Sunday, April 28, 2019

សួនផ្កាលើផ្លូវជីវិត



យើងគ្មានសិទ្ធិកំណត់ការយល់ឃើញរបស់នរណាម្នាក់ ចំពោះយើងបានទេ ព្រោះចិត្តមនុស្សគឺប្រែប្រួលជានិច្ច ។ យើងគ្មានសិទ្ធិហាមរឿងមិនល្អមិនឲ្យកើតឡើងក្នុងជីវិតទេ ព្រោះជីវិតគឺជាការធ្វើដំណើរ គ្មានដំណើរណាដែលមិនមានឧបសគ្គទេ ជីវិតក៏ដូចគ្នាដែរ ។ ដំណើរនៃជីវិត ពិតជាមិនខុសពីវិថីដែលយើងធ្លាប់ដើរទេ ។ យើងមិនអាចទាមទារឲ្យផ្លូវដែលយើងដើរ ត្រូវតែត្រង់ភ្លឹងតាមចិត្តរបស់យើងបានឡើយ ហើយរឹតតែមិនអាចទាមទារឲ្យគ្រប់ផ្លូវត្រូវតែគ្មានជង្ហុក គ្មានបន្លា គ្មានឧបសគ្គបាននោះដែរ ។ ជីវិតមានរឿងតែមួយទេ ដែលយើងត្រូវដឹងនោះគឺដឹងថា " មានរឿងខ្លះ យើងមិនអាចគ្រប់គ្រងបានទេ " ។ ផ្លូវដើរមានកន្លែងខ្លះមានទេសភាពស្អាតៗ ហើយកន្លែងខ្លះមានទិដ្ឋភាពមិនល្អ ប៉ុន្ដែបើយើងនៅតែដើរ នោះយើងនឹងទៅមុខជានិច្ច ។ ពេលខ្លះដោយសារតែយើងភ្លេចទេសភាពស្អាតៗដែលយើងធ្លាប់ចួប ទើបធ្វើឲ្យពេលដែលចួបទិដ្ឋភាពមិនស្អាត ប្រែក្លាយជាស្អប់ខ្ពើមជីវិតខ្លួនឯង ។ ផ្លូវជីវិត បើយើងនៅតែដើរ យើងនៅតែចួបបញ្ហាថ្មីៗជានិច្ច ហើយទន្ទឹមនឹងបញ្ហាថ្មីៗ យើងក៏នឹងអាចចួបរឿងល្អថ្មីៗទៀតផងដែរ គ្រាន់តែពេលខ្លះយើងទៅមិនទាន់ដល់ ។

ញញឹមដាក់ខ្លួនឯង បើគ្មាននរណាញញឹមដាក់យើង ។ លើកទឹកចិត្តខ្លួនឯង បើគ្មាននរណាគាំទ្រយើង ។ ជឿជាក់លើខ្លួនឯង ទោះបីគ្មាននរណាជឿលើសមត្ថភាពយើង ។ យើងអាចភ្លេចគ្រប់យ៉ាង មានតែរឿងមួយទេដែលយើងត្រូវចាំនោះគឺ " យើងគឺជាវិស្វករជីវិតខ្លួនឯង " ជីវិតយើងមានសោភ័ណភាពបែបណា គឺឋិតលើយើងខ្លួនឯង មិនមែនព្រហ្មលិខិត ក៏គ្មានទេវតាណាមកកំណត់ដែរ ។ ខំខ្លួនឯងឲ្យខ្លាំង បើចង់ឲ្យទេវតាជួយ ព្រោះទេវតាមិនជួយមនុស្សទន់ខ្សោយទេ ។ បង្កើតរឿងល្អឲ្យបានច្រើន នោះយើងនឹងរកឃើញសួនផ្កាដ៏ស្រស់ស្អាតលើវិថីជីវិតរបស់យើង ព្រោះរឿងល្អគឺជាការចងចាំដ៏ល្អ ការចងចាំល្អនឹងធ្វើឲ្យយើងញញឹម ស្នាមញញឹមនោះហើយ គឺជាសួនផ្កាជីវិត

Cr. ប្រាជ្ញាជីវិត

No comments:

Post a Comment