Saturday, January 19, 2019

ចំណែកនៃដំណោះស្រាយ



បើយើងមិនអាចធ្វើជាចំណែកនៃដំណោះស្រាយរបស់នរណាម្នាក់ទេ យើងមិនគួរធ្វើជាមនុស្សដែលចាំស្ដីបន្ទោសគេទេ ។ បើមិនអាចជួយអ្នកដទៃ សូមកុំធ្វើជាមនុស្សដែលបំបាក់ទឹកចិត្តអ្នកដទៃ ។ គ្មាននរណាម្នាក់ចង់ឲ្យជីវិតមានបញ្ហាឡើយ ។ ប៉ុន្ដែមានរឿងខ្លះយើងគ្មានសិទ្ធិហាមវាមិនឲ្យកើតឡើងទេ ព្រោះមានរឿងខ្លះគឺយើងអាចនឹងមិននឹកស្មានថាវាកើតឡើង ។ នៅពេលដែលកំហុសមួយបានកើតឡើងរួចហើយ យើងពិតជាមិនចង់បានការស្ដីបន្ទោសទេ គឺយើងចង់បានដំណោះស្រាយច្រើនជាង ។ ប៉ុន្ដែបើគ្មានដំណោះស្រាយ ហើយមានតែការស្ដីបន្ទោស តើយើងនឹងមានអារម្មណ៍ឈឺចាប់យ៉ាងណាទៅ? បើយើងយកចិត្តគេមកដាក់ក្នុងចិត្តខ្លួនឯងបាន នោះគឺពិតជាប្រសើរណាស់ ព្រោះយើងនឹងបានដឹងថា គេក៏ដូចយើង យើងក៏ប្រហែលជាមិនខុសពីគេដែរ ប្រសិនបើគេគឺជាយើង ។

ធ្វើខុសមិនចេះកែ គឺជាកំហុសធ្ងន់ធ្ងរ ។ ធ្វើខុសចេះកែមានការភ្ញាក់រឭក គឺជាមនុស្សមានតម្លៃ ប៉ុន្ដែបើធ្វើខុសហើយមិនកែ គឺស្មើនឹងបង្កើតកំហុសថែមមួយទៀត ។ ជីវិត! គ្មាននរណាគេចផុតពីកំហុសទេ ហើយក៏មិនមានមនុស្សដែលធ្វើខុសណាដែលអាចគេចផុតពីទណ្ឌកម្មជីវិតបានដែរ ។ កំហុសតែងតែធ្វើឲ្យយើងមិនសប្បាយចិត្ត អ្នកដទៃមិនសប្បាយចិត្ត តែបើវាធ្វើឲ្យយើងសប្បាយចិត្ត ក៏មិនប្រាកដថាយើងអាចគេងលក់ស្រួលនៅពេលយប់ដែរ ។

សច្ចភាពនៃសុចរិតភាព គឺគុណធម៌ ។ មនុស្សមានគុណធម៌ គឺដឹងខុសដឹងត្រូវ ដឹងធ្ងន់ស្រាល ដឹងល្អដឹងអាក្រក់ តែមនុស្សដែលលើសពីល្អគឺ " មិនធ្វើទង្វើណាដែលគេមិនចង់ឲ្យនរណា ធ្វើដាក់ខ្លួន " ។ គ្មានរណាចង់ខុសទេ មានតែមនុស្សអាក្រក់ទើបចង់ខុស ។ ប៉ុន្ដែបើយើងជាមនុស្សល្អ តើមានរឿងអីដែលយើងចង់ខុស? បើយើងធ្វើខុស តើយើងចង់បានដំណោះស្រាយ ឬចង់បានការស្ដីបន្ទោស? បើយើងចេះយកចិត្តគេ មកប្រៀបនឹងចិត្តខ្លួនឯង នោះយើងនឹងដឹងថាយើងក៏មិនខុសពីគេដែរ ៕

Cr. ប្រាជ្ញាជីវិត

No comments:

Post a Comment