Friday, January 4, 2019

អង្គុយគិតតែសង្ស័យ!!!



បើខ្ញុំបំពាក់គំនិតល្បិចកលក្នុងខួរក្បាលគ្រប់ពេល តើមួយថ្ងៃខ្ញុំត្រូវពាក់របាំងមុខប៉ុន្មាន? បើខ្ញុំអង្គុយតែសង្ស័យមនុស្សជុំវិញខ្លួនគ្រប់ពេល ខ្ញុំប្រហែលរកក្ដីសុខឲ្យខ្លួនឯងពុំឃើញឡើយ ថាមិនត្រូវអាចឡប់សតិទៀតផងក៏ថា ។ បើខ្ញុំអង្គុយតែរៀនពីល្បិចកលរបស់អ្នកដទៃ ក៏ប្រហែលជាអាចសុបិនអាក្រក់រាល់យប់ផងក៏មិនដឹង!! ។ បើខ្ញុំអង្គុយតែគិតថាក្នុងលោកនេះគ្មានមនុស្សល្អ តើពេលណាទើបខ្ញុំមានមិត្តល្អ អ្នកជិតខាងល្អ ឬញាតិសន្ដានល្អទៅ?  តើហត់ទេ ដែលត្រូវរស់នៅជាមួយគំនិតសង្ស័យគ្នា ប្រើល្បិចដាក់គ្នាមិនចេះចប់មិនចេះហើយបែបនេះ? បើអង្គុយតែសង្ស័យគ្នាអ៊ីចឹង តើពេលណា ខែណា ឆ្នាំណា ទើបយើងមានសន្ដិភាពជាមួយគ្នាទៅ?

ភាពស្មោះត្រង់ គឺជាគុណតម្លៃរបស់មនុស្ស ។ ភាពក្រឡេចក្រឡុច គឺជាសញ្ញាសម្គាល់របស់មនុស្សអាក្រក់ ។ គ្មាននរណាម្នាក់មិនចង់បានសន្ដិភាពជីវិតទេ ក៏គ្មានសន្ដិភាពឯណាបង្កើតឡើងដោយវប្បធម៌ល្បិចកល ក្រឡិចក្រឡុច សង្ស័យគ្នាមិនចេះចប់មិនចេះហើយនោះដែរ ។

យើងគួរស្វែងរកសន្ដិភាព ដ្បិតមនុស្សរស់នៅគឺត្រូវការសន្ដិភាព ។ មានសន្ដិភាពមានភាពសុខសាន្ដ គ្មានទីឋានណាដែលគេស្វាគមន៍មនុស្សអាក្រក់ទេ ជាពិសេសមនុស្សដែលមានល្បិចពេញពោះ ។ ឲ្យតែនឹកដល់ពាក្យថាសន្ដិភាព ខ្ញុំតែងរលឹកដល់ពាក្យទូន្មានរបស់អ្នកប្រាជ្ញ ខុងជឺ ដែលលោកបានប្រាប់ថា " កុំធ្វើទង្វើណា ដែលយើងមិនចង់ឲ្យគេធ្វើដាក់យើង " ។ ព្រះពុទ្ធ ក៏បានបង្រៀនដែរថា " គ្មានភ្លើងណាឆេះស្មើនឹងភ្លើងចំណង់ គ្មានត្រីឆ្លាមណាកាចសាហាវស្មើនឹងការស្អប់ គ្មានអន្ទាក់ណាទាក់ជាប់ស្មើនឹងសេចក្ដីល្ងង់ខ្លៅ គ្មានទឹកណាហូរជន់ជោរស្មើនឹងភាពលោភលន់របស់មនុស្សឡើយ ។ សេចក្ដីសុខពិតនៅក្នុងខ្លួនអ្នក ដូច្នេះចូរកុំព្យាយាមរកវាពីខាងក្រៅ "គ្មានការឈឺចាប់ណា ស្មើភ្លើងកិលេស ។ គ្មានសត្រូវកាចសាហាវណា ស្មើនឹងចិត្តល្ងង់ខ្លៅ ។ គ្មានការវង្វែងណា ស្មើនឹងវង្វេងប្រយោជន៍ភ្លេចមិត្តភក្តិ ញាតិសណ្ដាននោះទេ

Cr. Sun Veasna

No comments:

Post a Comment