Sunday, December 16, 2018

តើមិត្តពិតរបស់យើងជានរណា?



បុរសម្នាក់ត្រូវគេសម្រេចចិត្តប្រហាជីវិត
មុននឹងខ្លួនស្លាប់ គាត់បានសុំអនុញាតអ្នកចាត់ការទៅលាមិត្តៗ
ហើយប្រញាប់ទៅរកមិត្តម្នាក់ដំបូងគេ
ដែលខ្លួនស្រឡាញ់ខ្លាំងបំផុត ទៅណាមកណាក៏ទៅជាមួយគ្នាជានិច្ច
ហើយនិយាយពីហេតុការណ៍ឲ្យមិត្តម្នាក់នោះស្ដាប់
ហើយសួរថា……
ប្រសិនបើគេត្រូវស្លាប់ តើមិត្តនឹងធ្វើយ៉ាងម៉េច?
គេទទួលបានពាក្យតបថា
ប្រសិនបើឯងស្លាប់ទៅ យើងក៏ចប់គ្នាត្រឹមហ្នឹងឯង

ពេលគេទៅរកមិត្តទីពីរ
ដែលមានភាពសំខាន់ចំពោះគេខ្លាំងណាស់
ព្រោះធ្លាប់ធ្វើអ្វីគ្រប់យ៉ាងក៏ដើម្បីបានមិត្តម្នាក់នេះមក
ប៉ុន្តែដល់ពេលនិយាយរឿងចប់ គេក៏បានពាក្យតបមកវិញគឺ
បើឯងស្លាប់ទៅ ខ្ញុំក៏នឹងមានមិត្តថ្មីទៀត

គេដើរឆ្ងក់ៗទៅរកមិត្តទីបី
ដែលធ្លាប់យកចិត្តទុកដាក់ចំពោះគ្នាពីមុនមក
គេនិយាយរឿងឲ្យស្ដាប់ រួចក៏សួរដូចមុន
គេបានចម្លើយតបថា
ប្រសិនបើឯងស្លាប់ទៅខ្ញុំនឹងជូនដំណើរឯងទៅ

ចុងក្រោយគេទៅរក មិត្តម្នាក់ទៀត
ដែលខ្លួនមិនសូវចាប់អារម្មណ៍អើពើទេ
តែដល់ពេលខ្លួននិយាយរឿងចប់ ត្រឡប់ជាទទួលបានពាក្យតបថា
ប្រសិនបើឯងស្លាប់ទៅ… ខ្ញុំនឹងតាមទៅជាមួយដែរ

គេដឹងខ្លួនខុស និងសោកស្ដាយយ៉ាងខ្លាំង
ព្រោះពេញមួយជីវិត គេមិនធ្លាប់មើលឃើញតម្លៃរបស់មិត្តម្នាក់នេះឡើយ។

ក្នុងរឿងខាងលើនេះលោកអ្នកប្រាជ្ញបានឧបមាដូច្នេះថា

 មិត្តដំបូងគេ លោកប្រៀបដូចជា រាងកាយរបស់យើង
ព្រោះពេលដែលខ្លួនមានជីវិតរស់ យើងខិតខំទំនុកបម្រុងវាគ្រប់យ៉ាង
ចង់បានអ្វី ត្រូវរកមកឲ្យ តែដល់ពេលខ្លួនស្លាប់ទៅ
យើង និងរាងកាយក៏ត្រូវចប់គ្នាដែរ ។

 មិត្តទីពីរ លោកប្រៀបប្រដូចជា ទ្រព្យសម្បត្តិ
ព្រោះពេញមួយជីវិត យើងបានធ្វើគ្រប់យ៉ាងដើម្បីបានវាមក
តែដល់ពេលខ្លួនស្លាប់ទៅ សម្បត្តិទាំងនោះ ត្រឡប់ជាទៅនៅជាមួយអ្នកដទៃវិញ។

មិត្តទីបី គឺញាតិមិត្តបងប្អូន
ព្រោះហេតុដែលធ្លាប់មានឧបការគុណមើលថែទាំគ្នាមក
ដល់ពេលខ្លួនស្លាប់ទៅ ពួកគេក៏មានតួនាទីចាត់ការសាកសពឲ្យសមរម្យតាមឋានៈ និងទ្រព្យ
ធ្វើបុណ្យដាក់ទានឧទ្ទិសផលបុណ្យទៅឲ្យ ដូចជាជូនដំណើរយើងទៅក្នុងពេលនោះអ៊ីចឹងដែរ។

ចំណែខាង មិត្តទីបួន នៅពេលខ្លួនមានជីវិតរស់
យើងមិនសូវផ្ដល់ភាពសំខាន់ឲ្យប៉ុន្មានទេ
តែដល់ពេលខ្លួនដាច់ខ្យល់ស្លាប់ទៅ ត្រឡប់ជាទៅជាប់តាមខ្លួនយើងរហូត
មិត្តម្នាក់នេះគឺ បុណ្យនិងបាប

មិនថា រាងកាយ ទ្រព្យសម្បត្តិ
ឬញាតិមិត្តបងប្អូន គ្រប់យ៉ាងសំខាន់ទាំងអស់ក៏ពិតមែន
តែកុំភ្លេចផ្ដល់ភាពសំខាន់ជាមួយរឿងបុណ្យ និងបាបផង។
ព្រោះវាជាមិត្តដែលត្រូវជាប់តាមខ្លួនយើងទៅគ្រប់ជាតិភព
និងគួរផ្ដល់ភាពសំខាន់ចាប់ពីពេលនេះ ឥឡូវនេះទៅ
ព្រោះប្រសិនបើដល់ថ្ងៃនោះ ទោះបីជាខ្លួននឹកឃើញក៏ដោយ
តែយើងក៏មិនអាចធ្វើអ្វីបានឡើយ ។

បើចង់លាងជម្រះ ក៏សូមឲ្យលាងជម្រះកិលេសតណ្ហា
ដែលមាននៅក្នុងចិត្តរបស់យើង
កុំទៅលាងជម្រះបាប! បាបនោះលាងជម្រះមិនបាន
ធ្លាប់ធ្វើបាបទុក បាបក៏នឹងជាប់យើងទៅ

ប្រសិនបើមិនចង់ឲ្យបាបជាប់តាមទៅ
មិនចង់ទទួលផលរបស់បាបទេ
ចូរកុំធ្វើវាឡើយ តាំងតែពីពេលនេះទៅ ៕

Cr. គោលគំនិតល្អដើម្បីជីវិត


No comments:

Post a Comment