Wednesday, January 2, 2019

ជីវិតមនុស្សខ្លីណាស់



ជីវិតមនុស្សខ្លីណាស់​ ខ្លីដូចគេព្រិចភ្នែក។
ជីវិតមនុស្សផុយណាស់​ ផុយដូចក្រដាសជូតមាត់។​
ហេតុនេះហើយ​ទើបពេលដែលយើងមានមនុស្សដែលយើងស្រឡាញ់នៅក្បែរ​ យើងត្រូវធ្វើល្អដាក់គេឲ្យបានច្រើន​ នោះពេលបាត់បង់គេជារៀងរហូតយើងនឹងមិនស្ដាយក្រោយ។​

កុំយំ​ បើមនុស្សដែលយើងស្រឡាញ់ស្លាប់​ តែត្រូវយំបើសិនយើងធ្លាប់ធ្វើឲ្យគេយំដោយសារយើង​ ធ្លាប់ធ្វើបាបគេ​ ធ្លាប់បោះបង់គេ​ ធ្លាប់មិនយកចិត្តទុកដាក់នឹងគេ​ ធ្លាប់មិនផ្ដល់ក្ដីស្រឡាញ់ឲ្យគេ។​ តែត្រូវចាំថា​ ការយំនោះនឹងមិនបានអ្វីមកវិញ​ ក្រៅពីតួកម្សត់ក្នុងរោងបុណ្យឡើយ

ត្រូវសប្បាយចិត្ត​ នៅពេលមនុស្សដែលយើងស្រឡាញ់ស្លាប់​ ព្រោះគេផុតទុក្ខហើយ​ ហើយយើងក៏បានធ្វើល្អនឹងគេអស់ពីចិត្ត​ ស្រឡាញ់គេអស់ពីចិត្ត​ គិតគេអស់ពីចិត្ត​ នៅក្បែរនិងមើលថែគេអស់ពីចិត្ត។

នៅពីក្រោយការយំពេលបាត់បង់មនុស្សដែលខ្លួនស្រឡាញ់​ មិនមែនព្រោះស្ដាយអ្នកដែលស្លាប់ទៅនោះទេ​ តែស្ដាយដែលមិនបានធ្វើរឿងអ្វីមួយចំពោះគេ​ពេលដែលនៅក្បែរគ្នា។

ខ្ញុំយំ​ នៅពេលដឹងថាមិត្តរបស់ខ្ញុំស្លាប់​ ព្រោះកាលគេនៅរស់​ ខ្ញុំមិនដែលសូម្បីតែឆាតសួរគេ​ ថាគេសុខសប្បាយឬអត់។

ខ្ញុំមិនយំ​ នៅពេលដែលអ៊ុំប្រុសខ្ញុំស្លាប់ ព្រោះកាលគាត់នៅរស់​ ខ្ញុំបានស្រឡាញ់គាត់ហើយ។​ ខ្ញុំបានជួយអ្នកម្ដាយធ្វើម្ហូបដែលគាត់ចង់ពិសារួចហើយ​ ខ្ញុំលែងស្ដាយក្រោយហើយ។​

កុំឲ្យពាក្យស្ដាយក្រោយ​ កើតឡើងដដែលៗ​អី​។​ ស្រឡាញ់មនុស្សជាទីស្រឡាញ់ឲ្យអស់ពីចិត្ត​ មិនថាជាឪពុកម្ដាយ​ មិត្តភ័ក្ដិ​ បងប្អូន​ ឬអ្នកណាទេ​ នោះយើងនឹងមិន"ស្ដាយក្រោយ"​ទោះគេទៅមុនយើង​ ឬយើងទៅមុនគេក៏ដោយ។

No comments:

Post a Comment