Tuesday, March 20, 2018

គំនិតគួរពិចារណាខ្លឹមសារនៃជីវិត (១១២)



“…ពេលចិត្តរបស់យើងស្ងប់ហើយ កុសលធម៌ទាំងឡាយទាំងពួង ក៏រួមប្រជុំចុះនៅក្នុងចិត្តដែលបានស្ងប់នោះឯង ព្រោះដូច្នោះអ្នកប្រតិបត្តិត្រូវប្រតិបត្តិអ្វី? គឺប្រតិបត្តិចិត្តនោះឯង គឺធ្វើចិត្តឲ្យស្ងប់ ធ្វើចិត្តឲ្យស្រឡះ ធ្វើចិត្តឲ្យបរិសុទ្ធ ។ ចិត្តបរិសុទ្ធពោលគឺសេចក្ដីស្ងប់ហ្នឹងឯង ។

ខាងដើមដែលត្រូវធ្វើចិត្តឲ្យស្ងប់ ក៏មិនឲ្យគិតអ្វីច្រើន គឺឲ្យភាវនា ។ ការភាវនាក៏មិនឲ្យគិតអ្វីច្រើនដែរ ឲ្យយកគុណព្រះពុទ្ធ មាន ពុទ្ធោ មកចម្រើន ។ មុននឹងចូលដល់ភាវនា យើងត្រូវកាត់ផ្ដាច់អារម្មណ៍ដែលនៅខាងក្រៅចេញឲ្យអស់សិន គឺថា មិនត្រូវបញ្ជូនអារម្មណ៍ចេញទៅខាងក្រៅឡើយ ។ អារម្មណ៍ដែលបានបញ្ជូនទៅខាងក្រៅ វាទៅតាក់តែង ទៅបង្កទៅបង្កើត រកទីបញ្ចប់គ្មាន ម្លោះហើយចិត្តរបស់យើងក៏មិនស្ងប់ ។

ព្រោះដូច្នោះ មុនដល់ការចម្រើនភាវនា យើងត្រូវកាត់ផ្ដាច់អារម្មណ៍ខាងក្រៅចេញឲ្យអស់ មិនចាំបាច់បញ្ជូនក្រសែចិត្តឲ្យទៅខាងក្រៅឡើយ ឲ្យបែរមកមើលចិត្តរបស់ខ្លួនយើង នៅក្នុងចិត្តរបស់យើង តម្កល់សតិឲ្យនៅក្នុងចិត្ត ហើយបរិកម្ម ឲ្យចិត្តជាអ្នកបរិកម្ម មិនត្រូវគិតអ្វីច្រើនទេ ឲ្យចម្រើន ពុទ្ធោ តែម្យ៉ាងគត់ក៏បាន តែថា ឲ្យចិត្តជាអ្នកបរិកម្មខ្លួនឯង ឲ្យចិត្តជាអ្នកដឹង មិនត្រូវបើកមាត់ថាឡើយ ។
  
  វិធីអង្គុយចម្រើនឬបរិកម្ម អង្គុយពែនភ្នែនបែបសមាធិក៏បាន អង្គុយបត់ជើងក៏បាន ត្រូវយកជើងស្ដាំដាក់លើជើងឆ្វេង ដៃស្ដាំដាក់លើដៃឆ្វេង តម្កល់កាយឲ្យត្រង់ ហើយបិទភ្នែក រួចក៏មើលចិត្តៗនោះឯងជាអ្នកដឹង ។

ចិត្តអ្នកដឹងឲ្យមានជាប្រចាំ នៅក្នុងខ្លួនមនុស្សយើងគ្រប់រូប មិនចាំបាច់ទៅរកកន្លែងនានា កម្កល់ចិត្តឲ្យនៅក្នុងចិត្ត តម្កល់សតិឲ្យនៅក្នុងចិត្ត ឲ្យចិត្តជាអ្នកបរិកម្ម មិនត្រូវគិតអ្វីច្រើនទេ ឲ្យគិតតែ ពុទ្ធោ ប៉ុណ្ណោះ ហើយបរិកម្មថា ពុទ្ធោៗ ៗ រហូតទាល់តែចិត្តរបស់យើងស្ងប់ចុះ…”

អប់រំដោយ
លោកឪ អតុលោ

No comments:

Post a Comment