“បុគ្គលគួរប្រព្រឹត្តចំពោះជនណាម្នាក់ដោយសេចក្តីសង្គ្រោះ
ឬកម្ទេចចោលកុំឱ្យមានគ្រោះនៅថ្ងៃក្រោយ។ អ្នកដែលរបួសស្រាលនឹងសងសឹកវិញ
តែចំពោះអ្នកដែលរបួសធ្ងន់វិញ គឺលែងមានឱកាសសងសឹកទៀតហើយ”។
នយោបាយវិទូតោ (កម្លាំង) និងកញ្ជ្រោង
(ល្បិចកល) នីកូឡូ ម៉ាឈីវ៉ាលី (Niccolo Machiavelli) គឺជាអ្នកនយោបាយប្រាកដនិយម
ជាក់ស្តែងនិយម និងប្រយោជន៍រួមនិយម។ “ប្រាកដនិយម” គឺបើធ្វើគឺធ្វើ
ហើយឥតនិយាយមាត់ទទេទេ។ “ជាក់ស្តែងនិយម” គឺបត់បែន មើលលើកាលៈទេសៈ
និងស្ថានភាពសង្គមជាក់ស្តែង។ “ប្រយោជន៍រួមនិយម” គឺប្រើនយោបាយឥតគិតពីសីលធម៌
ឥតមានមនោសញ្ចេតនា ដាច់ខាតនិយម ផ្តាច់ការនិយម ក្នុងគោលបំណងតែមួយគត់
គឺដើម្បីយកអំណាចរក្សាផលប្រយោជន៍រួមរបស់ប្រជាជន។ ជាទូទៅសម្រាប់ ម៉ាឈីវ៉ាលី ពាក្យថា “នយោបាយ” វាឥតជាប់ទាក់ទងនឹងសីលធម៌ទាល់តែសោះ។
សុភាសិតខ្មែរពោលថា “ដុតឱ្យខ្លោច
រោចឱ្យឆៅ” ដែលមានន័យថាមេដឹកនាំត្រូវស្គាល់ពីកាលៈទេសៈដែលត្រូវចិត្តដាច់
ផ្តាច់ការ ប្រហារឥតប្រណី។ បើត្រូវជាន់ គឺដាច់ខាតត្រូវជាន់ឱ្យលិច កុំឱ្យងើបមុខរួច
ឬបើត្រូវសម្លាប់ គឺត្រូវដកស្មៅទាំងឫស។ ប៉ុន្តែបើសណ្តោស គឺត្រូវលើកឱ្យខ្ពស់
ផ្តល់ឋានៈឱ្យហួស ឬមានន័យថាឱ្យឋានៈ ដកអំណាច, មានឋានៈជាសម្តេច
តែគ្មានអំណាចជាសម្តេច។ ក្នុងប្រវត្តិសាស្រ្តប្រទេសខ្លះ
មានមេដឹកនាំខ្លះក៏ត្រូវពួកក្រុមកុម្មុនីស្ត
បានបន្តុបអំណាចរហូតដល់អស់អំណាចពីខ្លួនរលីង។ នេះមានន័យថា “មានឋានៈខ្ពស់ផុតមេឃ
តែអំណាចទាំងអស់ វាគ្រាន់តែជាអំណាចនិមិត្តរូបប៉ុណ្ណោះ (ដូចឆាវឆាវ គំរាមរាស្រ្ត
សំឡុតស្តេច ប្តូរសម័យកាល)។
ចរិតតោនិងកញ្ជ្រោងនេះ
ទំនងផ្តាច់ការរកលេខដាក់គ្មាន។ ទ្រឹស្តីភាពជាអ្នកដឹកនាំបានកំណត់មេដឹកនាំពីរប្រភេទ៖
ទី១. មេដឹកនាំល្អ (Good
Leader) និង២. មេដឹកនាំដែលមានប្រសិទ្ធិភាព (Effective
Leader)។
មេដឹកនាំអាចបង្កើតព្រឹត្តិការណ៍គ្រប់បែបយ៉ាងដើម្បីរក្សាអំណាចរបស់ខ្លួន។
បើប្រើរបៀបដឹកនាំតាមបែបចរិតសត្វកញ្ជ្រោង ម៉ាឈីវ៉ាលី អះអាងថា “សម្តេច
(មេដឹកនាំ) អាចក្បត់ពាក្យសម្តីរបស់ខ្លួនបាន ដោយយកយន្តការច្បាប់មកប្រើ”។ នេះបង្ហាញថា
“មេដឹកនាំអាចនិយាយនូវសម្តីដែលមានគុណធម៌និងសីលធម៌
តែពុំចាំបាច់ធ្វើទង្វើដែលមានគុណធម៌និងសីលធម៌ទេ”។ មេដឹកនាំល្អ
ប្រហែលជាធ្វើមិនកើត អនុវត្តពុំស្រួលចិត្តទេ តែសម្រាប់មេដឹកនាំដែលមានប្រសិទ្ធិភាព
គឺស្ថិតនៅលើឆន្ទៈធំ។ ឆន្ទៈធំ ក្តីកង្វល់តូច តែបើឆន្ទៈតូច នាំឱ្យពិបាកអនុវត្តទង្វើផ្តាច់ការ
ធ្វើឱ្យក្តីកង្វល់ធំ។
អ្នកយុទ្ធសាស្រ្តពុំមែនជាអ្នកសីលធម៌និយម
ហើយអ្នកដែលប្រកាន់ឥរិយាបថសីលធម៌និយម ក៏ពុំអាចធ្វើជាអ្នកយុទ្ធសាស្រ្តកំពូលបានដែរ។
កំពូលអ្នកយុទ្ធសាស្រ្ត ចេះសម្លាប់
ហើយចេះធ្វើឱ្យខ្មោចដែលខ្លួនបានសម្លាប់អរគុណដល់ខ្លួនទៀតផង។ សាហាវពេកហើយ!
តើហេតុអ្វីខ្ញុំនិយាយពីរឿងយុទ្ធសាស្រ្តដែលទំនងវាមានលក្ខណៈគគ្រិចបន្តិច
តែមានប្រយោជន៍។ សុភាសិតខ្មែរពោលថា “ធ្វើស្រែឱ្យមើលស្មៅ
ទុកដាក់កូនចៅឱ្យមើលផៅសន្ដាន”។ ខ្ញុំសូមបំប្លែងថា “ធ្វើស្រែឱ្យមើលស្មៅ
រើសមេដឹកនាំបម្រើកូនចៅឱ្យចេះប្រុងប្រយ័ត្ន”។ ខ្ញុំអានសៀវភៅ “សម្តេច - The Prince” កាលពីបីឆ្នាំមុន
របស់ម៉ាឈីវ៉ាលី, ខ្ញុំចាំតែឃ្លាមួយគត់ “ការផ្លាស់ប្តូរមួយ
វានឹងនាំឱ្យមានការផ្លាស់ប្តូរមួយទៀតបន្តគ្នា”។
ទ្វារមួយបិទ ទ្វារមួយទៀតនឹងចំហរឡើង។
បាត់បង់អ្វីមួយ យើងនឹងបានអ្វីមួយផ្សេងទៀតមកជំនួសនូវអ្វីដែលបានបាត់បង់។
បាត់បង់ថ្ងៃនេះ យើងនឹងទទួលបានថ្ងៃស្អែក។ បាត់បង់ពន្លឺព្រះសូរិយា
យើងនឹងទទួលបានពន្លឺព្រះចន្ទ។ បាត់មេឃស្រលះ យើងនឹងទទួលបានភ្លៀង។ រាំងភ្លៀង
យើងបានឃើញឥន្ទធនូ។ បាត់បង់ឱកាសរើសមេដឹកនាំល្អថ្ងៃនេះ
យើងនៅមានឱកាសរើសមេដឹកនាំល្អនៅថ្ងៃក្រោយទៀត។ សំខាន់ តើយើងបានរៀននិងចេះពីរបៀបរើស
ឬរបៀបមើលមេដឹកនាំល្អហើយ ឬនៅ? ស៊ុន ជឺ (Sun Tzu) និយាយថា
“ស្គាល់គេ
ស្គាល់ឯង ច្បាំងមួយរយដង ឈ្នះមួយរយដង។ ស្គាល់តែគេ តែពុំស្គាល់ខ្លួនឯង, ឬស្គាល់តែខ្លួនឯង
តែពុំស្គាល់គេឯង ច្បាំងអាចឈ្នះអាចចាញ់”។
ខ្ញុំបន្ថែមថា “ស្គាល់ចរិតមេដឹកនាំបច្ចុប្បន្នច្បាស់
ស្គាល់ខ្លួនឯងច្បាស់ (ចេះមើលចរិតមេដឹកនាំ)
គង់នឹងរើសបានមេដឹកនាំល្អម្នាក់នៅថ្ងៃក្រោយ”៕
“Men should be either treated generously or
destroyed, because they take revenge for slight injuries - for heavy ones they
cannot.” – Niccolo Machiavelli
___
រូបភាព www.google.com
No comments:
Post a Comment