Tuesday, April 30, 2019

ជម្រើសជីវិត



ជំងឺដែលសាហាវបំផុតក្នុងលោក គឺជំងឺងប់ងុល ។ មកពីងប់ងុលទើបបង្កើតបាននូវអាការៈកុហកខ្លួនឯង កុហកខ្លួនឯងយូរៗទៅចាប់ផ្ដើមអស់សង្ឃឹមក្នុងជីវិត ។ អស់សង្ឃឹមក្នុងជីវិត ព្រោះអ្វីដែលចង់បានវាមិនដូចចិត្ត ហើយអ្វីដែលធ្លាប់មានគ្រាន់តែជាការកុហកដែលខ្លួនឯងប្រតិដ្ឋឡើង ។ ឯណាការពិត? តាមពិតគ្មានទេ វាមានតែការសម្ដែងប៉ុណ្ណោះ ។

ដរាបណាចិត្តនៅតែងប់ងុល ដរាបនោះយើងនៅតែឈឺចាប់ ។ ឈឺប៉ុនណាទៅ ដែលត្រូវកុហកខ្លួនឯងរាល់ថ្ងៃបែបនេះ? ជីវិតគឺជាការជ្រើសរើស យើងមានរបៀបជាច្រើនដើម្បីរស់ ។ យើងគឺជាអ្នកជ្រើសរើស ហេតុអ្វីមិនរើសយកការពិត ហើយប្រឈមមុខនឹងវាទៅ? ភាពកំសាក វាមិនមែនដំណោះស្រាយទេ ។ យើងគួររៀនទទួលយកការពិត ព្រោះការកុហកខ្លួនឯងនឹងធ្វើឲ្យយើងឈឺចាប់បំផុត ។ គ្មាននរណាមកចែករំលែកវាជាមួយយើងឡើយ ។

សុខនិងទុក្ខ គឺឋិតលើជម្រើសរបស់យើង ។ គ្មាននរណាបំផ្លាញយើងទេ លុះត្រាតែយើងយល់ព្រមបំផ្លាញខ្លួនឯង ។ ជីវិតមានមេរៀនជាច្រើនដែលត្រូវរៀន ហើយវិញ្ញាសាខ្លះគ្មានពិន្ទុទេ ។ ជីវិតទោះខកបំណងខ្លះ ក៏មិនជាអ្វីដែរ ព្រោះបើមានផ្លូវដើរ គឺតែងតែមានជង្ហុក មានជីវិតក៏តែងតែឆ្លងកាត់រឿងលំបាកបែបនេះហើយ តែវាមិនអាក្រក់រហូតទេ។ ទម្រាំយើងធ្វើដំណើរមកដល់ទីនេះ យើងបានឆ្លងកាត់រឿងរ៉ាវជាច្រើន ហើយរាល់ការឆ្លងកាត់វាតែងតែនាំយើងទៅមុខ ទៅផុតពីបញ្ហាដែលធ្លាប់កើតឡើង ។ ការលំបាកតែងតែកើតមាន តែបើយើងមិនប្រឈមនឹងការពិត មិនហ៊ានឆ្លងកាត់វា នោះអ្នកដែលអាក្រក់ជាគេបំផុតក្នុងជីវិតរបស់យើង គឺយើងខ្លួនឯង៕

Cr. Sun Veasna

No comments:

Post a Comment