Sunday, January 20, 2019

មាសក្លែងក្លាយ



មានសុភាសិតខ្មែរមួយឃ្លាបានបង្រៀនថា " មាសសុទ្ធមិនខ្លាចភ្លើង " ។ បើយើងពិតជាល្អមែន ហេតុអ្វីខ្លាចការពិត? បើការពិតយើងគឺជាមាសមែន ហេតុអ្វីខ្លាចការវិនិច្ឆ័យរបស់អ្នកដទៃ? បើខ្លាចគឺមានតែយើងគឺជាមាសក្លែងក្លាយ ព្រោះបើមាសសុទ្ធមែន វាមិនខ្លាចភ្លើងទេ ។

ព្រះពុទ្ធសម្ដែងថា " ក្នុងលោកនេះមានរបស់បីយ៉ាង ដែលមិនអាចលាក់បាំងបាន ១ ព្រះអាទិត្យ ២ ព្រះចន្ទ ៣ ការពិត " មានពេលខ្លះការសាងកំហុសឡើងមក វាអាចជារឿងអចេតនា ព្រោះគ្មាននរណាចង់ខុសទេ តែការទទួលស្គាល់ និងចេះសុំទោសគឺជាការរក្សាតម្លៃក្នុងភាពជាមនុស្ស ។ បើធ្វើខុស តែមិនព្រមខុស នោះគឺជាកំហុសធ្ងន់ធ្ងរបំផុត ។ ដ្បិតយើងអាចប្រកែកឈ្នះគេ តែយើងចាញ់ក្នុងភាពជាមនុស្ស ។ ដ្បិតយើងអាចប្រកែកយកឈ្នះ តែយើងមិនអាចបំពានការពិតបានទេ ។

កំហុសតែងធ្វើឲ្យមនុស្សរអៀសខ្លួន រអៀសខ្លួនទើបខ្លាចការវិនិច្ឆ័យរបស់អ្នកដទៃ ខ្លាចការវិនិច្ឆ័យរបស់អ្នកដទៃទើបព្យាយាមគេចមុខ គេចមុខក៏ព្រោះតែខ្លួនមានកំហុស ។ គ្មាននរណាដែលមិនចេះខុសទេ សំខាន់ត្រូវចេះទទួលខុសត្រូវលើទង្វើខ្លួនឯង ។ ដ្បិតមានពេលខ្លះយើងអាចរត់គេច ។ ប៉ុន្ដែមិនថាយើងរត់គេចទៅដល់ទីណា ក៏យើងនៅតែស្ពាយឈ្មោះជាមនុស្សមានកំហុសជាប់ជានិច្ច ។ ជីវិត! គឺជាការរៀន ហើយការសាងកំហុស និងចេះសុំទោសក៏ជាមេរៀនជីវិតដែរ ព្រោះមនុស្សមិនអាចខ្វះគុណតម្លៃបានទេ ហើយដើម្បីរក្សាគុណតម្លៃបាន លុះត្រាតែយើងដុះខាត់ព្រលឹងខ្លួនឯង ឲ្យមានគុណធម៌ជាមុនសិន ។ ដ្បិតមនុស្សគ្មានគុណធម៌ គឺមានតែមនុស្សពាល គឺបុគ្គលដែលបានកាត់ប្រយោជន៍ខ្លួនឯងផង អ្នកដទៃផង ហើយកាត់ប្រយោជន៍លោកនេះផង និងលោកខាងមុខផង

Cr. Sun Veasna 
picture's google

No comments:

Post a Comment