“មនុស្សដែលសប្បាយដាច់បង្ហៀរ
គឺប្រៀបដូចជាសត្វរ៉ៃ តែមនុស្សដែលមិនប្រហែសដៃ
ប្រឹងប្រែងប្រើសន្តិភាពបង្កើនភាពជោគជ័យថែមទៀត គឺប្រៀបដូចជាសត្វស្រមោច”។
នៅក្នុងជីវិតមនុស្សភាគច្រើន សុទ្ធតែធ្លាប់ឆ្លងកាត់នូវភាពជោគជ័យ
តែមានមនុស្សតិចតួចបំផុតដែលអាចរក្សាជ័យជម្នះឱ្យនៅខាងខ្លួនបានរហូត។
ជោគជ័យគ្មានអ្វីអស្ចារ្យ តែមនុស្សដែលអស្ចារ្យ
គឺជាអ្នកដែលចេះថែរក្សាជោគជ័យឱ្យនៅខាងខ្លួនជានិច្ច។ បរាជ័យគ្មានអ្វីគួរឱ្យខ្លាច
តែអ្វីដែលគួរឱ្យខ្លាច គឺចិត្តបរាជ័យ ដោយមិនហ៊ានសាកល្បងប្រឹងបន្តម្តងទៀត។
ពេលឈ្នះមិនរំភើប ពេលចាញ់មិនញាប់ញ័រតក់ស្លុត។ ពេលយើងឈ្នះ
យើងមិនអស្ចារ្យដូចអ្វីដែលអ្នកដទៃសរសើរ ហើយពេលយើងចាញ់ យើងក៏មិនអន់ខ្លាំង
ដូចអ្វីដែលអ្នកដទៃគិតដែរ។ យកស្រួល តែពិបាករក្សា។ តើត្រូវរក្សាជោគជ័យយ៉ាងដូចម្តេច?
នៅក្នុងព្រេងនិទានខ្មែរ យើងមានរឿងសត្វរ៉ៃ
និងស្រមោច ដែលបង្ហាញថា “រ៉ៃតែងតែសប្បាយដាច់បង្ហៀរនឹងជោគជ័យ
សប្បាយភ្លេចខ្លួន...។ ប៉ុន្តែស្រមោចវិញ ជាសត្វដែលចេះត្រៀមខ្លួន ចេះគិតពីអនាគត
និងមានទស្សនវិស័យ ឬជាអ្នកការពារហានិភ័យ (risk management/risk prevention)។
ខ្ញុំនៅចាំសម្តីរបស់រូបវិទូស.វទី២០ អាល់ប៊ឺត អាញស្តាញ “មនុស្សធម្មតាដោះស្រាយបញ្ហា
នៅពេលមានបញ្ហាកើតឡើង តែមនុស្សឆ្លាតការពារបញ្ហាមុនវាកើតឡើង”។
សុភាសិតខ្មែរពោលថា “ការពារទុក
ស្រណុកជាងកែខៃ។ ការពារ វាប្រសើរជាងព្យាបាល”។
តើយើងអាចរៀនមេរៀនអ្វីខ្លះពីសត្វស្រមោច? ទស្សនវិជ្ជារបស់សត្វស្រមោចដែលយើងអាចរៀនសូត្របាន
និងអាចអនុវត្តបាន៖
ទី១. ស្រមោចជាសត្វដែលចេះប្រឹង
មិនងាយបោះបង់ ទៅមុខជានិច្ច។ ពេលស្រមោចកំពុងតែវាលើដី ឬវាសំដៅទៅទិសដៅណាមួយ
ចូរយើងសាកល្បងយកអ្វីមករារាំងវា។ ប្រតិកម្មរបស់ស្រមោច គឺទៅមុខជានិច្ច
ឬស្វែងរផ្លូវចេញ។ មនុស្សយើង ចង់សម្រេចអ្វីមួយ បើខ្វះអ្វីអាចខ្វះបាន តែកុំខ្វះឆន្ទៈ
ដ្បិតបើយើងមានឆន្ទៈចង់ធ្វើអ្វីមួយ
គឺយើងនឹងប្រឹងប្រែងស្វែងរកវិធីធ្វើរឿងនោះឱ្យទាល់តែបាន។ ប្រៀបដូចជាស្រមោច
ដែលរកវិធីទៅមុខជានិច្ច ដោយប្រើប្រាស់នូវផ្លូវផ្សេងៗ។
ទី២. ស្រមោចតែងតែគិតថា “រដូវរងាជារដូវក្តៅ
ហើយរដូវក្តៅជារដូវរងា”។ ទស្សនៈបែបនេះ តែងរំឮកដល់សត្វស្រមោចថា រដូវណា
ថ្ងៃណា ខែណា ក៏វាសុទ្ធតែជាពេលវេលានៃការប្រឹងប្រែងជានិច្ច ដោយពុំភ្លេចខ្លួនសោះឡើយ។
ខែរងារ ក៏ប្រឹងធ្វើការ ខែប្រាំងក៏នៅតែប្រឹងធ្វើការ គឺប្រឹងជាប់ជានិច្ច។
នេះជាយុទ្ធសាស្រ្តនៃការថែរក្សាស្បៀង យុទ្ធសាស្រ្តប្រមូលស្បៀង
យុទ្ធសាស្រ្តរស់បានយូរអង្វែង។ ចំពោះមនុស្សវិញ ទស្សនៈនេះមានន័យថា “បើចង់ខ្លាំង
ត្រូវប្រឹងរហូត”៕
No comments:
Post a Comment