Tuesday, March 13, 2018

រស់ដើម្បីស្ថាបនាកម្ម មិនមែនរស់ដើម្បីប្រើកម្មទេ



ត្រង់ការលើកឃ្លានេះមកនិយាយ
ចង់ប្រាប់ជម្រាបជូនថា យើងត្រូវប្រតិបត្តិឲ្យបានត្រឹមត្រូវ
ចំពោះកម្មដែលបានញែកចេញជា ៣ ផ្នែក គឺ
កម្មចាស់-កម្មថ្មី-កម្មខាងមុខ (អនាគត)
សូមសរុបវិធីប្រតិបត្តិដែលត្រឹមត្រូវចំពោះកម្មទាំងបីចំណែកនេះថា

កម្មចាស់ (ក្នុងអតីត) ដែលបានកើតកន្លងផុតទៅហើយ
យើងធ្វើមិនបាន ប៉ុន្តែយើងគួរដឹង គួរជ្រាប គួរយល់
ដើម្បីបានចំណេះចេះដឹងទាំងនោះមកប្រើជាប្រយោជន៍ ជាមធ្យោបាយ
ក្នុងការដោះស្រាយកែតម្រូវកម្មថ្មីឲ្យកាន់តែប្រសើរឡើងថែមទៀត ។

កម្មថ្មី (ក្នុងបច្ចុប្បន្ន) គឺកម្មដែលយើងធ្វើបាន ធ្វើកើត ហើយនិង
ត្រូវតាំងចិត្តធ្វើឲ្យល្អបំផុត ត្រង់ចំណុចនេះជាគោលការណ៍សំខាន់ ។

កម្មខាងមុខ (ក្នុងអនាគត) យើងមិនទាន់អាចទៅធ្វើបាន
តែយើងអាចត្រៀមលក្ខណៈឬដាក់ផែនការ ដើម្បីនឹងទៅធ្វើកម្មដ៏ល្អបំផុត ដោយការធ្វើកម្មបច្ចុប្បន្នដែលបានកំពុងអភិវឌ្ឍ ។

យើងនឹងផ្ដល់នូវសោភ័ណនិងការលូតលាស់ឲ្យខ្លាំងឡើង
រហូតដល់កាលវេលានោះ យើងក៏អាចនឹងធ្វើកម្ម
ដែលល្អខ្ពស់ឡើងទៅតាមលំដាប់ថ្នាក់កុសលយ៉ាងអស្ចារ្យ ។

ហ្នឹងឯងហើយ គឺពាក្យបកស្រាយ ដែលអាចឲ្យមើលឃើញបានថា
ហេតុអ្វីទើបដឹងថា តើចិត្តអ្នកទំនេរ នឹងប្រព្រឹត្តទៅយ៉ាងម៉េចហើយ?
តែកម្ម(ចាស់) ហ្នឹងឯង កំពុងធ្វើកម្មថ្មី  (បច្ចុប្បន្ន)
ដែលខុស បាប គឺសេចក្ដីប្រមាទ បានដល់ការបណ្តែតបណ្ដោយព្រងើយកន្តើយ
ដែលកើតឡើងពីមោហៈ អវិជ្ជា និងយល់ឃើញហេតុផលដោយថា
ហេតុអ្វីបានជាព្រះពុទ្ធសាសនា ទើបបង្រៀនឲ្យសង្ឃឹមផលពីទង្វើនោះៗ?

សូមបញ្ជាក់ជាថ្មីថា កម្មថ្មីសម្រាប់ធ្វើ កម្មចាស់សម្រាប់ដឹង កុំរវល់តែរង់ចាំ
កម្មចាស់ដែលយើងធ្វើអ្វីមិនបានហើយ តែអាចស្វែងរកចំណេះដឹងពីកម្មចាស់នោះ
ដើម្បីយកមកកែលំអកម្មបច្ចុប្បន្ន និងបានអភិវឌ្ឍខ្លួនយើងឲ្យ
មានសមត្ថភាពធ្វើកម្មយ៉ាងឧត្តមបានក្នុងអនាគត ។

មានពាក្យចាស់បុរាណឮនិយាយមកយូរណាស់ហើយ ប្រយោគឃ្លានោះពោលឡើងថា
 មនុស្សយើងកើតមកដើម្បីប្រើកម្មចាស់ ជំនឿបែបនោះមិនមែន
ពុទ្ធសាសនាទេ ហើយត្រូវប្រុងប្រយ័ត្ននឹងជាលទ្ធិពួកនិគ្រន្ថ ។

ការដែលនិយាយដូច្នេះ ការពិតក៏ប្រហែលមានបំណងល្អ គឺដៅចំពោះថា
បើជួបរឿងរ៉ាវអាក្រក់ កុំទៅទម្លាក់ទោសដាក់អ្នកផ្សេង
និងកុំទៅធ្វើអ្វីអាក្រក់បាបលាមកឲ្យកើនឡើង
ដោយសេចក្ដីក្រោធខឹង ព្យាបាទជាដើម តែក៏នៅមិនត្រូវល័ខគោល
ព្រោះពុទ្ធសាសនា នឹងមានការបង់ខាតផលធំណាស់ ។

លទ្ធិនិគ្រន្ថ ដែលមានមនុស្សរាប់អានក្នុងសម័យពុទ្ធកាលទូទាំងឥណ្ឌា
សព្វថ្ងៃនេះ ជាលទ្ធិកម្មចាស់ដោយត្រង់គេអប់រំប្រៀនប្រដៅថា
មនុស្សយើងនឹងបានសុខ-ទុក្ខ
បានអ្វីគ្រប់យ៉ាង ក៏ព្រោះតែកម្មដែលធ្វើទុកក្នុងជាតិមុនខ្លះ និង
ប្រដៅបន្តទៀតថា មិនឲ្យធ្វើកម្មថ្មី តែត្រូវធ្វើកម្មចាស់ឲ្យអស់សិន
ដោយការបំពេញតបៈ ទើបនឹងអស់កម្ម អស់ទុក្ខ
អ្នកបួសក្នុងលទ្ធិនេះ ទើបបំពេញតបៈធ្វើខ្លួនឲ្យលំបាកមានវិធីផ្សេងៗ
អ្នកដែលនិយាយថា យើងរស់ដើម្បីប្រើកម្មចាស់នោះ 
មានទំនងប្រហាក់ប្រហែលពួកនិគ្រន្ថនេះដែរ ។

ហ្នឹងហើយ ដែលគិតថាកាលបើមិនធ្វើកម្មថ្មី រស់នៅទៅកម្មចាស់ក៏គង់នឹងអស់
ផ្សេងគ្នាតែថា ពួកនិគ្រន្ថមិនរង់ចាំកម្មចាស់អស់ទៅឯកឯងទេ តែគេបំពេញ
តបៈដើម្បីធ្វើកម្មឲ្យអស់ទៅដោយសេចក្ដីព្យាយាមរបស់គេផងដែរ ។

មានសំនួរដែលគួរឲ្យសង្កេតមើលថា
 បើមិនធ្វើកម្មថ្មី រស់នៅទៅ តើកម្មចាស់អស់ទៅឯកឯងដែរទេ?

កាលបើមិនធ្វើកម្មថ្មី រស់នៅទៅ កម្មចាស់ក៏គួរនឹងអស់ទៅឯកឯង តែមិនអស់ទេ
មិនត្រូវនៅហីៗប្រងើយឡើយ ទោះបីនឹងសងដោះកម្មចាស់ទៅប៉ុនណា ក៏គ្មានផ្លូវអស់ទៅបានដែរ ។

ហេតុផលងាយៗគឺ

១) មនុស្សយើងនៅមានជីវិតគឺរស់នៅត្រូវទទួលទាន ធ្វើចលនាទៅតាមឥរិយាបថទាំង ៤
ធ្វើនោះធ្វើនេះ កាលបើមិនទាន់ស្លាប់ ក៏មិនត្រូវទ្រឹងស្ងៀមអ្វីដែរ ។

២) មនុស្សទាំងអស់នេះជាមនុស្សបុថុជ្ជនមានលោភ
មានក្រោធ មានវង្វេង ជាពិសេសសេចក្ដីវង្វេង ហៅថាមោហៈ
ដែលដេកត្រាំក្នុងសន្តានចិត្តគ្រប់ពេល ព្រោះនៅមិនទាន់បានយល់
សេចក្ដីពិតដល់សច្ចធម៌ ។

ពេលរួមទាំងពីរប្រការនេះ គឺមនុស្សដែលរស់នៅប្រើកម្មនោះ គេក៏ធ្វើកម្មថ្មី
គ្រប់ពេលវេលា ទោះបីធ្វើដោយមិនដឹងខ្លួនក្ដី ទោះជាមិនមានបាបកម្មដ៏អាក្រក់តែក៏ជា
ទង្វើដែលប្រកបដោយមោហៈ ដូចជាកម្មក្នុងរូបបែបផ្សេងៗនៃសេចក្ដីប្រមាទ
បណ្ដោយជីវិតរឿយប៉ើយទៅ ។

បើសម្លឹងឲ្យជ្រៅទៅក្នុងចិត្ត លោភៈ ទោសៈ មោហៈ ផុសឡើងក្នុងចិត្ត
របស់គេរឿយៗក្នុងលក្ខណៈផ្សេងៗ ដូចជា កង្វល់ មួហ្មង សោកសៅ
ចង់នេះចង់នោះ តប់ប្រមល់ អផ្សុក ឯកា ធុញទ្រាន់ ចង្អៀតចង្អល់។ល។
នេះគឺធ្វើកម្មគ្រប់ពេលវេលា បន្ថែមអកុសលកម្មមកផង
ព្រោះដូច្នេះ ទើបមិនមានផ្លូវអស់កម្ម
ដោះរំលស់ប៉ុនណាក៏មិនចេះអស់ មានតែបន្ថែមកម្មឡើង ។

ហើយចុះធ្វើយ៉ាងម៉េច ទើបនឹងអស់កម្ម? ការដែលអស់កម្ម
គឺមិនធ្វើកម្មអាក្រក់ ធ្វើកម្មល្អ និងធ្វើកម្មដ៏ប្រសើរក្រៃលែង
គឺទុកជាកម្មល្អក៏ផ្លាស់ប្ដូរឲ្យល្អឡើង
ពីលំដាប់មួយឡើងទៅដល់លំដាប់មួយ ។

និយាយតាមភាសាព្រះថា ផ្លាស់ប្ដូរពីធ្វើអកុសលកម្ម
មកធ្វើកុសលកម្ម និងធ្វើកុសលកម្មលំដាប់ខ្ពស់ឡើងទៅ
រហូតដល់ថ្នាក់ជាលោកុត្តរកុសល ។

បើប្រើភាសាសម័យថ្មី និយាយថា អភិវឌ្ឍកម្មឲ្យល្អប្រសើរឡើង
យើងក៏មានសីល មានចិត្ត មានបញ្ញាល្អឡើង ក្នុងទីបំផុតក៏រួចផុតកម្ម ។

និយាយភាសាខ្លីថា កម្មមិនអស់ទៅដោយការដោះរំលស់កម្មទេ
តែអស់កម្មទៅដោយការអភិវឌ្ឍកម្ម គឺកែខៃខ្លួនឲ្យធ្វើកម្មល្អដ៏ប្រសើរឡើង
ដល់ផុតថ្នាក់របស់កម្មទៅ ដល់ថ្នាក់ធ្វើ តែមិនជាកម្ម
គឺធ្វើដោយបញ្ញាដ៏បរិសុទ្ធ មិនត្រូវបានគ្របសង្កត់
ឬអូសទាញដោយលោភៈ ទោសៈ មោហៈ
ទើបនឹងហៅថា ផុតកម្ម ៕

ប្រភព៖ ចំណែកខ្លះវគ្គខ្លះពីសៀវភៅពុទ្ធធម្ម ច្បាប់រង្គាយសេចក្ដី
ព្រះពុទ្ធឃោសាចារ្យ (ប.អ. បយុត្តោ)

No comments:

Post a Comment