Monday, July 20, 2015

មូលដ្ឋាន​គ្រឹះ​ទាំង​៨ នៃ​សុភមង្គល​ដែល​អ្នក​មិន​​គួរ​​មើល​រំលង


តើ​អ្វី​ទៅ​ជា​សុភមង្គល? មនុស្ស​មួយ​ចំនួន​បាន​ឲ្យ​តម្លៃ​សុភមង្គល​​នៅ​ពេល​ដែល​មនុស្ស​យើង​​មាន​​​មាស​ប្រាក់​សម្បូរហូរហៀរ។​ទន្ទឹម​នឹង​នេះ​​ក៏​មាន​ទស្សនៈ​ផ្ទុយ​ពី​នេះ​ដែរ​ដែល​ថា សុភមង្គល​​របស់​មនុស្ស​មិន​ស្ថិត​នៅ​លើ​មាសប្រាក់​នោះ​ទេ តែ​វា​​ស្ថិត​នៅ​លើ​ចិត្ត​របស់​យើង​ទៅវិញ​ទេ។ ប្រិយមិត្ត​អាច​យល់​ខុសៗគ្នា​ពី​និយម​ន័យ​សុភមង្គល​នេះ ប៉ុន្តែ​ខាងក្រោម​នេះ​នឹង​អាច​ផ្ដល់​ជា​ពន្លឺ​ដល់​លោក​អ្នក​ពី​មូលដ្ឋាន​គ្រឹះ​នៃ​សុភមង្គល​របស់​អ្នក​បាន​ថា តើ​​ត្រូវ​​ធ្វើ​ដូចម្ដេច​ដើម្បី​ទទួល​បាន​សុភមង្គល?​​

១) សុភមង្គល​គឺ​ជា​អ្វី​ដែ​អ្នក​ត្រូវ​​មាន មិនមែន​ជា​ការ​ស្រមើស្រមៃ​ទេ​

ចង់​កសាង​សុភមង្គល ​ប្រៀប​ដូច​ជា​​ការ​អាន​​​សៀវភៅ​ប្រលោមលោក​មួយ​ក្បាល​​ដូច្នេះ​ដែរ។ លោក​អ្នក​ត្រូវ​អាន​វា​ចាប់​តាំង​ពី​ដើម​ទំព័រ រហូត​ដល់​ចប់​ទើប​ដឹង​ថា ​ប្រលោម​លោក​នៅ​ក្នុង​សៀវភៅ​នេះ​និយាយ​​ពី​អ្វី។ យ៉ាងណាមិញ សុភមង្គល​របស់​អ្នក​គឺ​ជា​អ្វី​​ដែល​​អ្នក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​មុខ​ប្រៀប​ដូច​ជា​អាន​សៀវភៅ​ពី​ទំព័រ​មួយ​ទៅ​ទំព័រ និង កត់ត្រា​ចំណុច​សំខាន់​នេះ​​​ ទើប​អ្នក​អាច​សម្រេច​គោលដៅ​របស់​អ្នក​បាន។

២) រៀន​ដោះស្រាយ​បញ្ហា​ខក​បំណង​ទាំងឡាយ

​សូម​ចាំ​ថា ជីវិត​របស់​​​មនុស្ស​យើង​ មិនមែន​សុទ្ធតែ​​ធ្វើ​អ្វី​ៗ​ស្រប​តាម​បំណង​របស់​ខ្លួន​នោះ​​ឡើយ​ ពោល​គឺ​អ្នក​នឹង​ជួប​ប្រទះ​បញ្ហា​ផ្សេងៗ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ខកចិត្ត​។ ហេតុដូច្នេះ អ្នក​ត្រូវ​ប្រាកដ​ថា បញ្ហា​ទាំង​នោះ​នឹង​មិន​​មក​បំផ្លាញ​​សុភមង្គល​របស់​អ្នក​​នោះ​ទេ។ ប្រការ​ដែល​​ល្អ អ្នក​ត្រូវ​ចេះ​គ្រប់គ្រង​បញ្ហា​ទាំង​នោះ​ឲ្យ​បាន ​និង ចេះ​ចិញ្ចឹម​ភាព​រីករាយ​ឡើង។

៣) ចេះ​រស់​នៅ​ជា​មួយ​បច្ចុប្បន្ន​​កាល​របស់​អ្នក

មនុស្ស​ដែល​រស់​នៅ​ជា​មួយ​អតីតកាល មិន​អាច​ធ្វើ​ឲ្យ​ពួកគេ​ជោគជ័យ​ក្នុង​ឆាក​ជីវិត​នៅ​ថ្ងៃ​នេះ ឬ ថ្ងៃស្អែក​បាន​ឡើយ។ ម៉្លោះហើយ​​អ្នក​មិន​ត្រូវ​ដេក​រង់ចាំ​ថ្ងៃស្អែក​ ឬ រង់​ចាំ​ឱកាស​ល្អ​​មក​ដល់​នោះ​ទេ ពោល​គឺ​ត្រូវ​ប្រើប្រាស់​ពេល​វេលា​ និង​រៀន​រស់​នៅ​ជាមួយ​ថ្ងៃ​នេះ​ធ្វើ​អ្វីៗ​ដែល​មាន​តម្លៃ​បំផុត​​ដែល​នាំ​មក​នូវ​សុភមង្គល និង ភាព​ជោគជ័យ។

៤) យល់​ឲ្យ​ច្បាស់​ពី​គោលដៅ​ជីវិត​របស់​អ្នក

គោលដៅ​ជីវិត​​ គឺ​ជា​រឿលង​សំខាន់​ខ្លាំង​ណាស់ ព្រោះ​​​វា​នឹង​កំណត់​ថា​​តើ​ជីវិត​របស់​អ្នក​នឹង​ក្លាយ​ជា​អ្វី​នៅ​ពេល​អនាគត? សម្រាប់​អ្នក​ដែល​មាន​គោលដៅ​ច្បាស់លាស់​ រមែង​មាន​​​ភាព​ជឿជាក់ និង ទំនុក​ចិត្ត​ឈោង​ចាប់​យក​គោលដៅ​នេះ ដែល​នេះ​នឹង​ធ្វើ​ឲ្យ​ជីវិត​របស់​​ពួកគេ​ទទួល​បាន​ភាព​រីករាយ​ជានិច្ច។ ផ្ទុយ​ទៅ​វិញ​បើ​អ្នក​មិន​ដឹង​ថា តើ​តម្លៃ​ និង គោលដៅ​ជីវិត​ជា​អ្វី មិន​ខុស​អ្វី​ពី​ទូក​នៅ​កណ្ដាល​ទន្លេ​គ្មាន​កោះ​គ្មាន​ត្រើយ​នោះ​ទេ។

៥) ធ្វើ​សកម្មភាព​សាមញ្ញ​ប្រចាំ​ថ្ងៃ​ដែល​នាំ​មក​នូវ​សុភមង្គល

ពេល​វេលា​ ២៤ ម៉ោង​របស់​អ្នក​នឹង​ផ្ដល់​តម្លៃ​អ្នក​ពិតៗ​នៅ​ពេល​ដែល​​​អ្នក​​ចំណាយ​ពេល​ធ្វើ​រឿង​សាមញ្ញៗ តែ​មាន​តម្លៃ​ដល់​ជីវិត​របស់​អ្នក។ អ្នក​ប្រហែល​គិត​​ថា លុយ​គឺ​ជា​រឿង​សំខាន់ ប៉ុន្តែ​សម្រាប់​មហាសេដ្ឋី​​មួយ​ចំនួន​គិត​ថា មាន​លុយ​មិនមែន​មាន​អ្វីៗ​ទាំង​នោះ​​ទេ។ ការ​​​ចំណាយ​ពេល​បង្កើត​ភាព​រីករាយ​ជា​មួយ​គ្រួសារ មិត្ត​ភក្តិ ឬ សកម្មភាព​មនុស្សធម៌​ផ្សេងៗ​ទៀត​​នឹង​នាំ​មក​នូវ​សុភមង្គល​ដល់​អ្នក ដែល​មនុស្ស​មួយ​ចំនួន​មើល​រំលង។

៦) ចែក​រំលែក​​ឲ្យ​បាន​ច្រើន

ពាក្យ​មួយ​ឃ្លា​បាន​ពោល​​ថា “ឲ្យ​របស់​ស្រណោះ​ដៃ” ដែល​​នេះ​មាន​ន័យ​ថា ​​បុគ្គល​មួយ​ចំនួន​​បើ​ឲ្យ​របស់​អ្វី​ទៅ​គេ​ហើយ​ តែង​​​ចង់​បាន​អ្វី​ជា​ថ្នូរ​មក​វិញ។ ប៉ុន្តែ ​សម្រាប់​អ្នក​​វិញ ​ការ​​ជួយ​អ្នក​ដទៃ ចែក​រំលែក​ចំណេះដឹង ធ្វើ​មនុស្ស​ធម៌​ទៅ​កាន់​អ្នកដទៃ​កាន់តែ​ច្រើន​ឡើង​ដោយ​មិន​ចង់​បាន​អ្វី​តប​ស្នង​មក​វិញ​​ គឺ​ជា​អ្វី​ដែល​​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​សុភមង្គល​​បំផុត​មួយ។ ​ចំណុច​នេះ សូម្បី​តែ​អ្នក​មិន​ចង់​បាន​ការ​តបស្នង ក៏​ពួកគេ​ឲ្យ​តម្លៃ​អ្នក​ជា​មិនខាន។

៧) មាស​ប្រាក់​មិន​អាច​ទិញ​សុភមង្គល​បាន​ទេ

​អ្នក​អាច​សង្កេត​បាន​ថា មាន​​គ្រួសារ​មួយ​ចំនួន​មាន​ទ្រព្យសម្បត្តិ​ច្រើន​ហូរហៀរ​​រស់​​នៅ​វិឡា​ថ្លៃៗ ជិះ​រថយន្ត​ទំនើបៗ មាន​ប្រាក់​រាប់​ម៉ឺន​ដុល្លារ តែ​បែរជា​រក​សុភមង្គល​មិន​ឃើញ។ នេះ​ប្រហែល​ជា​ពួកគេ​បាន​មើល​រំលង​សុភមង្គល​មួយ​ចំនួន​រួច​ស្រេច​ទៅ​ហើយ។ ការ​​ចំណាយ​ពេល​យកចិត្ត​ទុកដាក់​មើល​ថែ​ដល់​​មនុស្ស​ដែល​អ្នក​ស្រលាញ់ ជា​​ពិសេស​ក្តី​ស្រលាញ់ និង ការ​ថ្នាក់ថ្នម​ជា​ដើម គឺ​ជា​ចំណែក​នៃ​សុភមង្គល​ដ៏​ធំ​ធេង។

៨) សូម​កុំ​ឲ្យ​​អតីតកាល​បំផ្លាញ​អនាគត​របស់​អ្នក

អតីតកាល​របស់​អ្នក​បាន​កន្លង​ផុត​ទៅ​ហើយ ហេតុដូច្នេះ​អ្នក​មិន​អាច​កែប្រែ​វា​បាន​ទេ តែ​អ្នក​បាន​ត្រឹមតែ​រៀន​សូត្រ​ពី​វា​តែប៉ុណ្ណោះ។ នេះ​ជា​អ្វី​ដែល​​បុគ្គល​រីករាយ​បាន​ដឹង​ពី​ចំណុច​នេះ។ សម្រាប់​អ្នក​វិញ ត្រូវ​​​បង្កើត​ភាព​រីករាយ និង ធ្វើ​អ្វី​ដែល​ល្អ​​នៅ​ក្នុង​ថ្ងៃ​នេះ ព្រោះ​ថា​អនាគត​ដ៏​ល្អ​មួយ​នឹង​រៀបចំ​ឲ្យ​អ្នក៕

ប្រែសម្រួល៖ ខេវិន
ប្រភព៖ thebnews.com

No comments:

Post a Comment