Saturday, January 26, 2019

ឧត្តមគតិ



ស៊ូតុងប៉ គឺជាអ្នកប្រាជ្ញចិនម្នាក់ដែលមានសមត្ថភាព តែក្សត្រមិនយកមកប្រើការ។ ខ្សែជីវិតរបស់អ្នកប្រាជ្ជចិនរូបនេះរសាត់អណ្តែតទៅតំបន់ឆ្ងាយៗនៅតាមចុងកាត់មាត់ញក។ ទុក្ខរបស់អ្នកចេះដឹងប្រកបទៅដោយឧត្តមគតិនិយម គឺកើតខុសសម័យកាល ដូចជាអ្នកប្រាជ្ញស៊ូតុងប៉។ សំណាងរបស់អ្នកក្លាហាន គឺកើតចំប្រទេសមានសង្គ្រាម ដូចជាឆាវឆាវ។

បុរាណខ្មែរពោលថា ស្រុកមានសង្គ្រាមត្រូវការអ្នកក្លាហាន រីស្រុកសាន្តត្រានត្រូវការអ្នកចេះដឹង។ តើចរិតអ្នកប្រើអាវុធ និងចរិតអ្នកប្រើចុងប៊ិកខុសគ្នាត្រង់ណា? ទ្រឹស្តីអ្នកសង្គ្រាមសន្តិភាពនិយមនិយាយថា ស៊ូស្រក់ញើសនៅនឹងទីលានហ្វឹកហ្វឺន ប្រសើរជាងបង្ហូរឈាមនៅសមរភូមិប្រយុទ្ធ។ ទ្រឹស្តីអ្នកសង្គ្រាមចំតួតែងអះអាងថា មេទ័ពសុខចិត្តស្រក់ឈាម តែមិនលន់តួអង្វរចរចារកសន្តិភាព។ ពាក្យថាចរចានិងសុំចរចា គឺមានន័យថាចាញ់និងចាញ់ប្រៀប។ ចរិតអ្នកយុទ្ធសាស្រ្តសង្គ្រាម បើដឹងខ្លួនថាច្បាំងមិនឈ្នះ គឺមិនប្រថុយច្បាំងដាច់ខាត។ ប៉ុន្តែបើដឹងសមត្ថភាពទ័ពខ្លួនថាច្បាំងឈ្នះ គឺដាច់ខាតមិនបង្អស់យូរឡើយ។ តើហេតុអ្វីបានជាអ្នកប្រាជ្ញស៊ូតុងប៉ ឥតត្រូវបានព្រះរាជាយកមកប្រើ? ហេតុអ្វីស៊ូតុងប៉សុខចិត្តក្រ ដើរពនេចរដាច់សង្វែង បម្រើប្រជាជនតាមតំបន់ស្រុកស្រែម្នាក់ឯង?

មហាត្មៈ គន្ធី (Mahatma Gandhi) ធ្លាប់លើកឡើងពីបាបកម្មសង្គមមួយក្នុងចំណោមប្រាំពីរ គឺជា ចំណេះដឹងដោយគ្មានជ្រាបចូលជាចរិត ឬ Knowledge Without Character។ អ្នកចេះដឹងដែលមានចំណេះដឹងជ្រាបចូលជាចរិត គឺមានលក្ខណៈដូចជាអ្នកប្រាជ្ញចិនស៊ូតុងប៉។ ស៊ូតុងប៉និយាយថា អ្នកខ្លះរៀនសូត្រជ្រៅជ្រះ ហាមាត់ឡើងសច្ចធម៌ សច្ចធម៌។ ប៉ុន្តែគេទុកការរៀនសូត្រជាកាំជណ្តើរ ដើម្បីស្វែងរកឋានៈ បុណ្យសក្តិ។ នៅពេលមានឋានៈបុណ្យសក្តិហើយ គេចាប់ផ្តើមស្វែងរកទ្រព្យសម្បតិ្ត។ នេះបានន័យថាអ្នកទាំងនោះជាអ្នករៀនសូត្រជ្រៅជ្រះ ប៉ុន្តែគំនិតរបស់គេមិនមែនបំរើប្រជារាស្ត្រទេ គឺដើម្បីស្វែងរកលាភសក្ការៈតែប៉ុណ្ណោះ។ នេះជាឥរិយបថអ្នកចេះដឹងពិតប្រាកដ។ យើងមិនអាចបន្ទោសថា ហេតុអ្វីមិនចូលបម្រើនគរ? ចម្លើយ គឺមានតែអ្នកចេះដឹងពិតប្រាកដ ដែលមានចំណេះដល់ថ្នាក់ពាល់ប៉ុណ្ណោះ ទើបអាចយល់ពីអារម្មណ៍នេះបានថា ហេតុអ្វីមិនយកចំណេះដឹងទៅប្រើ?

នៅក្នុងរឿងសាមកុក ឬនគរ៣, មានអតីតទីប្រឹក្សារបស់ លីវ ប៉ី ឈ្មោះ ស៊ី ស៊ូ (Xu Shu) ដែលមានសមត្ថភាពខ្ពស់កប់ពពកអាចបំបែកក្បួន សោរមាស - Eight Docked Gates Formation របស់ ឆាវ ឆាវ បាន ប៉ុន្តែបែរជាសុខចិត្តមិនយកចំណេះដឹងទៅបម្រើរឿងដែលក្បត់នឹងមនសិការខ្លួនឯង។ អ្នកប្រាជ្ញសុខចិត្តស្លាប់ ក៏មិនអាចក្បត់នឹងឧត្តមគតិ និងក្បត់នឹងមនសិការខ្លួនឯងដែរ។ នេះមានន័យថាចរិតអ្នកចេះដឹង តែងតែបារម្ភខ្លាចខ្លួនឯងទៅប្រឡូកប្រឡាក់នឹងរឿងស្មោកក្រោគដែលមន្រ្តីអាក្រក់ប្រព្រឹត្ត។ តើរឿងនេះអាចឆ្លុះបញ្ចាំងនឹងសង្គមខ្លះបានដែរឬទេ? កាលៈទេសៈនេះ ខ្ញុំបែងចែកអ្នកចេះដឹងជាពីរប្រភេទ៖ ១. ជាអ្នកចេះដឹងដែលចរិតលក្ខណៈពិសេស (Personality Features) ដូចជាអ្នកប្រាជ្ញចិនស៊ូតុងប៉ ឬអតីតទីប្រឹក្សា លីវ ប៉ី ឈ្មោះ ស៊ី ស៊ូ (Xu Shu), និង២. អ្នកចេះដែលចូលរួមជួយសង្គម (ជាប់ប្រយោជន៍ខ្លះៗផង)។

សំណួរចោទសួរថា អ្នកចេះដឹងពីរនាក់ មានសញ្ញាបត្របណ្ឌិតដូចគ្នា តែហេតុអ្វីម្នាក់អាចប្រើចំណេះដឹងរបស់ខ្លួនចូលរួមសកម្មភាពសង្គមបាន និងម្នាក់ទៀតមិនបាន? ខ្ញុំសូមបង្វែរទស្សនៈមកចាប់អារម្មណ៍នឹងការបង្កើតវប្បធម៌ក្នុងសង្គមវិញ។ មេដឹកនាំសិង្ហបុរី លី ក្វាន់យូ និយាយថា វប្បធម៌ គឺជាព្រេងវាសនា ឬ Culture is destinyការគិតបង្កើតសកម្មភាព, សកម្មភាពដដែលញយៗ បង្កើតទម្លាប់, ទម្លាប់ដដែលញយៗ បង្កើតចរិត, ចរិតបង្កើតវប្បធម៌, វប្បធម៌បែបណា វាសនាបែបនោះ។ អ្នកចេះដឹងដែលមានលក្ខណៈឧត្តមគតិនិយម បើចូលទៅ គឺមានតែត្រូវរស់នៅរណបនឹងវប្បធម៌អាក្រក់។ នេះមានន័យថា បើអ្នកចាស់ពុករលួយ អ៊ីចឹងចូលទៅគឺត្រូវរៀនធ្វើតាមវប្បធម៌ចាស់ ដ្បិតបើមិនដូច្នោះទេ គឺនៅមិនបានយូរទេ ដោយមុនឬក្រោយនឹងត្រូវអ្នកចាស់កម្ចាយ ឬប៉ែងជើងធាក់ចេញក្រៅស្ថាប័ន។

ប៉ុន្តែអ្នកចេះដឹងដែលមានលក្ខណៈខ្លាំងមែនទែន គឺអាចរស់នៅបញ្ច្រាសនឹងវប្បធម៌សង្គមចាស់ បញ្ច្រាសនឹងរបៀបដឹកនាំចាស់ ប្រៀបដូចជាមនុស្សដើរបញ្ច្រាសខ្យល់ និងអ៊ុំទូកបញ្ច្រាសទឹក។ អ្នកចេះដឹងមួយប្រភេទទៀត គឺជាមនុស្សដែលបត់បែននិយម រស់នៅបានដោយអាស្រ័យលើកាលៈទេសៈជាក់ស្តែង ដ្បិតបើគេមិនល្អ ក៏ឆ្លៀតបត់ទៅផ្លូវមិនល្អបណ្តោះអាសន្នដែរ/ឬបត់រហូតក៏មាន។ មនុស្សដែលរស់នៅគ្មានឧត្តមគតិ អាចបាតដៃជាខ្នងដៃ រហ័សលឿនដូចផ្លេកបន្ទោរ។ ម្សិលមិញជេរមនុស្សអាក្រក់សោះ រីថ្ងៃនេះអាចក្លាយទៅជាកូនចៅរបស់មនុស្សអាក្រក់ ពីព្រោះសំខាន់ឱ្យតែបានតួនាទី ឋានៈ បុណ្យសក្តិ ឥតខ្មាសខ្លួនឯងទេ។ រឿងសង្គមវែងឆ្ងាយ ចរិតមនុស្សប្រែប្រួលមិនទៀង ម្តងរាំងម្តងភ្លៀង រស់នៅគ្មានគោលការណ៍ ហិចហើរដើម្បីតែប្រយោជន៍។ ជីវិតគួររស់នៅឱ្យស្រួល បើចូលក្នុងក្រុមក្បាលម៉ាស៊ីនដឹកនាំមិនបានទេ គួរតែក្រឡែកមកមើលខាងក្រោមវិញ ដ្បិតមានយុវជនរាប់មិនអស់ មានឆន្ទៈ តែខ្វះអ្នកដឹកនាំដែលមានឧត្តមគតិពិតប្រាកដត្រួសត្រាយផ្លូវ។ បើស្រឡាញ់សង្គម សូមកុំយកយុវជនមកទ្រាប់ជើងជាន់ដើម្បីឱ្យខ្លួនឯងឡើងខ្ពស់។ យុវជនជាដង្ហើមសង្គម។ ជួយយុវជន (មិនថាជាស្មារតីក្តី ហិរញ្ញវត្ថុក្តី ផ្តល់ចំណេះដឹងក្តី) គឺមានន័យជួយសង្គម។ នេះជាទស្សនៈរបស់មេដឹកនាំបដិវត្តវប្បធម៌ចិន ម៉ៅ សេទុង៕

___
*អត្ថបទទាក់ទងនឹងអតីតទីប្រឹក្សា លីវ ប៉ី ឈ្មោះ ស៊ី ស៊ូ

No comments:

Post a Comment