Saturday, December 15, 2018

ចេះត្រឹមតែចាំនិងចេះគិតពិចារណា



គុណភាពនៃជីវិតរបស់យើង វាអាស្រ័យទៅអ្វីដែលយើងគិត តែវាពុំមែនស្ថិតនៅលើអ្វីដែលយើងចងចាំនោះទេ

ថ្វីដ្បិតតែការមានព័ត៌មានក្នុងខួរក្បាលច្រើន វាជាផ្នែកមួយដែលនាំឱ្យយើងអាចទាញយកមកធ្វើការវិភាគមែន តែការចេះគិតពិចារណានិងរបៀបនៃការគិតពិចារណា វាសំខាន់ជាងទិន្នន័យដែលយើងមានក្នុងខួរក្បាលទៅទៀត។ មានខួរក្បាលដែលចេះគិតពិចារណា វាប្រសើរជាងខួរក្បាលដែលមានត្រឹមតែចំណេះដឹងឬព័ត៌មាន។ អ្នកខ្លះ ចាំទិន្នន័យបានច្រើន ហើយក៏ចេះតែសូត្រតាម គឺសូត្ររហូតដល់បែកពពុះមាត់ក៏មាន។ (តើនរណាខ្លះធ្លាប់មើលរឿង 3 Idiots? តើចាំបានឈុតឆាកមួយ ដែលនិស្សិតម្នាក់ឡើងសូត្រចំណាប់អារម្មណ៍ ដែលនាំឱ្យសាកលវិទ្យាធិការខ្មាសទាំងរដ្ឋមន្រ្តី និងនិស្សិតចូលរួមដទៃទៀតទេ?)

យុគសម័យពីមុន មនុស្សជាតិប្រកួតប្រជែងលើព័ត៌មាន។ យុគសម័យបន្ទាប់ មនុស្សជាតិប្រកួតប្រជែងលើចំណេះដឹង។ យុគសម័យថ្មីនេះ មនុស្សជាតិប្រកួតប្រជែងលើការច្នៃប្រឌិដ្ឋ។ គំនិតដែលងាប់ក្រឡា គឺជាគំនិតហួសសម័យឥតបានការណ៍ទេ។ មនុស្សឆ្លាតពុំមែនជាបុគ្គលដែលមានខួរក្បាលពូកែចាំទិន្នន័យគ្រប់យ៉ាងទេ តែជាមនុស្សដែលដឹងថាតើត្រូវទៅរកទិន្នន័យទាំងអស់នោះនៅឯណា? អង្គចងចាំនៃប្រព័ន្ធបច្ចេកវិទ្យា (Memory) មានតួនាទីជាអ្នកផ្ទុកទិន្នន័យ ហើយខួរក្បាលមនុស្សមានតួនាទីជាអ្នកគិតរិះរកអ្វីដែលថ្មីៗ។ មនុស្សឆ្លាតពិតប្រាកដ គឺជាបុគ្គលដែលពូកែសួរ តែពុំមែនមនុស្សពូកែឆ្លើយទេ។ យុគសម័យនេះ គឺជាសម័យនៃការច្នៃប្រឌិដ្ឋថ្មី តែពុំមែនជាយុគសម័យដែលប្រកួតប្រជែងលើព័ត៌មាន ឬចំណេះដឹងទៀតឡើយ។

ការចេះគិតត្រិះរិះពិចារណា ធ្វើឱ្យយើងខុសពីសត្វ។ ការរស់នៅរបស់សត្វភាគច្រើន ប្រើតែសភាវគតិប៉ុណ្ណោះ។ បើទោះបីជាយើងរៀនជំនាញអ្វីក៏ដោយ ឱ្យតែពូកែគិត វានឹងធ្វើឱ្យយើងក្លាយទៅជាមនុស្សឆ្នើម។ អ្នករៀនទស្សនវិជ្ជា នៅតែជាអ្នករៀនទស្សនវិជ្ជា បើយើងនៅតែមិនរៀនវែកញែកគំនិតរបស់ទស្សនវិទូ និងរៀនឆ្លុះបញ្ចាំងគំនិតទាំងនោះ ជាមួយនឹងស្ថានភាពសង្គមដែលខ្លួនរស់នៅទេ។ គំនិតចាស់ បូកគំនិតថ្មី ស្មើនឹងគំនិតច្នៃប្រឌិដ្ឋ។ គំនិតចាស់ថ្មីទាំងអស់ បូកនឹងកាលៈទេសៈសង្គមជាក់ស្តែង វានឹងបង្ហាញយើងថាតើយើងត្រូវអភិរក្សត្រង់ណា និងអភិវឌ្ឍត្រង់ណា?

បដិវត្តន៍ក្នុងពិភពលោកទាំងអស់ សុទ្ធតែកើតចេញពីក្រុមមេគំនិតធំៗ ឬយើងហៅថា ទស្សនវិទូ។ ទស្សនវិជ្ជា គឺជាហេតុធ្វើឱ្យសង្គមមានបដិវត្តន៍ ដ្បិតមនុស្សរស់ក្នុងសង្គមតែងចង់បានជីវិតដែលល្អប្រសើរជាងមុន។ ឧទាហរណ៍ជាក់ស្តែង. តើទស្សនវិទូរូបណាដែលធ្វើឱ្យមានបដិវត្តន៍របបរាជានិយម? តើទស្សនវិទូរូបណាដែលបង្កើតរបៀបដឹកនាំរដ្ឋ និងផ្លាស់របៀបចាស់? ដូច្នេះ កុំឆ្ងល់ថាហេតុអ្វីសង្គមខ្លះ មេដឹកនាំខ្លះ ហាមឃាត់មិនឱ្យមានការសិក្សាទស្សនវិជ្ជាស៊ីជម្រៅ ដល់ប្រជាជន ឬយុវជន? មនុស្សដែលមិនហ៊ានគិតនូវអ្វីដែលខ្លួនចង់គិត គឺជាទាសករ ឬជាមនុស្សកំសាក។ ក្នុងចំណោមទស្សនវិទូទាំងអស់ ខ្ញុំសរសើរសូក្រាត ដ្បិតលោកនិយាយថា ម្តាយខ្ញុំគឺជាឆ្មបបង្កើតកូន រីឯខ្ញុំជាឆ្មបបង្កើតគំនិត

No comments:

Post a Comment