Monday, December 24, 2018

ធ្វើរឿង៣នេះឲ្យគ្រប់ ជីវិតនឹងរីកចម្រើន



១) ព្យាយាមបំពេញតួនាទី៖ មានន័យថា មនុស្សយើងម្នាក់ៗ ត្រូវចេះទទួលខុសត្រូវលើតួនាទីរបស់ខ្លួនឯង ដោយអស់ពីកម្លាំងកាយចិត្តនិងអស់សមត្ថភាព លទ្ធភាពដែលខ្លួនមានទាំងផ្នែកការងារ គ្រួសារ សង្គម និងប្រទេសជាតិ គឺការធ្វើតួនាទីក្នុងពេលបច្ចុប្បន្ននេះឲ្យបានល្អបំផុត មិនចាំបាច់រង់ចាំព្រេងសំណាងនៃព្រហ្មលិខិតទេ គឺយើងលិខិតដោយខួរក្បាល ដៃជើងទាំងទ្វេរបស់យើងនេះឯង គឺយើងត្រូវបំពេញតួនាទីយ៉ាងហ្មត់ចត់ ដោយគ្មានលេសអាង បំពេញតួនាទីដោយមុតមាំជាប់មិនដាច់ រហូតដល់បានសម្រេចជាស្ថាពរ។

២) ព្យាយាមសិក្សារកចំណេះដឹង៖ មានន័យថា យើងម្នាក់ៗ ត្រូវធ្វើខ្លួនជាអ្នករៀនសូត្រជានិច្ច ចេះខ្វល់ខ្វាយស្វែងរកចំណេះវិជ្ជា បើកបង្ហាញបទពិសោធចំណេះដឹងរបស់ខ្លួនឲ្យធំទូលាយ ត្រូវចេះស្ដាប់ការផ្ដល់មតិយោបល់ពីជននានាដែលនៅជុំវិញ ធ្វើខ្លួនឲ្យដូចជាទឹកកន្លះកែវ ព្រមទទួលយកនូវចំណេះដឹងថ្មីៗបានគ្រប់ពេលទាំងអស់។

៣) ព្យាយាមដុតកិលេស៖ ក្នុងន័យនេះ មនុស្សម្នាក់ៗកើតមកក្នុងលោកនេះ ចេះបំពេញតួនាទីរបស់ខ្លួនឯងបានល្អ និងចេះស្វែងរកចំណេះវិជ្ជាឲ្យខ្លួនឯងបានហើយ ចុងក្រោយត្រូវចេះរៀនហ្វឹកហាត់ចិត្តខ្លួនឲ្យរួចផុតពីភាពចង់មាន ចង់បាន ដែលកើតពីសេចក្ដីលោភលន់ចង់មានចង់បាន ខឹងក្រោធប្រទូសរាយមនុស្ស សត្វ និងឈ្លក់វង្វេងស្រវឹងលើតួអត្ដានេះ ត្រូវចេះលះសេចក្ដីប្រកាន់មាំក្នុងវត្ថុ បុគ្គល តួនាទី បុណ្យស័ក្ដិ កេរ្តិ៍ឈ្មោះ កិត្តយស លាភ យស សរសើរ និន្ទា សុខ ទុក្ខ គិតសម្លឹងរំពៃទោសខ្លួនឯង សម្លឹងរំពៃមើលគុណសម្បត្តិរបស់អ្នកដទៃឲ្យបានច្រើន និងត្រូវចេះរៀនរស់នៅក្នុងលោកនេះប្រកបដោយសោមនស្សរីករាយ។

បុគ្គលណាក៏ដោយ បើធ្វើបានគ្រប់ទាំងបីប្រការដែលបានពោលមកខាងលើ បុគ្គលនោះតែងតែបានឈ្មោះថា ឥតជាភារៈរបស់លោក មិនជាភារៈរបស់ខ្លួនឯង គឺបុគ្គលនោះរស់នៅក្នុងភាពជាបុគ្គលប្រសើរ មិនមានថ្ងៃធ្លាក់ទាបទៅកាន់ផ្លូវវិនាសគ្រប់កាលៈទេសៈ៕ 


គោលគំនិតល្អដើម្បីជីវិត
រូបភាព FB



No comments:

Post a Comment