Monday, April 29, 2019

វិនិច្ឆ័យពុំប្រើបញ្ញា



នៅពេលដែលសកម្មភាពមួយកើតឡើង ការវិនិច្ឆ័យក៏បានប្រសូតចេញមកតាមក្រោយ ដោយបញ្ចប់ជាមួយនឹងពាក្យសរសើរ ឬការរិះគន់។ តែទោះជាបញ្ចប់ដោយពាក្យសរសើរ ឬរិះគន់ក្ដី គ្រប់យ៉ាងតែងស្ថិតក្រោមអំណាចនៃសេចក្ដីពិតជានិច្ច។ ចិត្តវិទូជនជាតិស្វីស ខាល់ ជុង (Carl Jung) បានលើកឡើងថា ការរិះគិតគឺលំបាក នេះហើយជាមូលហេតុដែលមនុស្សភាគច្រើនចូលចិត្តវិនិច្ឆ័យ។ នៅក្នុងកាលៈទេសៈណាក៏ដោយឲ្យតែយើង ធ្វើការសន្និដ្ឋាន ដោយពុំបានឆ្លងកាត់នៅការត្រិះពិចារណាឲ្យបានជ្រៅ នោះការវិនិច្ឆ័យរបស់យើង ពុំអាចនាំយើងឲ្យទៅរកសេចក្ដីពិតឃើញឡើយ។ ស្វែងរកការការពិតត្រូវស្វែងរកប្រកបជាមួយបញ្ញា ពុំមែនស្វែងរកដោយការវិនិច្ឆ័យជាមួយគំនិតរវើរវាយនោះទេ។

ពេលខ្លះយើងបានធ្វើខ្លួនឲ្យឆ្ងាយពីសេចក្ដីពិត ដោយសារតែយើងខ្លួនឯងតែងប្រើអារម្មណ៍មកធ្វើការវិនិច្ឆ័យទៅលើសកម្មភាពអ្នកដទៃ ជំនួសឲ្យការគិតពិចារណា ដែលជាហេតុនាំឲ្យមានការវាយតម្លៃអ្នកដទៃខុស ព្រោះតែខ្លួនឯង។ ពេលខ្លះយើងប្រៀបបាននឹងមនុស្សស្រវឹង រកច្រកចេញពីភាពល្ងង់ខ្លៅរបស់ខ្លួនឯងពុំឃើញអីចឹងដែរ។

លោក លីក្វាន់យូ(Lee Kuan Yew ) ធ្លាប់បានលើកឡើងដែរថា ខ្ញុំពុំបាននិយាយថាអ្វីៗទាំងអស់ដែលខ្ញុំធ្វើគឺត្រឹមត្រូវនោះទេ តែអ្វីៗដែលខ្ញុំបានធ្វើគឺ ធ្វើឡើងដើម្បីគោលបំណងដ៏ថ្លៃថ្នូរ។ តើមានមនុស្សប៉ុន្មានបានវិនិច្ឆ័យខុស នឹងយល់ច្រលំ ទៅលើមេដឹកនាំនៅអាស៊ីរូបនេះថាជាជនផ្ដាច់ការដើម្បីអំណាច នឹងប្រយោជន៍ផ្ទាល់ខ្លួន? តែលទ្ធផលចុងក្រោយបានបង្ហាញថាអ្វីដែលមេដឹកនាំរូបនេះបានធ្វើពុំដូចច្នោះឡើយ។ ការពិតនៅតែជាការពិត ពុំមាននរណាអាចកែប្រែ ដោយឡែកមនុស្សដែលឃ្លាតឆ្ងាយពីការពិត ប្រឆាំងការពិត គឺប្រៀបបាននឹងការបំផ្លាញខ្លួនឯង។

____________

No comments:

Post a Comment