Sunday, December 16, 2018

សមរភូមិក្នុងខ្លួន



មូលហេតុដែលពិភពលោកខ្វះសាមគ្គីភាព [...] គឺដោយសារមកពីមនុស្សយើងបានបែកបាក់ជាមួយនឹងខ្លួនយើង

មូលហេតុដែលមនុស្សគ្មានសាមគ្គីភាពជាមួយអ្នកដទៃ គឺដោយសារតែមនុស្សយើងបែកបាក់ជាមួយនឹងខ្លួនឯង។ វាមានន័យថា មូលហេតុដែលសង្គមខ្វះសាមគ្គីភាពរវាងគ្នានិងគ្នា គឺដោយសារតែបុគ្គលម្នាក់ៗក្នុងសង្គមបានបែកបាក់ជាមួយនឹងខ្លួនឯង។ ក្នុងសង្គមដែលមនុស្សភាគច្រើនគ្មានភាពជា ឯកត្តបុគ្គល - Individuality តែងធ្វើឱ្យមនុស្សរស់នៅជាមួយនឹងអារម្មណ៍ច្រើនជាងគោលការណ៍។ អាម្មរណ៍តែងប្រែប្រួលមិនទៀង គ្រប់គ្រងមិនបាន រហូតបែកបាក់ជាមួយនឹងខ្លួនឯង។ តើអ្វីទៅដែលជាការបែកបាក់ខាងក្នុងរបស់មនុស្ស?

ពាក្យចាស់ខ្មែរលោកពោលថា ឈ្នះអ្នកក្រដោយការឱ្យទាន ឈ្នះអ្នកមានដោយការគោរព ឈ្នះសព្វគ្រប់ គឺឈ្នះខ្លួនឯង។ មនុស្សដែលឈ្នះខ្លួនឯង តែងប្រយុទ្ធនឹងសត្រូវក្នុងខ្លួនជាមុនសិន មុននឹងសម្រេចចិត្តតស៊ូជាមួយសត្រូវក្រៅខ្លួន។ មនុស្សយើង គួរតែប្រយុទ្ធតស៊ូជាមួយខ្លួនឯងឱ្យឈ្នះសិន មុននឹងយកឈ្នះលើអ្នកដទៃ។ មនុស្សដែលមានសន្តិភាព ពុំមានចិត្តចង់បំពាននរណាម្នាក់ឡើយ តែសុខចិត្តប្រឹងបំពានជាមួយនឹងភាពអវិជ្ជមាន និងបិសាចដែលស្ថិតនៅក្នុងខ្លួនឯងវិញ។ បរមគ្រូ ឡៅ ជឺ (Lao Tzu) និយាយថា អ្នកអាចស្គាល់អ្វីបានច្រើនដោយសារការដឹងរឿងរបស់អ្នកដទៃ តែមនុស្សឈ្លាសវៃ គឺជាអ្នកដែលស្គាល់ពីខ្លួនឯង។ អ្នកអាចមានអំណាចដោយការគ្រប់គ្រង់លើអ្នកដទៃ តែមនុស្សអស្ចារ្យ គឺអ្នកដែលចេះគ្រប់គ្រងខ្លួនឯង

យើងចាំបាច់ត្រូវឈ្នះបិសាចដែលស្ថិតនៅក្នុងខ្លួនយើងជាមុនសិន មុននឹងយើងយកឈ្នះភាពអាក្រក់ ទង្វើអយុត្តិធម៌ បញ្ហាសង្គម...។ល។ ដែលស្ថិតនៅខាងក្រៅខ្លួន។ បើយើងគ្រប់គ្រងខ្លួនឯងពុំបានផង ហេតុអ្វីមកចង់គ្រប់គ្រងអ្នកដទៃ ឬគ្រប់គ្រងស្ថានភាពខាងក្រៅ? ព្រះគម្ពីរចែងថា ចូរប្រុងប្រយ័ត្នគំនិតដែលអ្នកគិត ដ្បិតផលនៃជីវិតសុទ្ធតែកើតចេញពីគំនិតទាំងអស់។ ព្រះពុទ្ធសម្តែងថា អ្នកគិតបែបណា អ្នកនឹងក្លាយទៅជាបែបនោះ, អ្នកមានអារម្មណ៍បែបណា អ្នកនឹងស្រូបទាញរបស់បែបនោះ, អ្នកស្រម៉ៃបែបណា អ្នកនឹងបង្កើតរបស់បែបនោះ។ មនុស្សដែលមិនចុះសម្រុងនឹងខ្លួនឯង មិនត្រឹមតែប៉ះទង្គិចជាមួយខ្លួនឯងញយៗដងទេ តែថែមទាំងពុំអាចស្វែងរកសន្តិភាព របៀបរៀបរយ សណ្តាប់ធ្នាប់ និងសេចក្តីសុខសម្រាប់ខ្លួនឯងបានទៀតផង។ តើហេតុអ្វីខ្ញុំលើកឡើងពីរឿងសមរភូមិក្នុងខ្លួនមនុស្ស?

បើយើងម្នាក់ៗឈ្នះលើខ្លួនឯង នឹងនាំឱ្យជាតិរុងរឿង តែបើមនុស្សម្នាក់ៗចាញ់សមរភូមិក្នុងខ្លួនឯង នឹងនាំឱ្យជាតិយំ។ ជ័យជម្នះមនុស្សម្នាក់ៗក្នុងសង្គម គឺជាជ័យជម្នះរបស់សង្គមផ្ទាល់តែម្តង។ មនុស្សម្នាក់អាចជួយខ្លួនឯងបាន ប្រៀបដូចនឹងជួយសង្គមបាន។ មនុស្សម្នាក់ៗគ្មានសមត្ថភាព មិនអាចជួយខ្លួនឯងបាន នឹងត្រូវក្លាយទៅជាបន្ទុកសង្គម។ ជួយខ្លួនឯងមុន, ជួយគ្រួសារបន្ទាប់, និងជួយសង្គមចុងក្រោយបំផុត។ បើយើងខ្លាំងនាំឱ្យគ្រួសារខ្លាំង។ គ្រួសារខ្លាំងធ្វើឱ្យសង្គមខ្លាំង។ ប៉ុន្តែ ក្នុងកាលៈទេសៈសំខាន់បំផុត មនុស្សស្លាប់អាចកើតទៀត តែបើអស់ជាតិ ឃ្លាតរហូតមនុស្សស្លាប់ដើម្បីកើត តែបើមនុស្សក្នុងសង្គមគ្មានកំណើត ជាតិនឹងរលាយលែងកើតទៀតហើយ (ជួយសង្គមមុន)។

សុភាសិតខ្មែរពោលថា ចាញ់ចត្រង្គអស់ប្រាជ្ញា ចាញ់តណ្ហាអស់កុសល ចាញ់យោបល់អស់នគរ។ ចូរឈប់ចាញ់កិលេស សង្កត់តណ្ហាឱ្យជាប់ ច្បាំងឱ្យឈ្នះខ្លួនឯង។ ជីវិត វាជាសមរភូមសង្គ្រាមទាំងក្នុងខ្លួនផងនិងក្រៅខ្លួនផង។ យើងត្រូវតែជា អ្នកបដិវត្តន៍ផ្ទៃក្នុង (ខ្លួន) ហើយដក អញ - Ego ចេញឱ្យអស់ពីក្នុងខ្លួន បង្កើតសន្តិភាពក្នុងចិត្ត គិតរឿងសង្គម ដើរឱ្យផុតពីភាពជាបុគ្គលនិយម បណ្តុះសីលធម៌សង្គម ធ្វើតែសេចក្តីល្អ កុំលាបពណ៌នរណាម្នាក់ឱ្យសោះ។ បើចង់កែប្រែសង្គម យើងត្រូវកែប្រែចិត្តគំនិតខាងក្នុងរបស់ខ្លួនជាមុនសិន៕

The reason why the world lacks unity, and lies broken and in heaps, is, because man is disunited with himself. Ralph Waldo Emerson


No comments:

Post a Comment