Tuesday, March 6, 2018

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១០១)



លក្ខណៈរបស់មនុស្សមានបុណ្យច្រើន
គឺអានុភាពនៃបុណ្យកុសលនេះ
វាប្រព្រឹត្តទៅដើម្បីសេចក្ដីស្ងប់
ព្រោះដូចនោះអ្នកមានបុណ្យកុសលច្រើនឡើងហើយ ក៏ស្ងប់
មិនចូលចិត្តក្រវល់ក្រវាយនេះជាលក្ខណៈរបស់មនុស្សមានបុណ្យច្រើន ។

យើងត្រូវយករឿងនេះឯងជាគ្រឿងវាស់ស្ទង់
បើយើងគិតយកមាសយកប្រាក់ទ្រព្យសម្បត្តិ
របស់របរយ៉ាងច្រើននោះជាគ្រឿងវាស់ស្ទង់ថា
ជាមនុស្សមានបុណ្យច្រើនយ៉ាងនោះ ទំនងមិនសូវជាសមប៉ុន្មានទេ
តែក៏មានត្រូវច្រើនអន្លើខ្លះៗដែរ ។

តែបើនិយាយឲ្យត្រឹមត្រូវពិតប្រាកដទៅ
វាត្រូវយកតាមន័យបុគ្គលដែលធុញទ្រាន់ចំពោះភាពក្រវល់ក្រវាយ
ចំពោះភាពច្របូកប្របល់អ្វីផ្សេងៗដែលមាននៅក្នុងលោក
ហើយក៏ត្រេកអររីករាយស្វែងរកសេចក្ដីស្ងប់តាមផ្លូវចិត្ត
រឿងនេះទើបជាទីប្រត្យក្សថា ជាមនុស្សមានបុណ្យច្រើនមែនៗ ។

ព្រោះថា បុណ្យនេះមានលក្ខណៈជារបស់ស្ងប់
ជារបស់ត្រជាក់ មិនមែនជារបស់ក្ដៅ
ដូចនោះកាលណាបុគ្គលអ្នកមានបុណ្យច្រើនចូលទៅហើយ
វាទើបចូលចិត្តគិតពីភាពត្រជាក់
ជម្លោះវិវាទប្រកែកប្រណាំងអ្វីក៏មិនចូលចិត្តដែរ ។

មនុស្សមានបុណ្យច្រើន ចូលចិត្តតែភាពស្រុះស្រួលបបួលសាមគ្គី
ភាពរីករាយត្រេកអរចំពោះគ្នាក្នុងការធ្វើអំពើល្អតែប៉ុណ្ណោះ 

អប់រំដោយ 
លោកឪ វរលាភា

No comments:

Post a Comment