Monday, July 20, 2015

ស្ដាប់​ដំបូន្មាន​មហាសេដ្ឋី​ចិន Jack Ma ​តើ​​លោក​អ្នក​​គួរ​​ធ្វើ​អ្វី​ខ្លះ​​ទើប​ល្អ​នៅ​ចន្លោះ​ពី​​​វ័យ​ ២០ ឆ្នាំ​​ទៅ ៦០ ឆ្នាំ?

ក្នុង​បទសម្ភាសន៍​មួយ​នៅ​​ស្ថានីយ​ទូរទស្សន៍​កូរ៉េ​ខាងត្បូង KBS កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​នេះ លោក Jack Ma ​ជា​មហាសេដ្ឋី​ចិន​កំពុង​ឡើង​កូដ​នោះ បាន​ផ្ដល់​ដំបូន្មាន​ជា​ច្រើន​ទាក់ទង​ទៅ​នឹង​ភាព​ជោគជ័យ​នៅ​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់ៗ​នៅ​ចន្លោះ​ពី​អាយុ ២០ ដល់​អាយុ ៦០ ឆ្នាំ។ ផ្អែក​លើ​​​ការ​បកស្រាយ​របស់​អតីត​គ្រូ​បង្រៀន​អង់គ្លេស​វ័យ ៥០ ឆ្នាំ​រូប​នេះ​បាន​លើក​ឡើង​ថា ​តាម​ពិត​ទៅ​ជីវិត​របស់​មនុស្ស​ពី​ដំណាក់​កាល​មួយ​ទៅ​ដំណាក់កាល​មួយ​តែង​ប្រឈមមុខ​បញ្ហា​ជា​ច្រើន​ ជា​ពិសេស​ចាប់​ពី​អាយុ ២០ ឆ្នាំ​ទៅ ៦០ឆ្នាំ។ ប៉ុន្តែ​អ្វី​ដែល​​មនុស្ស​គ្រប់រូប​ត្រូវ​ដឹង​នោះ​គឺ​ថា តើ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​នៅ​ពេល​ស្ថិត​នៅ​ក្នុង​​វ័យ​ទាំង​នេះ? ​​យោង​តាម​ទស្សនៈ​របស់​លោក Jack Ma មុន​ពេល​ឈាន​ដល់​អាយុ ២០ ឆ្នាំ​ដែល​ជា​វ័យ​យុវជន​នោះ លោក​អ្នក​គួរ​តែ​ធ្វើ​ខ្លួន​ជា​សិស្ស​ល្អ​ម្នាក់​ដើម្បី​ត្រៀម​ទទួល​យក​បទពិសោធន៍​ថ្មីៗ​ជា​ច្រើន​​ដែល​នឹង​ចូល​មក​ដល់។ សម្រាប់​​មុន​ឈាន​​ជើង​ចូល​ដល់​វ័យ ៣០ ឆ្នាំ​វិញ​​ លោក​អ្នក​គួរ​តែ​រៀន​សូត្រ​តាម​ ឬ ជ្រើសរើស​អ្នកណា​ម្នាក់​មក​ធ្វើ​​ជា​បុគ្គល​គំរូ​ដែល​​ធ្លាប់​ជោគជ័យ​ក្នុង​វ័យ​នេះ​ពី​មុន​មក។ «​អ្នក​អាច​រៀន​ធ្វើ​ការ​ជា​មួយ​ក្រុមហ៊ុន​តូច​ណា​មួយ​ជា​មុន​សិន​ព្រោះ​ថា ធ្វើ​ការ​នៅ​ក្នុង​​ក្រុមហ៊ុន​តូច​មុន​នឹង​ធ្វើ​ឲ្យ​អ្នក​​អាច​រៀន​សូត្រ​ពី​មហិច្ឆតា ឬ ក្តី​សុបិន​នៅ​ដំណាក់កាល​ដំបូង​ជាជាង​ក្រុមហ៊ុន​​ធំ​ដែល​មាន​អ្វីៗ​សព្វគ្រប់​បែបយ៉ាង​ទៅ​ហើយ​។ បន្ទាប់​មក​ អ្នក​ត្រូវ​​រៀន​មើល​​បុគ្គល​ណា​មួយ​ដែល​អ្នក​គិត​ថា ជា​ចៅហ្វាយ​ដ៏​ល្អ​​ ព្រោះ​បុគ្គល​ប្រភេទ​នេះ​នឹង​អាច​បង្រៀន​អ្នក​បាន​គ្រប់​បែបយ៉ាង»។ ​នេះ​ជា​​ការ​ពន្យល់​របស់​លោក Jack Ma។ នៅ​ពេល​ដែល​ឈាន​មក​ដល់​វ័យ​ចន្លោះ​ពី ៣០ ទៅ ៤០ ឆ្នាំ អតីត​ CEO របស់​ក្រុមហ៊ុន Alibaba រូប​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​​ថា មិន​ចំពោះ​ថា​​អ្នក​ចង់​ធ្វើ​ការ​ឲ្យ​គេ​ឬ បង្កើត​ក្រុមហ៊ុន​ខ្លួន​ឯង​​​នោះ​ឡើយ​ អ្នក​ត្រូវ​តែ​គិត​ឲ្យ​បាន​ច្បាស់​លាស់​ជា​ទីបំផុត​​ចំពោះ​ការងារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ ដើម្បី​ឲ្យ​ប្រាកដ​ថា វា​ពិត​ជា​បាន​ផ្តល់​អត្ថប្រយោជន៍​ច្រើន​បំផុត​សម្រាប់​អាជីព​ការងារ​នៅ​ពេល​អនាគត​យូរអង្វែង។ ដំបូន្មាន​បន្ត​ទៀត​របស់​លោក​ដូច្នេះ​ថា៖ «នៅ​ពេល​ដែល​ឈាន​ដល់​វ័យ​ចន្លោះ​ពី ៤០ ទៅ ៥០ ឆ្នាំ អ្នក​ត្រូវ​ធ្វើ​អ្វី​​​មួយ​ឲ្យ​ស្រប​ទៅ​នឹង​​ជំនាញ​របស់​អ្នក»។ លោក​បញ្ជាក់​ថា ក្នុង​វ័យ​នេះ​ដាច់ខាត​កុំ​ប្ដូរ​អាជីព​ការងារ​ឲ្យ​សោះ បើ​មិន​ដូច្នេះ​ទេ​ អ្នក​នឹង​យឺត​ពេល​ហើយ។ អ្នក​អាច​ជោគជ័យ​ច្រើន​ក្នុង​វ័យ​នេះ តែ​អត្រា​មរណភាព​របស់​អ្នក​ក៏​មាន​កាន់តែ​ច្រើន​ដែរ។ នេះ​ហើយ​ជា​មូលហេតុ​ដែល​លោក តម្រូវ​​ឲ្យ​អ្នក​ត្រូវ​ផ្ដោត​ទៅ​លើ​ការងារ​ដែល​ជា​ជំនាញ​របស់​អ្នក។​​ «នៅ​ចន្លោះ​វ័យ ៥០ ឆ្នាំ​ទៅ ៦០ ឆ្នាំ អ្នក​​គួរ​ធ្វើ​ការ​បម្រើ​ដល់​យុវជន​​ជំនាន់​ក្រោយ​ឲ្យ​បាន​ច្រើន»។ ​នេះ​ជា​ប្រសាសន៍​របស់​លោក Jack Ma ​ដោយ​ពន្យល់​ថា ក្មេងៗ​អាច​​ធ្វើ​ការ​ល្អ​ជាង​​អ្នក ព្រោះ​ពួកគេ​មាន​​ថាមពល​គ្រប់គ្រាន់ ម្ល៉ោះហើយ​អ្នក​ត្រូវ​តែ​​ដាក់​ទុន​ឲ្យ​​ពួកគេ និង ធ្វើ​ឲ្យ​ពួកគេ​ជា​ក្លាយ​ជា​ទំពាំងស្នងឫស្សី​​ដ៏​រឹងមាំ​មួយ។ ​​​ ឥឡូវ​នេះ​ងាក​មក​មើល​វ័យ​​ចាប់​ពី​៦០​ឆ្នាំ​ឡើង​វិញ​ម្តង តើ​មហាសេដ្ឋី​មាន​ទ្រព្យសម្បត្តិ ២២,២ ពាន់​លាន​ដុល្លារ​រូប​នេះ​ផ្ដល់​ដំបូន្មាន​គួរ​ធ្វើ​អ្វី​វិញ? ទោះបី​ជា​លោក​មិន​ទាន​ឈាន​ដល់​វ័យ ៦០​ក៏ដោយ ក៏​លោក​​មាន​គម្រោង​ថា នៅ​ពេល​ដែល​លោក​ឈាន​ដល់​វ័យ ៦០ ឆ្នាំ​ឡើង​ទៅ លោក​នឹង​ចំណាយ​ពេល​ឲ្យ​បាន​ច្រើន​សម្រាប់​ខ្លួន​លោក និង គ្រួសារ​របស់​លោក​វិញ។ មហាសេដ្ឋី​​មក​ពី​ខេត្ត Zhejiang ​របស់​ចិន​​រូប​នេះ​បាន​ផ្តល់​ដំបូន្មាន​ចុងក្រោយ​ដល់​យុវជន​​ថា៖« ចង់​ផ្លាស់ប្ដូរ​​នៅ​ពេល​​ថ្ងៃ​រៀប​លិច ច្បាស់​ជា​យឺត​ពេល​​ហើយ! នេះ​ជា​ដំបូន្មាន​របស់​ខ្ញុំ​ផ្ញើ​ជូន​ដល់​យុវជន​ទាំងអស់​ដែល​មាន​វ័យ ២៥ ឆ្នាំ។ កុំ​បារម្ភ​រឿង​កំហុស​របស់​អ្នក! កុំ​បារម្ភ​​រឿង​បរាជ័យ អ្នក​ត្រូវ​ក្រោកឈរ​ឡើង ហើយ​រីករាយ​ទៅ​នឹង​ដំណើរ​ជីវិត​របស់​អ្នក ព្រោះ​វ័យ​នេះ​អ្នក​ទាំងអស់​គ្នា​​នៅ​មាន​អនាគត​វែងឆ្ងាយ​ណាស់»៕ សូម​ទស្សនា​បទសម្ភាសន៍​ភាព​ជោគជ័យ​របស់​លោក​នៅ​ក្នុង​ស្ថានីយ​ទូរទស្សន៍​​កូរ៉េខាងត្បូង KBS ដូច​ខាងក្រោម​នេះ! ប្រែសម្រួល៖ ខេវិន ប្រភព៖ thebnews.com

No comments:

Post a Comment