Thursday, January 3, 2019

រៀនធ្វើមនុស្សថ្មី!



ខុងជឺ ពោលថា " អ្វី​ដែល​មនុស្ស​អស្ចារ្យ​ស្វែងរក គឺ​នៅក្នុង​ខ្លួន​ពួកគេ ហើយអ្វី​ដែល​មនុស្ស​ធម្មតា​ស្វែងរក គឺ​នៅក្នុង​ខ្លួន​អ្នកដទៃ " ។ មនុស្សអស្ចារ្យព្យាយាមស្វែងរកខ្លួនឯង ហើយរៀនស្គាល់ពីសក្ដានុពលខ្លួនឯង ។ ចំណែកមនុស្សធម្មតាស្វែងរកប្រយោជន៍ពីអ្នកដទៃ ឬស្វែងរកដង្ហើមពីអ្នកដទៃ (មិនស្គាល់ខ្លួនឯង ) ។ មនុស្សដែលអាចបង្កើតសមិទ្ធផលជីវិតដោយកម្លាំងខ្លួនឯង ខុងជឺ បានឲ្យឈ្មោះថា " បុគ្គលអស្ចារ្យ " ។ ចំណែកមនុស្សដែលស្វែងរកខ្លួនឯងពីក្នុងខ្លួនអ្នកដទៃ ខុងជឺ ឲ្យឈ្មោះថា "បុគ្គលធម្មតា "

មនុស្សយើងកើតមក តែងមានទេពកោសល្លខុសប្លែកគ្នា គ្រាន់តែអ្នកខ្លះអាចចម្រាញ់ផ្លែផ្កាពីទេពកោសល្លខ្លួនបាន ហើយអ្នកខ្លះមិនអាច ។ មនុស្សដែលអាចចម្រាញ់ផ្លែផ្កាពីទេពកោសល្លខ្លួនឯងបាន នោះក៏ព្រោះតែគេស្គាល់ខ្លួនឯងជានរណា ហើយមានសមត្ថភាពអ្វី? មានសក្តានុពលខ្លាំងប៉ុនណា? ។ ហើយនេះជាមូលហេតុដែលបិតាទស្សនវិទូ សូក្រាត តែងចង់ឲ្យមនុស្សគ្រប់គ្នាស្គាល់ខ្លួនឯងឲ្យច្បាស់ ព្រោះការស្គាល់ខ្លួនឯងច្បាស់ ជាចំណុចចាប់ផ្តើមនៃការស្វែងរកធនធានជីវិត ។

មនុស្សជាច្រើនតែងជឿលើការបន់ស្រន់ ហើយមិនសូវជឿលើសមត្ថភាពខ្លួនឯង សូម្បីតែខ្ញុំ ។ ប៉ុន្ដែធាតុពិតទៅ ជំនឿគ្រាន់តែជារឿងគួបផ្សំប៉ុណ្ណោះ វាមិនអាចឲ្យយើងពឹងទាំងស្រុងបានទេ ។ បុរាណខ្មែរពោលថា "គំនិតមិនកើត កំណើតមិនមាន " មិនប្រឹងខ្លួនឯងឲ្យខ្លាំង តើទេវតាណាជួយយើងបានទៅ!! ។ ចង់ឲ្យទេវតាជួយ លុះត្រាតែយើងខ្លាំងដែរ ឬអាចនិយាយបានថា " ទេវតាជួយតែមនុស្សខ្លាំងប៉ុណ្ណោះ " ។

ដើម្បីទទួលបានផ្លែផ្កាជីវិតដោយងាយស្រួល យើងគួរពិសោធមើលថា " តើយើងជានរណា? តើយើងពូកែអ្វី? តើយើងមានសក្តានុពលខ្លាំងផ្នែកអ្វី? តើយើងគួរធ្វើអ្វីចំពោះសក្តានុពលខ្លួនឯង? ហើយសំណួរចុងក្រោយដែលយើងត្រូវឆ្លើយឲ្យខានតែបាននោះ គឺតើយើងនឹងចម្រាញ់ផ្លែផ្កាជីវិតពីសក្ដានុពលខ្លួនឯងបានដោយរបៀបណា? ចម្លើយនៃសំណួរទាំងនេះ គឺជាចម្លើយនៃការស្គាល់ខ្លួនឯង ៕

Cr. ប្រាជ្ញាជីវិត

No comments:

Post a Comment