Monday, April 29, 2019

ខ្ញុំគ្មានបក្ខពួកទេ!!



ខ្ញុំមិនរាប់អានអ្នកណាដោយសារតែគេជាគ្នាខ្ញុំទេ តែខ្ញុំរាប់អានគេដោយសារគុណតម្លៃ ។ កើតជាមនុស្សហេតុអ្វីត្រូវរើសអើងគ្នា? អ្នកខ្លះរាប់អានគេដោយសារគេល្បី ដោយសារគេជាមនុស្សខ្ពង់ខ្ពស់ ដោយសារតែគេជាអ្នកមាន ឬជាមនុស្សមានប្រយោជន៍ ។ ប៉ុន្ដែបើថ្ងៃណាមួយគេលែងល្បី លែងខ្ពង់ខ្ពស់ លែងមានបាន លែងមានប្រយោជន៍សម្រាប់យើង តើយើងនៅតែរាប់អានគេទេ? ទឹកចិត្តមនុស្សមើលមិនឃើញឡើយ ។ ជួនកាលមនុស្សដែលយើងរើសអើង គេអាចជាមនុស្សមានតម្លៃក៏ថាបាន ។ តម្លៃរបស់មនុស្ស មិនអាចវាស់ដោយចិត្តបានទេ គឺគេវាស់តាមរយៈដោយទង្វើ និងថ្លឹងថ្លែងដោយវិចារណញ្ញាណ។ ខ្ញុំមិនត្រូវការបក្ខពួក មិនត្រូវការធ្វើជាគ្នារបស់អ្នកណាទេ ខ្ញុំគ្រាន់តែចង់មានសន្ដិភាពជាមួយមនុស្សរាល់គ្នា ព្រោះថាបើយើងគ្មានសន្ដិភាពទេ ទោះមានបក្ខពួកច្រើនប៉ុនណា ឬមានគ្នាច្រើនប៉ុនណា ក៏មិនអាចធ្វើឲ្យជីវិតខ្លួនឯងមានតម្លៃពេញលេញដែរ ។ ដែលហៅថាជីវិតមិនពេញលេញ គឺជីវិតដែលតូចចង្អៀត ។ ដែលហៅថាជីវិតតូចចង្អៀត គឺជាការរស់នៅជាមួយចិត្តចង្អៀតចង្អល់ ។ មនុស្សបើចង្អៀតចង្អល់ រើសអើងគេហើយ ទោះផែនដីធំប៉ុនណា ឬមនុស្សរាប់សិបលានច្រើនប៉ុនណា ក៏ប្រហែលជាមិនអាចមានមិត្តល្អម្នាក់ដែរ ព្រោះមនុស្សល្អក្នុងលោក មិនអាចរកឃើញដោយសារគំនិតរើសអើងឡើយ

Cr. Sun Veasna

No comments:

Post a Comment