Tuesday, March 6, 2018

កំណត់ត្រាទស្សនាគតិ ៦០ ប្រការចេញពីទឹកចិត្តឪពុក



កំណត់ត្រាទស្សនាគតិ ៦០ ប្រការចេញពីទឹកចិត្តឪពុក
ដែលចង់ឲ្យមនុស្សជំនាន់ក្រោយបានអាន
. ចូរកូនចាំទុកថា ការមិនតស៊ូក្នុងករណីខ្លះ អាចក្លាយទៅជាវីរកម្មដ៏ក្រៃលែង ជាងការតស៊ូដោយការយកស្លាប់រស់ ។
. ចូរកូនកុំជ្រើសរើសរបស់ដែលចូលចិត្តដោយចំណង់ចង់របស់កូន តែចូរកូនជ្រើសរើសដោយសតិបញ្ញា និងគិតពិចារណាដល់គុណសម្បត្តិ និងគុណវិបត្តិរបស់វាជាមុនសិន ។
. ចូរកូនកុំខឹងក្រោធមនុស្សមិនល្អអី តាមពិតគេក៏ចង់ល្អដូចកូនដែរ ប៉ុន្តែគេមិនយល់ថា អ្វីជាអំពើល្អ អ្វីជាអំពើអាក្រក់ប៉ុណ្ណោះ ។
. មុននឹងកូនត្មះតិះដៀលរិះគន់និន្ទាលើអ្នកណាមួយ ចូរកូនពិនិត្យមើលខ្លួនឯងសិន កុំឲ្យគេបកត្រឡប់មកថា ឲ្យខ្លួនកូនវិញបាន ។
. កូននឹងបានយល់ថា អ្នកមានសម្មាគារវៈ និងជួបតែសេចក្ដីចំរើន ការឱនលំទោនបន្ទាបនូវខ្លួនជាគុណសម្បត្តិនៃសុភាពបុរស ការលើកដៃសំពះអ្នកដទៃបានគឺជាការទម្លាយខ្លួនអញ របស់អញ ។
. កូនពុក ត្រូវធ្វើជាមនុស្សរឹងប៉ឹង មិនមែនរឹងរូស កូនពុកត្រូវធ្វើជាមនុស្សប្រដៅងាយ មិនមាក់ងាយ កូនពុកត្រូវធ្វើជាមនុស្សទន់ភ្លន់ មិនត្រូវទន់ជ្រាយឡើយ ។
. កូនពុក ភាពរហ័សរហួនរវាសរវៃជាបច្ច័យនៃភាពរីកចម្រើនរបស់គ្រួសារ ។
. លុយកាក់ដែលកូនកាន់តែចាយកាន់តែអស់ បញ្ញាដែលកូនរកបានកាន់តែប្រើកាន់តែពូនដុះកើនចម្រើនឡើង ។
. បើកូនធ្វើល្បី នឹងត្រូវគេសម្លឹងមើលនិងសមបំណ ង។ កូននឹងភ្លាំងភ្លាត់ធ្លាក់ចុះ ព្រោះតែកូនចង់ល្បី ចង់មានកេរ្ដិ៍ឈ្មោះហ្នឹងឯង ។
១០. ចូរកូនចងចាំទុកថា លុយកាក់ជារបស់ខាងក្រៅកាយពុកម៉ែ ចិត្តសុខកាលណាបើបងប្អូនចេះស្រឡាញ់គ្នា ។
១១. ចូរកូនបង្អោនចិត្តស្របតាមដោយឆ្លាត និងសុខុម ការបរាជ័យដោយសិល្បះប្រសើរជាងឈ្នះដោយអារម្មណ៍ ។
១២. ភាពក្លាហានត្រូវប្រកបដោយសតិបញ្ញា បើកូនក្លាហានដោយខ្វះសតិបញ្ញា គេហៅថាមនុស្សល្ងីល្ងឺ ។
១៣. កូនត្រូវធ្វើគ្រប់យ៉ាងដោយសុចរិត កាលបើមានសុចរិត ចិត្តក៏ស្រស់ថ្លា កាលបើមានទុច្ចរិត ចិត្តក៏ហ្មងសៅផងដែរ ។
១៤. ទ្រព្យសម្បត្តិ មិនមែនជារឿងចាំបាច់ដែលពុកម៉ែនឹងប្រគល់ឲ្យកូនទេ ចំណេះដឹង និងការប្រព្រឹត្តល្អទៅវិញទេ ដែលពុកម៉ែសមគួរប្រគល់ឲ្យដល់កូនជាទីស្រឡាញ់ ។
១៥. កូនចៀសផ្លូវឲ្យគេ គឺចៀសផ្លូវឲ្យខ្លួនកូនរួចផុតពីក្ដីអន្តរាយ ក្នុងទីបំផុតខ្លួនកូននឹងទទួលបានផលល្អដូចគ្នាទាំងគេ និងខ្លួនកូនដែរ ។
១៦. ផ្លូវចុងក្រោយបំផុតនៃភាពមិនចេះគ្រប់គឺសេចក្ដីទុក្ខ ។
១៧. ចូរកូនចាំទុកថា បុគ្គលដែលមិនចេះឲ្យអភ័យដល់អ្នកដទៃ គឺជាអ្នកទន់ជ្រាយខាងផ្លូវចិត្ត ការឲ្យអភ័យសត្រូវ គឺជាការកសាងមិត្តភាព ។
១៨. បើអ្នកដទៃឆបោកកូនៗនឹងដឹងបានងាយ និងដោះស្រាយបានងាយ តែបើកូនឆបោកខ្លួនកូនវិញ កូននឹងដឹងបានពិបាក ដោះស្រាយបានពិបាកផងដែរ ។
១៩. កូនគួរចាំរឿងដែលគួរចាំ បំភ្លេចរឿងដែលគួរបំភ្លេច ធ្វើរឿងដែលគួរធ្វើ និងត្រូវដឹងថារឿងណាគួរធ្វើមុន ហើយរឿងណាគួរធ្វើក្រោយ ។
២០. ពេលកូនសង្កេតមើលនឹងយល់ឃើញថា ក្រោយសំឡេងសើច នឹងមានទឹកភ្នែក ខាងក្រោយទឹកភ្នែក នឹងឃើញពន្លឺធម្មៈ គឺសច្ចភាពនៃជីវិត ។
២១. ជំពប់ដួលព្រោះឈានជើងដើរទៅមុខ នៅប្រសើរជាងកូនឈរកាងទ្រឹងនៅនឹងកន្លែង ព្រោះបើកូនឈរមិនល្អ នឹងមានមនុស្សមកទាត់ឲ្យដួលជាមិនខានឡើយ ។
២២. ចូរកូនស្វែងរកសេចក្ដីសុខជាមួយបច្ចុប្បន្ន កុំប៉ងប្រាថ្នាចង់ដល់អនាគត កុំសំកុកនៅជាមួយអតីត វានឹងនាំឲ្យខ្លួនកូនកើតទុក្ខ ។
២៣. សំណាងតែងចូលខាងអ្នកដែលមានសេចក្ដីឱនលំទោនជានិច្ច បើកូនជាអ្នកតូចចេះគោរពត្រកូលរាមច្បង អ្នកណាក៏ស្រឡាញ់ បើកូនជាចាស់ទុំយល់ចិត្តយល់ថ្លើមអ្នកតូច ក៏មានគេភក្ដីភាព ។
២៤. ជីវិតគឺជាការតស៊ូ សត្រូវគឺជាថ្នាំប៉ូវកម្លាំង សូមឲ្យកូនគិតចាំជានិច្ចថា បើមានរឿងអ្វីក្នុងលោក ដែលអ្នកដទៃធ្វើបាន មិនមានហេតុផលអ្វីដែលខ្លួនកូនធ្វើមិនបាននោះទេ ។
២៥. សេចក្ដីសោកសៅខូចចិត្ត មិនធ្វើឲ្យអ្នកណាបានទទួលផលប្រយោជន៍អ្វី ក្រៅពីធ្វើឲ្យសត្រូវរបស់កូនត្រេកអរ និងសមបំណងនោះទេ ។
២៦. ពេលជួបភ័យដែលនៅខាងមុខ ចូរកូនគេចចូលទៅរកលោកល្អជាងគេចចូលទៅរកចោរ ហើយចោរអាចឆក់ឱកាសយកពីកូនជាដរាប ដោយកូនមិននឹកស្មានដល់ ។
២៧. មនុស្សយើងមានសេចក្ដីលោភគ្រប់គ្នា លោភខ្លាំងទុក្ខក៏ខ្លាំង បើលោភតិចទុក្ខក៏តិច បើមិនមានលោភសោះ ក៏គ្មានទុក្ខកើតឡើងបានដែរ ។
២៨. បើកូនប្រព្រឹត្តល្អ កូននឹងជួបតែអ្នកប្រព្រឹត្តល្អ បើកូនប្រព្រឹត្តអាក្រក់ កូននឹងជួបជួនជាមួយមនុស្សប្រព្រឹត្តអាក្រក់បាបលាមក សូមឲ្យកូនជ្រើសរើសសេពគប់ឲ្យបានត្រឹមត្រូវ កូននឹងជាមនុស្សមានសំណាងល្អ ។
១៩. កូនកុំខ្លាចឲ្យសោះថា នឹងរៀបការជាមួយមនុស្សមិនល្អ បើកូនមិនជក់ មិនផឹក មិនលេង មិនដើរលេង កូនក៏នឹងជួបគូគ្រងដែលមិនចេះជក់ មិនផឹក មិនលេង មិនដើរលេងដូចគ្នានឹងកូនដែរ ។
៣០. មិនថាមនុស្សឬសត្វត្រូវការពាក្យផ្អែមពីរោះ កូនក៏ដូចគ្នា គួរនិយាយផ្អែមល្ហែមជាមួយអ្នកដទៃ កាលបើកូនផ្អែមពីរោះជាមួយអ្នកដទៃៗ ក៏នឹងផ្អែមល្ហែមពីរោះជាមួយកូនវិញមិនខាន ។

៣១. ភ្លេចអ្វីភ្លេចបាន តែកុំភ្លេចខ្លួន បាត់បង់អ្វីបាត់បង់បាន តែកុំបាត់បង់មនុស្ស ខុសអ្វីក៏ខុសបាន តែកុំឲ្យខុសសីលធម៌ ។
៣២. ចូរកូនចាំទុកថា សត្រូវថ្ងៃនេះ អាចជាមិត្រក្នុងថ្ងៃមុខ ព្រោះហេតុដូចនោះ ចូរកូនកុំធ្វើអ្វីលើគេឲ្យហួសហេតុពេក ។
៣៣. កូនសប្បាយជាមួយការចាយវាយលុយកាក់ ទន្ទឹមគ្នានឹងនោះ កូនក៏ត្រូវចេះសប្បាយជាមួយការចេះសន្សំលុយកាក់ទុកផងដែរ និងពិសេសជាងនោះ គឺកូនត្រូវសប្បាយជាមួយការរកលុយកាក់ ដោយមិនមានទោស គឺរកលុយកាក់បានមកដោយសុចរិតភាព ។
៣៤. ទង្វើរបស់កូន ពេលខ្លះមិនត្រូវនឹងចិត្តខ្លួនឯង ចុះនឹងឲ្យអ្នកដទៃធ្វើត្រូវចិត្តកូនជានិច្ចម្ដេចនឹងបាន  គិតដល់ត្រង់នេះ កូននឹងស្រាលពីសេចក្ដីក្រោធខឹង ។
៣៥. បើកូនហ៊ានត្រូវទំនង កូននឹងជាមនុស្សឆ្លាត បើកូនហ៊ានមិនត្រូវទំនង កូននឹងជាមនុស្សល្ងង់ សូមឲ្យកូនក្លាហានដោយភាពវៃឆ្លាត ។
៣៦. បាបនិងបុណទាំងឡាយទាំងពួង ដែលកូនកំពុងធ្វើក្នុងខណៈនេះ ថ្ងៃណាមួយវានឹងផ្សំផ្គុំគ្នាតបស្នងសងដល់កូនវិញទាំងអស់ អ្វីដែលកូនបានទទួលសព្វថ្ងៃនេះជាផលនៃកម្មរបស់កូននោះទាំងអស់ ។
៣៧. ចូរកូនចងចាំទុកថា ធម្មជាតិមិនធ្លាប់ឲ្យអភ័យដល់អ្នកណាមួយឡើយ ធ្វើយ៉ាងណា នឹងត្រូវទទួលបានយ៉ាងនោះ ប៉ុន្តែធម្មជាតិក៏ផ្ដល់ឱកាសឲ្យគ្រប់គ្នាជានិច្ចដែរ តែមនុស្សយើងភាគច្រើន មិនសូវព្រមទទួលយកឱកាសនោះទេ ។
៣៨. កាលបើមានបញ្ហា ត្រូវដោះស្រាយឲ្យចំបញ្ហា នឹងផុតទុក្ខឆាប់ កុំធ្វើដូចជាដូនចាស់រកមើលម្ជុលត្រង់បង្គោលភ្លើង ទុកណាជាមានពន្លឺភ្លឺច្បាស់ប៉ុនណាក៏រកមិនឃើញដែរ ព្រោះថាដោះស្រាយមិនត្រូវចំបញ្ហា ម្ជុលបាត់ក្នុងផ្ទះ រួចហើយមករកក្រៅផ្ទះ គ្រាន់តែក្នុងផ្ទះមិនមានពន្លឺភ្លើងដូច្នោះ ។
៣៩. ចូរកូនចាំទុកថា មនុស្សឃើញតែលុយ រាប់អានលំបាក មនុស្សឃើញពីការងារ រាប់អានងាយ មនុស្សយល់ដល់អ្នកដទៃ រាប់អានសប្បាយ ។
៤០. បើកូនប្រាថ្នាចង់ឲ្យអ្នកដទៃស្រឡាញ់កូនៗ ត្រូវធ្វើខ្លួនឲ្យគេស្រឡាញ់ កូនទើបនឹងបានជាទីស្រឡាញ់របស់អ្នកដទៃ ។
៤១. ឈើដួលឆ្លងបាន មនុស្សដួលកុំឆ្លង សំខាន់បំផុតកូនកុំឆ្លងខ្លួនឯង 
៤២. អ្នកក្លាហាន គឺអ្នកដែលអាចបង្គាប់បញ្ជាលើខ្លួនឯងបាន បើកូនដាំដើមឈើ ត្រូវថែបំប៉នឫស តែបើនឹងដាំចិត្តត្រូវបំរុងបំប៉នដោយសីល ដោយធម៌ ។
៤៣. កូនកើតជាមនុស្សហើយ ត្រូវព្យាយាមធ្វើឲ្យល្អបំផុត កាលបើធ្វើល្អបំផុតហើយ ក្រៅពីនោះស្រេចលើព្រហ្មលិខិត ។ បុរាណពោលថា លិខិតជារបស់ព្រះព្រហ្ម(ផលរបស់ទង្វើ) ជតាជារបស់មនុស្ស (ការធ្វើរបស់ខ្លួនឯង) ។
៤៤. កូនគួរខកចិត្តជាមួយសភាពជន តែកុំខុសចិត្តជាមួយជនពាល នឹងនាំមកនូវភាពក្ដៅក្រហាយដូចជាគ្មានផ្លូវគេចរួចបាន ។
៤៥. ការមិនចេះសន្សំសំចៃក្នុងការចាយវាយ តិចតូចអាចធ្វើឲ្យរលំរលាយបាន ដូចជាទូកមានប្រហោងលេចតូចៗអាចធ្វើឲ្យទូកដ៏ធំលិចបាន ។
៤៦. រោគាផ្លូវកាយ នឹងចូលមកតាមផ្លូវមាត់ ភ័យវិបត្តិក៏នឹងចេញទៅពីមាត់របស់កូនដូចគ្នា កាលណាកូននិយាយរឿងអ្វីៗឲ្យចេះគិតពិចារណាឲ្យបានល្អសិន ។
៤៧. ការខឹងក្រោធ ជាវិស័យរបស់បុថុជ្ជន ការឲ្យអភ័យ ជាវិស័យរបស់បណ្ឌិត កូនពុកនឹងជាបណ្ឌិត ទើបត្រូវហ្វឹកហាត់ការឲ្យអភ័យ ប្រកបដោយក្ដីមេត្តា ព្រោះក្ដីមេត្តាដោះស្រាយសេចក្ដីក្រោធខឹងបាន ។
៤៨. ការធ្វើដំណើររាប់រយយោជន៍ ត្រូវមានជំហានដំបូង ពេលកូនមានអំណាច ចូរកូនកុំអាងអំណាច ពេលកូនមានសេចក្ដីសុខកុំស្រវឹងវង្វេងប្រយ័ត្នសេចក្ដីទុក្ខនឹងតាមមក ។
៤៩. បើកូនឲ្យលុយមិត្តខ្ចី ប្រយ័ត្នបង់ទាំងលុយ បង់ទាំងមិត្ត នាំឲ្យស្ដាយក្រោយ ព្រោះដូច្នោះ ចូរកូនកុំឲ្យលុយអ្នកណាខ្ចី បើកូនមាន កូនឲ្យគេទៅចុះ ។
៥០. បើកូនសង្ស័យអ្នកណាហើយ ចូរកូនកុំធ្វើជំនួញរួមជាមួយគ្នា ព្រោះនឹងមានក្ដីសង្ស័យគ្នា ការងារមិនរលូន សេចក្ដីទុក្ខនឹងចូលមកក្នុងចិត្តកូន ។
៥១. ទូកនាវាដែលចេញទៅក្នុងសមុទ្របដិសេធរលកមិនបាន យ៉ាងណាមិញ ជីវិតរបស់កូនក៏បដិសេធឧបសគ្គមិនបានក៏យ៉ាងនោះដែរ ។
៥២. កូនអាចសង្កេតមើលដឹងថា អ្នកជាមនុស្សល្អ ច្រើនជាមនុស្សដាក់ខ្លួន មនុស្សល្ងង់ខ្លៅច្រើនតម្កើងមានះ អំនួតថាខ្លួនឆ្លាត ។ មនុស្សល្ងង់ច្រើនអួតអាងថាឆ្លាត ឬចង់ឲ្យអ្នកដទៃដឹងថា ឆ្លាតទើបអួត និយាយបំប៉ោង បណ្ដុះបង្អាប់អ្នកដទៃ ។ ចំណែកមនុស្សឆ្លាត ច្រើនជាមនុស្សមិនចេះអួតខ្លួន ជាមនុស្សដាក់ខ្លួន បន្ទាបខ្លួន មិនតម្កើងខ្លួន មិនបណ្ដុះបង្អាប់អ្នកដទៃ ចូលចិត្តលើកសរសើរអ្នកដទៃជានិច្ច ។
៥៣. សត្វឃ្មុំ ចូលចិត្តលំអងផ្កា សត្វរុយ ចូលចិត្តរបស់ស្អុយរលួយ បើកូនចូលចិត្តវត្ថុដែលអាក្រក់ៗ រាប់អានមនុស្សមិនល្អ គិតមិនល្អ និយាយមិនល្អ ធ្វើមិនល្អ ទៅដល់ទីដែលមិនល្អហើយ កូនប្រៀបដូចសត្វរុយ  ដែលគ្មានអ្នកណាមួយចូលចិត្ត ឬចង់នឹងផ្ដល់ក្ដីស្រឡាញ់ដល់កូន តែបើកូនគិតល្អ និយាយល្អ ធ្វើល្អ រាប់អានមនុស្សល្អ និងទៅក្នុងទីដែលល្អជាពិសេស កូនប្រៀបដូចជាសត្វឃ្មុំ មនុស្សល្អអ្នកណាៗក៏ចង់រាប់អានជាមួយ បើកូនជាសត្វឃ្មុំ កូនក៏នឹងជួបជាមួយផ្កា បើកូនជាសត្វរុយកូនក៏នឹងបានជួបរបស់ស្អុយរលួយ ដូចពាក្យបុរាណពោលទុកថា ពូកែខ្ជិលជាសត្វរុយ ប្រឹងព្យាយាមជាសត្វឃ្មុំ ។
៥៤. អ្នកដែលចេះប្រមាណខ្លួន ជាមនុស្សឆ្លាត កូនគួរចាយវាយតាមជីវភាព កូននឹងមិនក្រខ្សត់ឡើយ ។
៥៥. បើកូនមានសេចក្ដីព្យាយាម និងចេះបន្ទាបខ្លួនហើយ នៅលើដីក្រោមមេឃ កូនរបស់ពុកនឹងធ្វើបានគ្រប់យ៉ាង ក្នុងគតិធម៌ អប់រំទូន្មានថា មនុស្សឆ្លងអន្លងទុក្ខបាន ដោយសេចក្ដីព្យាយាម ។
៥៦. បើកូនធ្វើការងារដោយភាពតក់ក្រហលៗច្រើននឹងធ្វើការងារភ្លាំងភ្លាត់មកដល់កូនជានិច្ច កូនត្រូវធ្វើដោយរហ័សរហួន បែបមានសតិ ទើបនឹងជួបប្រសព្វភាពជោគជ័យបានយ៉ាងត្រឹមត្រូវ និងមានរបៀបរៀបរយ ។
៥៧. ការនិន្ទា និងមួលបង្កាច់បង្ខូចអ្នកដទៃច្រើននឹងឈឺចាប់ជាងយកកាំបិតចុងស្រួចចាក់គេទៅទៀត បើកូនដឹងហេតុផលទាំងនេះហើយ កុំនិន្ទា កុំមួលបង្កាច់បង្ខូចទម្លាក់កំហុសឲ្យអ្នកដទៃឡើយ ព្រោះកាលបើគេឈឺចាប់ហើយ គេអាចនឹងបង្កកំហុសឲ្យកូនបាន ធ្វើឲ្យកូនក្ដៅក្រហាយវិញជាមិនខាន ។
 ៥៨. មនុស្សខ្ជិលច្រអូស ច្រើនរកលេសថា មិនទាន់ត្រូវធ្វើការ ព្រោះព្រឹកពេក ព្រោះល្ងាចពេក ព្រោះក្ដៅពេក ព្រោះត្រជាក់ពេក ព្រោះភ្លៀងបង្អុរចុះមក និងព្រោះថ្ងៃខ្ពស់ពេក បើកូនរកលេសបែបនេះ កូនធ្វើអ្វីក៏មិនបានសម្រេចដែរ ។
៥៩. ក្នុងសម័យនេះ អ្នកណាៗក៏ចូលចិត្តតែរបស់ល្អៗ តែមិនដឹងថា ដូចម្ដេចទៅជារបស់ល្អ ទើបសូមកើនរំលឹកថា កូនរបស់ពុកកុំល្អតែគិត កូនត្រូវគិតតែល្អៗ កូនរបស់ពុកកុំល្អតែសម្ដី តែកូនត្រូវចេះនិយាយល្អៗ កូនកុំល្អតែធ្វើ កូនត្រូវធ្វើល្អៗ កូនរបស់ពុកកុំល្អតែសេពគប់មនុស្ស កូនត្រូវសេពគប់រើសមនុស្សល្អ កូនរបស់ពុកល្អនឹងទៅ កូនត្រូវទៅទីណាល្អៗ ចូរកូនគិតល្អ និយាយល្អ ធ្វើល្អ រាប់អានមនុស្សល្អ ទៅកាន់ទីដែលល្អៗ ។
៦០ បើកូនលះបង់រឿងតូចតាច ធ្វើខុសបន្តិចបន្តួចក្នុងបច្ចុប្បន្ន កូនត្រូវមានវិប្បដិសារីយ៉ាងខ្លាំងនៅពេលក្រោយ គិតជាមួយអ្នកដទៃមិនល្អក្នុងថ្ងៃនេះ អាចត្រូវអ្នកដទៃគិតមិនល្អជាមួយកូននៅថ្ងៃក្រោយ ធ្វើជាមួយអ្នកដទៃមិនល្អក្នុងថ្ងៃនេះ អាចត្រូវអ្នកដទៃធ្វើមិនល្អដាក់កូននៅថ្ងៃក្រោយ ស្អប់ខ្ពើមអ្នកដទៃក្នុងថ្ងៃនេះ អាចត្រូវអ្នកដទៃស្អប់ខ្ពើមវិញនៅថ្ងៃក្រោយ មាក់ងាយអ្នកដទៃក្នុងថ្ងៃនេះ អាចត្រូវអ្នកដទៃមាក់ងាយខ្លួននៅថ្ងៃក្រោយ កេងប្រវញ្ចអ្នកដទៃក្នុងថ្ងៃនេះ អាចត្រូវអ្នកដទៃកេងប្រវញ្ចវិញនៅថ្ងៃក្រោយ កុហកឆបោកអ្នកដទៃក្នុងថ្ងៃនេះ អាចត្រូវអ្នកដទៃកុហកឆបោកវិញនៅថ្ងៃក្រោយ ខឹងក្រោធ ច្រណែន ឫស្សា អាឃាត ព្យាបាទអ្នកដទៃក្នុងថ្ងៃនេះ អាចត្រូវអ្នកដទៃខឹងក្រោធ ច្រណែនឫស្យា អាឃាត ព្យាបាទខ្លួនវិញនៅថ្ងៃក្រោយ ផ្ទុយមកវិញ បើកូនចេះស្រឡាញ់ និងមានក្ដីមេត្តាដល់អ្នកដទៃក្នុងថ្ងៃនេះ កូនអាចទទួលបានសេចក្ដីស្រឡាញ់ និងក្ដីមេត្តាពីអ្នកដទៃនៅថ្ងៃក្រោយវិញជាមិនខានឡើយ ។

មុននឹងបញ្ចប់នាទីដែលកូនគួរប្រតិបត្តិចំពោះអ្នកដទៃ គឺការប្រគល់ទឹកចិត្តឲ្យដល់គ្នានិងគ្នាដូចខាងក្រោម៖ 
១) កូនគួរមើលមនុស្សគ្រប់គ្នាដែលជួបដោយក្រសែភ្នែកជាមិត្ត ។
២) កូនគួរញញឹមដាក់មនុស្សគ្រប់គ្នាដែលជួប ចាប់ដំបូងញញឹមដោយក្រសែភ្នែក ញញឹមដោយទឹកមុខ បបូរមាត់ និងបេះដូងទុកដូចជាបងជាប្អូន ។
៣) កូនគួរធ្វើការស្គាល់ជាមួយអ្នកដទៃដោយការញញឹម និងរាក់ទាក់ ។
៤) កូនគួរលើកដៃបញ្ចេញស្នាមញញឹមដាក់ក្មេងៗ ដែលកូនបានជួបបានឃើញនៅតាមទីកន្លែងនានា ។
៥) កូនគួរសម្លឹងមើលក្នុងផ្លូវវិជ្ជមាន ឲ្យសម្លឹងមើលថា មនុស្សទាំងអស់មិនមែនសុទ្ធតែអាក្រក់ទាំងអស់នោះទេ ។
៦) កូនគួរសម្លឹងមើលថា មនុស្សយើងជាមិត្តនឹងគ្នាបាន ទោះបីជាមានគំនិតមតិយោបល់ផ្សេងគ្នាក៏ដោយ ។
៧) កូនគួរនិយាយពាក្យសួស្ដី លើកដៃសំពះ ញញឹម ឬឱនក្បាលតាមសមគួរ តាមឋានៈរបស់ខ្លួនតាមករណី ។
៨) កូនគួរព្យាយាមហៅឈ្មោះមនុស្សដែលកូនសន្ទនាជាមួយ ដោយការប្រុងប្រយ័ត្នហៅឈ្មោះមនុស្សខុស ។
៩) កូនគួរតាំងចិត្តទទួលស្ដាប់អ្នកដទៃនិយាយ កុំជំទាស់គេ ត្រូវចេះសង្កេតមើលឲ្យច្បាស់ ។
១០) កូនគួរប្រើពាក្យសម្ដីមិនឲ្យដាច់ពីមាត់គឺ ពាក្យថា អរគុណ សុំទោស ។
១១) កូនគួរនិយាយស្តីដោយសុភាពរាបសា ពីរោះផ្អែមល្ហែម មិននិយាយត្រគោះបោះបោកគ្រោតគ្រាត ។
១២) កូនគួរនិយាយសរសើរអ្នកដទៃជាប្រចាំ ។
១៣) កូនគួរនិយាយអំពីអ្នកដទៃ និងបង្គាប់បញ្ជាក្នុងផ្លូវល្អ ជាមនុស្សដែលខ្លួនគេស្គាល់ ។
១៤) កូនគួរចេះជំទាស់ប្រឆាំងដោយមិនឲ្យភាគីម្ខាងទៀតបាក់ទឹកចិត្ត ។
១៥) កូនគួរនិយាយក្នុងរឿងដែលអ្នកនិយាយផ្ដល់ការចាប់អារម្មណ៍ ។
១៦) កូនគួររកមធ្យោបាយល្អ ឬរឿងល្អរបស់មនុស្សមកនិយាយគ្នាខ្លះ ។
១៧) កូនគួររកវេលាចៀសវាងការនិយាយអាក្រក់ឬចៀសវាងការខឹងក្រោធ យ៉ាងហោចណាស់ មួយសប្ដាហ៍មួយថ្ងៃដែរ ។
១៨) កូនមិនគួររករឿងចាប់កំហុសអ្នកដទៃដោយខ្វះសតិបញ្ញាទេ ។
១៩) កូនគួរផ្ដល់ការយល់ចិត្ត លួងលោមចិត្តមនុស្សដែលកំពុងមានសេចក្ដីទុក្ខវិបត្តិ ។

ដោយក្ដីស្រឡាញ់ដ៏កក់ក្ដៅពី…ពុក

No comments:

Post a Comment