Monday, July 20, 2015

នាយក​ប្រតិបត្តិ​ដែល​ទទួល​បាន​ប្រាក់​បៀវត្ស​ខ្ពស់​បំផុត​នៅ​អាមេរិក​ជាង​ ២៨៥ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​មាន​ទម្លាប់​ធ្វើ​អ្វី​ខ្លះ​​រាល់​ថ្ងៃ?


លោក​ Nick Woodman ជា​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ GoPro ដែល​ជា​ក្រុមហ៊ុន​ដ៏​ល្បី​ល្បាញ​នៅ​សហរដ្ឋ​អាមេរិក និង​ជំនាញ​ខាង​ផលិត​កាមេរ៉ា​ថត​វីដេអូ​ (camcorder) និង​មាន​កម្រិត​រូប​ភាព​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក​កម្រិត HD (High Definition) ដែល​មាន​ន័យ​ថា​កម្រិត​រូបភាព​ច្បាស់​និង​ម៉ត់។

ក្នុង​ចំណោម​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ទូទាំង​សហរដ្ឋ​អាមេរិក មហាសេដ្ឋី​វ័យ​ ៤០​ឆ្នាំ​រូប​នេះ​ ទទួល​បាន​ប្រាក់​បៀវត្ស​ខ្ពស់​ជាង​គេ​កាលពី​ឆ្នាំ២០១៤​ រហូត​ដល់ ២៨៥,៥ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។ លោក​ជា​បុគ្គល​ដែល​ខុស​ប្លែក​ពី​នាយក​ប្រតិបត្តិ​ដទៃ​ទៀត​ ព្រោះ​លោក​មាន​អាកប្បកិរិយា​ប្លែក​ពី​អ្នក​ដទៃ និង​ចូល​ចិត្ត​ប្រព្រឹត្ត​ទង្វើ​ប្លែកៗ។ ពេល​ខ្លះ ធ្វើ​ឲ្យ​អ្នក​ផង​ទាំងពួង​ហួសចិត្ត ព្រោះ​មិន​នឹក​ស្មាន​ដល់។ ខាង​ក្រោម​នេះ​ជា​លក្ខណៈ​ពិសេសៗ ដែល​លោក​តែងតែ​អនុវត្ត​ប្រចាំ​ថ្ងៃ។

​ក្រុមហ៊ុន GoPro ដែល​មាន​លោក Woodman ជា​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​នោះ កាលពី​ពេល​ចាប់​ផ្ដើម​បើក​ក្រុមហ៊ុន​ដំបូង មាន​បុគ្គលិក​តែ​ប្រាំបី​នាក់​ប៉ុណ្ណោះ។ កាលពី​ដំបូង​ឡើយ ក្រុមហ៊ុន​លក់​ខ្សែ​កាមេរ៉ា។ ក្រោយមក ក្រុមហ៊ុន​ក៏​បាន​ពង្រីក​សង្វាក់​ផលិតកម្ម​របស់​ខ្លួន រហូត​ដល់​ផលិត​ជា​តួ​កាមេរ៉ា។ ក្រោយមក បុគ្គលិក​បាន​កើន​ដល់ ៨០០ នាក់។ GoPro បាន​ពង្រីក​ខ្លួន​ទៅ​ជា​ក្រុមហ៊ុន​ខ្នាត​មធ្យម ហើយ​លែង​មាន​ឈ្មោះ​តូច​កំប៉ិកកំប៉ុក​តទៅ​ទៀត​ហើយ។

ជា​មួយ​នឹង​ទ្រព្យសម្បត្តិ​ប្រមាណ ២,៣ ពាន់​លាន​ដុល្លារ ​លោក​ Woodman បាន​រៀបរាប់​អំពី​ការងារ​ប្រចាំ​ថ្ងៃ​របស់​លោក​យ៉ាង​ដូច្នេះ​ថា​៖ ព្រលឹម​ឡើង កូន​របស់​លោក​ដាស់​លោក​ពី​ដំណេក។ បន្ទាប់​មក លោក​លេង​កីឡា​វាយ​កូន​ឃ្លី​ផ្ទប់​ជញ្ជាំង​ជាមួយ​កូនៗ​របស់​លោក។ លោក​ប្រាប់​ថា​លោក​ផ្ដល់​អាទិភាព​ និង​បម្រុង​ទុក​ពេល​មួយ​ព្រឹក​ពេញ សម្រាប់​ការ​ស្ថិត​នៅ​ជួបជុំ​ភរិយា និង​កូនៗ​ជា​ទី​ស្រឡាញ់។ ដូចនេះ លោក​ចំណាយ​ពេល​ពេញ​មួយ​ព្រឹក​នៅ​ជាមួយ​ក្រុម​គ្រួសារ ដោយ​មិន​ទាន់​ទៅ​កន្លែង​ធ្វើ​ការ​ទេ។

​លោក​ឆ្លៀតពេល​ដ៏​មមាញឹក ដើម្បី​ដឹក​កូន​ទៅ​សាលា ព្រោះ​បើ​មិន​ឆ្លៀតពេល​ទេ លោក​មិន​អាច​ឆ្លៀត​ឱកាស​នៅ​ជួបជុំ​គ្រួសារ​បាន​យូរ​ទេ។ ប្រការ​សំខាន់​នៅ​ត្រង់​ថា នៅ​ពេល​លោក​ចូល​ទៅ​ដល់​កន្លែង​ធ្វើ​ការ គឺ​លោក​ជ្រមុជ​តែ​រឿង​ធ្វើ​ការ​តែ​មួយ​មុខ​គត់ ហើយ​មិន​រវល់​រឿង​ផ្សេង​ទេ។ មាន​ន័យ​ថា នៅ​ពេល​លោក​បំពេញ​កិច្ចការ​អ្វី​មួយ លោក​ត្រូវ​តែ​ធ្វើ​រហូត​ដល់​ចប់ចុងចប់ដើម ទើប​លោក​ទៅ​ផ្ទះ។ ពេល​ខ្លះ លោក​នៅ​កន្លែង​ធ្វើ​ការ​ដល់​យប់​ជ្រៅ សូម្បី​អាហារ​ពេល​ក្បាល​ព្រលប់ (dinner) ក៏​មិន​បាន​បរិភោគ​ជុំ​គ្នា​ជាមួយ​គ្រួសារ​ផង ព្រោះ​ខំ​ប្រញឹក​ដៃ​ឲ្យ​ចប់​ការងារ​នៅ​កន្លែង​ធ្វើ​ការ​សិន។​

នៅ​កន្លែង​ធ្វើ​ការ លោក​ផ្ដោត​តែ​ទៅ​លើ​មុខ​ជំនាញ​ដែល​លោក​ចេះ​ស្ទាត់ និង​ដែល​ជា​ចំណង់​ចំណូល​ចិត្ត​របស់​លោក​។ មាន​ន័យ​ថា​លោក​ធ្វើ​ការងារ​ណា​ដែល​លោក​សប្បាយចិត្ត​នឹង​ធ្វើ។ ឧទាហរណ៍​ការ​ងារ​ខាង​វិស័យ​ផលិតកម្ម – ខាង​វិស័យ​រក​ទីផ្សារ (marketing) – និង​ការ​រៀបចំ​ទស្សនវិស័យ និង​យុទ្ធសាស្ត្រ​រយៈពេល​ខ្លី និង​រយៈពេល​វែង​នៅ​ក្នុង​ក្រុមហ៊ុន​របស់​លោក។

​លោក Woodman មាន​ប្រសាសន៍​ថា​ការងារ​របស់​លោក​ពេល​ខ្លះ​ស្មុគស្មាញ និង​ពេល​ខ្លះ​សាមញ្ញ​ធម្មតា។ ជា​រៀងរាល់​ថ្ងៃ លោក​ត្រូវ​អង្គុយ​ស្ដាប់ និង​ពិភាក្សា​គ្នា​ជាមួយ​បុគ្គលិក​ដទៃ​ទៀត ឬ​អ្នក​មក​ពី​ខាងក្រៅ ដែល​មាន​គំនិត​ប្លែកៗ ដែល​ស្ដាប់​គំនិត​របស់​គេ​ទៅ សឹង​មិន​ជឿ​ថា​វា​អាច​ក្លាយ​ជា​ការ​ពិត​បាន។ ប៉ុន្តែ​នៅ​ទី​បំផុត ក្រុម​ការងារ​របស់​លោក​អាច​ធ្វើ​ឲ្យ​ក្ដី​ស្រមៃ​ក្លាយ​ជា​ការពិត។ ឧទាហរណ៍ លោក​អង្គុយ​ស្រមើស្រមៃ​ជាមួយ​អ្នក​បច្ចេកទេស​ខាង​វិស័យ​ផលិតកម្ម និង​អ្នក​ជំនាញ​ខាង​រចនា និង​គូសវាស​ម៉ូត (អ្នក design) រហូត​ដល់​បាន​ជា​ផលិតផល​សម្រេច។

​ពេល​បំពេញ​ការងារ​ប្រចាំ​ថ្ងៃ​រួចរាល់ លោក​ក៏​ត្រូវ​ថមថយ​ថាមពល​មួយ​ផ្នែក​ធំ ព្រោះ​ហត់​នឿយ​នឹង​ការងារ។ ការងារ​របៀប​នេះ ត្រូវ​ការ​ប្រើ​ថាមពល​ខួរ​ក្បាល​ច្រើន។ ដូច្នេះ ទៅ​ដល់​ផ្ទះ​ភ្លាម បន្ទាប់​ពី​ងូតទឹក​ជម្រះកាយ និង​ទទួល​ទាន​អាហារ​បន្តិចបន្តួច​រួច​រាល់ លោក​ក៏​ប្រាស​ខ្លួន​គេង៕

​ប្រែ​សម្រួល ៖ អន សំអាង

ប្រភពៈ http://www.thebnews.com/

No comments:

Post a Comment