អ្នកប្រាជ្ញចិនម្នាក់ពោលថា
១) កែវភ្នែកដែលស្អាតបំផុតគឺ “កែវភ្នែកដែលសម្លឹងមើលរឿងល្អៗក្នុងខ្លួនអ្នកដទៃ” ។
កែវភ្នែកជាវត្ថុមួយចំបាច់ណាស់ បើសិនយើងប្រើវាបានល្អ
វាក៏នាំសេចក្ដីសុខមកដល់ខ្លួនយើង
បើសិនយកភ្នែកនេះទៅសម្លឹងមើលរឿងមិនល្អក៏នាំទុក្ខមកដាក់ខ្លួន ។ ដូច្នេះ
ដើម្បីឲ្យខ្លួនយើង និងអ្នកដទៃមានសេចក្ដីសុខ យើងម្នាក់ៗត្រូវមើលវត្ថុណាដែលវិជ្ជមានសម្រាប់ខ្លួនយើង
មើលក្នុងលក្ខណៈរិះគន់ស្ថាបនា ចិត្ត គំនិត កាយ វាចារបស់យើងឲ្យបានល្អ
មានសណ្ដាប់ធ្នាប់ ជាដើម ។
២) ដៃដែលស្អាតបំផុតគឺ “ដៃដែលទាញបុគ្គលដែលដួលចុះឲ្យក្រោកឡើង” ។
ដៃយើងមានសារៈសំខាន់មួយ
ក្នុងការរៀបចំចាត់ចែងក្នុងកិច្ចការទាំងឡាយទាំងពួង
ដៃជាអវយវៈមួយក្នុងការលើកដាក់វត្ថុនានា និងចាប់ចំណីអាហារ និងបំពេញមុខងារជាច្រើនទៀត
ជាពិសេសដៃមួយនេះ អាចជួយកិច្ចធុរៈធ្ងន់ស្រាលរបស់ខ្លួននិងអ្នកដទៃ
ដើម្បីបានជាប្រយោជន៍ច្រើនយ៉ាង បើសិនយើងម្នាក់ៗចេះប្រើដៃមួយនេះ វៀរលែងទៅវាយ ទៅលួចទៅឆក់ទៅប្លន់ទ្រព្យសម្បត្តិរបស់អ្នកដទៃ
។ ដៃនេះអាចចាប់គ្នាកសាងមិត្តភាពមេត្រីភាព សាមគ្គីគ្នារវាងគ្នានិងគ្នា
ប្រទេសនិងប្រទេស ជាដើម ។
៣) ជើងដែលស្អាតបំផុតគឺ “ជើងដែលឈានទៅដោយមានសតិ
និងបញ្ញា” ។
ជើង ដែលនាំខ្លួនរបស់យើង ឲ្យមានចលនារំកិលទៅមុខឬថយក្រោយ
យើងអាចធ្វើដំណើរទៅទីជិតទីឆ្ងាយបានដោយសារជើង ទៅបំពេញកិច្ចការទាំងឡាយបានដោយសារជើង
តែជើងនេះក៏អាចនាំឲ្យយើងផុងខ្លួនធ្លាក់ចូលទៅក្នុងអបាយមុខ មានដើរលេងយប់ ដើរលេងប៉ោឡែ
មិនបានបំពេញកិច្ចការនាំឲ្យបង់ខាតប្រយោជន៍នេះក៏មានច្រើនដែរ ។ ដូច្នេះ យើងម្នាក់ៗត្រូវចេះប្រើជើងដើរទៅកាន់ទីណាដែលមានប្រយោជន៍
មានសេចក្ដីសុខប្រាសចាកដើរទៅទាត់ទៅធាក់អ្នកដទៃ ដើរត្រូវបុ្រងប្រយ័ត្ន
ត្រូវមានស្មារតីជានិច្ច កន្លែងណាមិនគួរទៅ កុំទៅឡើយ ។
៤) មាត់ដែលស្អាតបំផុតគឺ “មាត់ដែលនិយាយដោយក្ដីស្រឡាញ់
និងក្ដីមេត្តា” ។
មាត់ដែលហាឡើង ជួនកាលមានសុខ ជួនកាលមានទុក្ខមកដាក់ខ្លួន
មាត់អាចប្រើឲ្យមនុស្សជាតិចេះសាមគ្គី មាត់ប្រើទៅអាចបែកបាក់សាមគ្គីគ្នា
មាត់អាចប្រើលើកកម្លាំងចិត្ត មាត់អាចប្រើទៅធ្លាក់កម្លាំងចិត្ត បើមិនចេះប្រើធ្វើឲ្យគេស្អប់
បើចេះប្រើធ្វើគេស្រឡាញ់ ឲ្យគេជួយយកអាសា ។ ដូចនេះ
មាត់ពិតជាមានឥទ្ធិពលលើទង្វើទាំងឡាយ ក្នុងការស្ដារទំនាក់ទំនងគ្នា និងអាចនាំមកនូវសុខភាពផ្លូវកាយ-ចិត្តបានល្អ
ព្រោះមាត់ចេះទទួលទានវត្ថុដែលល្អៗ ចេះនិយាយពាក្យល្អៗ ដែលមានប្រយោជន៍សម្រាប់ខ្លួន
និងអ្នកដទៃ ក៏ដូចជាប្រទេសមាតុភូមិរបស់ខ្លួនជាដើម ។ល។…
No comments:
Post a Comment