Monday, July 20, 2015

អ្នក​ដែល​​​​មាន​ជំនាញ​ពិតប្រាកដ​ ​នឹង​មាន​ហាងឆេង​ខ្ពស់​​ចំនួន​ ៦​ ចំណុច​នេះ


ជំនាញ​ គឺ​ជា​កិច្ចការ​​សំខាន់​ខ្លាំង​ណាស់​ដែល​មនុស្ស​គ្រប់រូប​នៅ​ក្នុង​សតវត្ស​ទី​២១ នេះ​​ត្រូវ​តែ​មាន​សម្រាប់​ភាព​ជោគជ័យ​នៅ​ក្នុង​អាជីព​ការងារ។ អ្នក​ដែល​មាន​ជំនាញ ជា​អ្នក​ដែល​​លេចធ្លោ​នៅ​ក្នុង​ចំណោម​​សាធារណជន ជា​ពិសេស​ពី​ការ​ពឹងពាក់​អាស្រ័យ​របស់​មនុស្ស​គ្រប់​មជ្ឈដ្ឋាន។ សម្រាប់​ប្រិយមិត្ត​អ្នក​អាន​វិញ ​សូម​គិតគូរ​ពី​ចំណុច​​​នេះ​ឲ្យ​បាន​ម៉ត់ចត់​បំផុត ត្បិតអី​​ជំនាញ​ដ៏​ប៉ិនប្រសព្វ​នេះ​​ធ្វើ​ឲ្យ​លោក​អ្នក​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដូច​​ខាងក្រោម​នេះ៖​

១) នៅពេល​អ្នក​ចេះ​ប្រាកដ ពួកគេ​នឹង​រត់​មក​រក​អ្នក​ដោយ​ខ្លួន​ឯង

សុភាសិត​ខ្មែរ​​តែង​ក្រើន​រំលឹក​ថា នៅ​ពេល​ដែល​អ្នក​ចេះ​ប្រាកដ​ ប្រាក់​នឹង​រត់​តាម​ហៅ​ជា​មិនខាន។ សម្រាប់​ចំណុច​នេះ​វិញ​ វា​មិន​ខុស​អ្វី​ពី​ពាក្យ​មួយ​ឃ្លា​នេះ​ទេ ព្រោះ​​ថា​នៅ​ពេល​ដែល​អ្នក​​មាន​ជំនាញ​អ្វី​មួយ​ អ្នក​រមែង​ជា​ទី​ពឹង​អាស្រ័យ​របស់​អ្នកដទៃ។ ជា​ឧទាហរណ៍​បើ​អ្នក​ចេះ​ជំនាញ​​​សហគ្រិន​ភាព​ពិត​ប្រាកដ អ្នក​នឹង​​ក្លាយ​ជា​ផ្ទាំង​ស៊ីប​​ពី​អ្នក​ចង់​បោះ​ដើមទុន​រកស៊ី សហគ្រិន និស្សិត និង អ្នក​ដែល​ចង់​ប្រឡូក​ក្នុង​អាជីវកម្ម​តែម្តង។

២) ជំនាញ​របស់​អ្នក​នឹង​ធ្វើ​ឲ្យ​អតិថិជន​​មាន​ទំនុកចិត្ត​​

ជា​ឧទាហរណ៍​ថា ​​​អ្នក​បាន​​ទៅ​ពឹងពាក់​មេធាវី​មួយ​រូប​ដែល​មិនសូវ​មាន​ជំនាញ​ច្បាស់លាស់​ចន្លោះ​ប្រហោង​ក្នុង​ការ​ក្តោប​ក្តាប់​រឿង​ក្តី​​​​ច្រើន​។ នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​​មាន​​ការ​មន្ទិល​សង្ស័យ និង មិន​សូវ​មាន​ទំនុកចិត្ត​ទៀត​ផង​នៅ​ពេល​តតាំង​នៅ​តុលាការ។ យ៉ាងណាមិញ បើ​សិន​​ជា​​អ្នក​គឺ​ជា​​មេធាវី​​ដ៏​ចំណាន​ម្នាក់​វិញ ​អ្នក​នឹង​អាច​ជួយ​ធ្វើ​ឲ្យ​អតិថិជន​​របស់​អ្នក​អស់​ចម្ងល់ មាន​ភាព​កក់ក្តៅ ជា​ពិសេស​មិន​អាច​ធ្វើ​ឲ្យ​ពួកគេ​ចាប់​កំហុស ឬសង្ស័យ​មក​លើ​អ្នក​ជា​ដើម ដែល​នេះ​ជា​ការ​ផ្តល់​ទំនុកចិត្ត​ខ្ពស់​ពី​ពួកគេ​នេះ​ឯង។

​៣) អ្នក​នឹង​មាន​ឥទ្ធិពល​ក្នុង​ទីផ្សារ​ការងារ​របស់​អ្នក​

នៅ​ក្នុង​សង្គម​មួយ​ បុគ្គល​ល្បីៗ អ្នក​ជំនាញ ឬ អ្នក​វិភាគ​ជា​ច្រើន​​មាន​មុខមាត់​​ និង ដឹងឮ​ពី​សាធារណជន​ច្រើន​ក៏ដោយ​សារ​តែ​បុគ្គល​ទាំង​នោះ​មាន​ជំនាញ​​ចេះ​យ៉ាង​ស្ទាត់​ជំនាញ​នេះ​ឯង។ ឧទាហរណ៍​ថា អ្នក​​​មាន​ជំនាញ​ខាង​វិភាគ​ទីផ្សារ​អចលនទ្រព្យ​​​យ៉ាង​ច្បាស់លាស់​​​មួយ​ចុះ។ ជំនាញ​នេះ នឹង​ធ្វើ​ឲ្យ​អ្នក​បាន​​យល់​ដឹង​គ្រប់​ស្ថានការណ៍ ការ​វិវត្ត​នានា​នៃ​ទីផ្សារ​អចលនទ្រព្យ​នៅ​ក្នុង​ក្រុង ឬ តំបន់​នានា។ បែប​នេះ អ្នក​នឹង​ទទួល​បាន​​ឥទ្ធិពល និង ភាព​ទាក់ទាញ​ពី​អតិថិជន​ ជា​ពិសេស​ស្ថាប័ន​នានា​ ដែល​ចង់​​ស្វែង​យល់​ពី​​វិស័យ​នេះ​តែម្តង។

៤) អ្នក​អាច​បង្កើន​តម្លៃ​សេវាកម្ម​​របស់​​អ្នក​បាន​គ្រប់​ស្ថានភាព

នៅ​ពេល​ដែល​អតិថិជន​ម្នាក់​បាន​ពឹង​​ពាក់​​ដោយ​ហេតុ​ថា អ្នក​មាន​ជំនាញ​ច្បាស់លាស់​​ពី​អ្វី​ដែល​ពួកគេ​កំពុង​ត្រូវ​ការ ​នោះ​អ្នក​ក៏​មាន​ទឹកមាត់​លេប​ច្រើន​ដែរ។ អ្នក​កាន់តែ​ចេះ កាន់តែ​មាន​ជំនាញ​ អ្នក​កាន់តែ​អាច​ដំឡើង​ថ្លៃ​សេវាកម្ម​របស់​អ្នក​បាន​ដែរ។ ជា​ទូទៅ​អតិថិជន​ដែល​យល់​ថា ​អ្នក​បាន​ផ្តល់​សេវាកម្ម​ល្អ​​យ៉ាង​គាប់​ចិត្ត​ដល់​ពួកគេ ពួកគេ​មិន​សូវ​ស្តាយ​ស្រណោះ​ប្រាក់​​ថ្លៃ​សេវាកម្ម​រឿង​មួយ​កាក់​មួយ​សេន​នោះ​ដែរ​ ហើយ​អាច​មាន​ច្រើន​លើស​ពី​អ្វី​ដែល​អ្នក​រំពឹង​ទុក​ទៀត​ផង។

៥) អ្នក​នឹង​ក្លាយ​ជា​ផ្ទាំង​ស៊ីប​លើ​បណ្ដាញ​​ផ្សព្វផ្សាយ

ដូច​អ្វី​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​ចំណុច​ទី​៣ នៅ​ក្នុង​សង្គម​នីមួយ​​ៗតួយ៉ាង​ដូច​ជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ ​អ្នក​ជំនាញ អ្នក​វិភាគ ទាំង​​នយោបាយ​ក្តី សេដ្ឋកិច្ច​ក្តី ឬ អាជីវកម្ម​ក្តី តែង​មាន​មុខមាត់​នៅ​លើ​កញ្ចក់​ទូរទស្សន៍ វិទ្យុ រួម​ទាំង​ការ​ប្រមាញ់​ពី​អ្នក​កាសែត​ជា​ដើម។ នេះ​ជា​រឿង​មួយ​មិន​អាច​ប្រកែក​បាន ដែល​ធ្វើ​ឲ្យ​អ្នក​​កាន់តែ​មាន​ប្រាក់​ចំណូល ​ប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះ​​​លេច​មុខមាត់​ជា​ទី​ចាប់អារម្មណ៍​របស់​សាធារណជន​នៅ​ក្នុង​សង្គម។

៦) អ្នក​នឹង​មាន​ទំនាក់ទំនង​​​ល្អ​ជា​មួយ​អាជ្ញាធរ និង អ្នក​ជំនាញ​ដូចគ្នា​​​​​​​​

បើ​និយាយ​ជា​ទូទៅ បុគ្គល​ដែល​មាន​ជំនាញ​ពិត​ប្រាកដ​ ត្រូវ​បាន​គេ​មើល​ឃើញថា មាន​ទំនាក់ទំនង​កាន់តែ​ស៊ី​ជម្រៅ​ជា​មួយ​អាជ្ញាធរ ក្រុមហ៊ុន អង្គការ​នានា​ ជា​ពិសេស​អ្នក​ជំនាញ​ដូចគ្នា​តែម្តង។ នៅ​ត្រង់​ចំណុច​នេះ​នៅ​ពេល​ដែល​អ្នក​មាន​ជំនាញ​ពិត​ប្រាកដ ​អ្នក​កាន់តែ​មាន​គ្រឹះ​ទំនាក់ទំនង​កាន់តែ​រឹងមាំ​ជា​ទី​ចាប់​អារម្មណ៍​របស់​​បុគ្គល​ល្បីៗ​ជា​ច្រើន ហើយ​មិត្តភាព និង មុខមាត់​របស់​អ្នក​ក៏​កាន់តែ​​ល្បី​សុះសាយ​ឡើង​ទៅ​តាម​នេះ​ដែរ។ សូម​ចាំ​ថា ចង់​ធ្វើ​ជា​អ្នក​ជំនាញ ​មិន​មែន​​ធ្វើ​ជា​អ្នក​ចេះ​សព្វគ្រប់​បែប​យ៉ាង​នោះ​ឡើយ​ ពោល​គឺ​​ត្រូវ​ចេះ​ជំនាញ​មួយ​ឲ្យ​ពិត​ប្រាកដ។ យ៉ាងណាមិញ​​ បើ​អ្នក​​មិន​​ធ្វើ​បែប​នេះ​​​ វា​គ្រាន់​តែ​ដូច​ពាក្យ​សុភាសិត​បុរាណ​ខ្មែរ​​មួយ​ពោល​ថា​​ “ចេះ​ដល់​មិន​ស្មើ​អ្នក​ប្រសព្វ​មួយ​”​​ តែ​ប៉ុណ្ណោះ៕

ប្រែសម្រួល៖ ខេវិន
ប្រភព៖ http://thebnews.com

No comments:

Post a Comment