិតចិនពោលថា បើមិនឃើញក្តារមឈូស គឺមិនស្រក់ទឹកភ្នែក ទេ តែមនុស្សខ្លះប្រឹងធ្វើអាក្រក់រហូតដល់ខ្លួនស្លាប់ក្លាយទៅជាវិញ្ញាណ ក៏នៅតែគ្មានឱកាសបានដឹងខុសផងក៏មាន។ បើត្រឹមតែមួយរស់ មនុស្សគួររស់នៅឱ្យត្រឹមត្រូវ តែបើចង់រស់នៅលើសពីរស់ (ប្រឹងស្វែងរកអ្វីដែលមិនមែនជារបស់ខ្លួនតាមទង្វើស្មោកក្រោគ) ក៏មិនអាចធ្វើឱ្យមនុស្សក្លាយទៅជាអាទិទេពឡើយ។ មនុស្សគ្រប់គ្នាដឹងថាពេលស្លាប់ទៅ សូម្បីតែខ្លួនប្រាណរបស់យើង ក៏យកទៅមិនបានផង អ៊ីចឹងតើហេតុអ្វីបានជាប្រឹងសាងកម្មអាក្រក់ខ្លាំងម៉្លេះ! តើយើងអាចប្រើពេលវេលានៃជីវិតជាមនុស្សនេះបានល្អតាមរបៀបណា?

ទស្សនវិទូម្នាក់ធ្លាប់និយាយថា ក្នុងលោកនេះ មនុស្សទាំងអស់ គឺជាបងនិងប្អូន។ បើមើលពីរង្វង់ម្ខាង យើងនឹងកំណត់បានថាជាបងនិងប្អូន តែបើមើលរង្វង់ទាំងមូល យើងនឹងឃើញថាគ្មានបងគ្មានប្អូន គ្មានមុនគ្មានក្រោយឡើយ និងគ្មានលើគ្មានក្រោមទាល់តែសោះ។ សក់ស្កូវ ពុកមាត់ស ស្បែកជ្រួញ ខ្នងកោង វាពុំបានកំណត់ពីភាពចាស់ឬចាស់ទុំរបស់មនុស្សជាតិឡើយ។ ទស្សនវិទូប្រឆាំងមនោសញ្ចេតនា, សេណេកា (Seneca) និយាយថា គ្មាននរណាម្នាក់អាចប៉ះប៉ូវនូវចំនួនឆ្នាំដែលវាបានកន្លងផុត ដល់អ្នកបានឡើយ ដ្បិតអ្វីដែលបានកន្លងហួសទៅហើយ វាមិនអាចត្រឡប់ថយក្រោយវិញទេ។ ពីមួយថ្ងៃទៅមួយថ្ងៃ, ពីមួយឆ្នាំទៅមួយឆ្នាំ យើងចេះតែមានពេលវេលារាប់ចំនួនឆ្នាំដែលបានកន្លងផុតទៅ តែយើងប្រហែលជាភ្លេចរាប់ចំនួនកំហុសឆ្គង ការយល់ខុសពីជីវិត និងប្រព្រឹត្តឥតដឹងសតិរបស់ខ្លួន ក្នុងការរស់នៅប្រចាំថ្ងៃរបស់ខ្លួនឡើយ។

តើយើងបានប្រើពេលវេលាចុងឆ្នាំដើម្បីពិនិត្យពិច័យពីជីវិតនេះដែរឬទេ? ខ្ញុំលើកទឹកចិត្តឱ្យប្រើប្រាស់ពេលវេលាពិចារណា សមាធិ ប្រើសតិដឹង និងប្រឹងស្វែងយល់ពីជីវិតនេះឱ្យបានមែនទែន ដ្បិតក្នុងសង្គមបានបង្កើតរឿងពង្វក់មនុស្សច្រើនបែបណាស់។ តើនរណាខ្លះដែលចាំបាននូវសម្តីរបស់អ្នកប្រាជ្ញបារាំង ម៉ុង តេសី្គយ័រ (Baron de Montesquieu) ដែលបានពោលថា តម្លៃពិតរបស់ជីវិត វាពុំមែនស្ថិតលើចំនួនថ្ងៃដែលយើងរស់នៅឡើយ។ ប៉ុន្តែវាស្ថិតនៅលើការដែលយើងចេះប្រើប្រាស់ចំនួនថ្ងៃទាំងនោះឱ្យមានតម្លៃ។ ជីវិតពេញលេញមិននិយាយពីចំនួនឆ្នាំដែលយើងរស់នៅទេ តែនិយាយពីតម្លៃនៃការរស់នៅ។ ខ្ញុំប្រឹងអានសៀវភៅដើម្បីស្វែងរកអាទិទេព ស្វែងរកព្រះ តែព្រះមិនមានក្នុងសៀវភៅទេ។ ព្រះគឺជាសេចក្តីសុចរិតដែលមានក្នុងខ្លួនមនុស្សម្នាក់ៗ។ ខ្ញុំហ៊ាននិយាយថា អំណាចនៃសេចក្តីសុចរិតដែលមានក្នុងខ្លួនមនុស្សល្អម្នាក់ៗ គឺមានឥទ្ធិពលធំជាងព្រះអាទិទេព

No one will restore your years, no one will return them to you. Seneca

No comments:

Post a Comment