Tuesday, July 21, 2015

ចំណុច៣យ៉ាងដែលអ្នកត្រូវធ្វើជាប្រចាំដើម្បីនាំទៅរកភាពជោគជ័យក្នុងជីវិត

មនុស្ស​គ្រប់​រូប​ កើត​មក​តែង​ប្រាថ្នា​ចង់​ទទួល​បាន​ជោគជ័យ​ក្នុងជីវិត​។ ជោគ​ជ័យ​ដែល​មនុស្ស​ទូទៅ​សំដៅ​លើនោះ​ ភាគ​ច្រើន​ជាសម្ភារៈ ​ប្រាក់កាស ​ផ្ទះ​សម្បែង​ និងឋានៈ​ក្នុង​សង្គម​ជាដើម​ ប៉ុន្តែ ​ការឲ្យ​និយម​ន័យនៃពាក្យ​ “ជោគជ័យ”​ នេះ​ខុស​ប្លែក​ពីមនុស្ស​ម្នាក់​ទៅមនុស្ស​ម្នាក់​ទៀត​អាស្រ័យ​លើគោល​បំណង​របស់​ពួកគេ​។ ឥឡូវនេះ ​Cool News ​សូមលើក​យក ​ចំណុច ៣ ​យ៉ាង ​ដែល​អាច​ជួយ​អ្នក​ឲ្យ ​ខិតកាន់​តែកៀក​ជោគជ័យ​ មិន​ថាជាការងារ​ណា​នោះ​ទេ។​
១. ធ្វើ​អ្វីជា ​“សក្ដានុពល”​ របស់អ្នក​ គ្មាន​នរណា​អាច​ដឹងថា​ អ្នក​ខ្លាំង​លើអ្វី ​ពូកែ​អ្វី​ក្រៅពី​ខ្លួនអ្នក​នោះទេ​ ។ ក្នុង​ន័យ​នេះ ​អ្នកជា​មនុស្ស​តែ​ម្នាក់​ដែល​កំណត់​អ្វីដែល​អ្នក​ចង់ធ្វើ​ និងគិត​ថា ​អ្នក​អាច​ធ្វើបាន​ប្រសើរ​។ ឧទាហរណ៍ថា​ ឪពុក​ម្ដាយ​របស់​អ្នកចង់​ឲ្យ​អ្នករៀន​ជំនាញ​វេជ្ជសាស្ត្រ​ដើម្បី​ក្លាយ​ខ្លួន​ជាវេជ្ជបណ្ឌិត​ និងរកចំណូល​ បានខ្ពស់​ ប្រសិន​បើអ្នក​មិនចូល​ចិត្ត ឬ​សូម្បីតែ​ចាប់​អារម្មណ៍​ផង​នោះ​ ការសិក្សា​នោះ​ ក៏មិន​ផ្ដល់​ឲ្យអ្នក​នូវលទ្ធផល​ជាវិជ្ជ​មាន​ណាមួយ​នោះ​ទេ ​ផ្ទុយ​ទៅវិញ ​ធ្វើឲ្យ​ខ្ជះខ្ជាយ​ដល់​ពេល​វេលា ​និងទឹក​ចិត្ត​របស់អ្នក។​ ២. រៀប​គម្រោង​ជាប្រចាំ​ គ្រប់​ការងារ​ទាំងអស់​ ការរៀប​ចំគម្រោង​អាច​ជួយ​ឲ្យអ្នក​ប្រមើល​មើល​ឃើញ​ច្រើន​ទាំង​ចំណុច​ វិជ្ជមាន​និង​ឧបសគ្គ​ដែល​អ្នក​នឹង​ជួបប្រទះ​។ ការសិក្សា​ ធ្វើគម្រោង​បាន​លម្អិត​ នឹងជួយ​ដល់អ្នក ​អាចព្យា​ករណ៍​ឧបសគ្គ ​ដែល​នឹង​ត្រូវ​ជួប​ប្រទះ​ និងស្វែង​រកដំណោះ​ស្រាយ​ជាបឋម ​ដ៏ប្រសើរ​មុន​នឹង​ធ្វើដំណើរ​ទៅរក​ជោគជ័យ​របស់​អ្នក​ ហើយ​ចំណុច​នេះ​ទៀត​សោត​ ជួយ​ឲ្យ​ចំណេញ​ពេល​វេ លា​ និងបង្កើន​ជំនឿ​ជាក់កាន់​តែខ្ពស់​។ សុភាសិត​អង់គ្លេស​មួយ​ពោលថា​ “Fail to plan, plan to fail.” ដែល​មានន័យ​ថា​ ការមិន​បាន​រៀប​ចំគម្រោង​ជាមុន ​អាច​នាំទៅ​រកបរាជ័យ។​
៣. ការតាំង​ចិត្ត​ គ្មាន​ជោគ​ជ័យ​ណា ​ដែល​អាច​សម្រេច​បាន​ដោយ​ងាយ​ស្រួល​នោះ​ឡើយ។​ ប្រសិន​បើគ្មាន​ការតាំង​ចិត្ត​ខ្ពស់​នោះ​ អ្នក​អាច​នឹង​រារែក​ ឬបោះ​បង់​គោលដៅ​ ឬ​សកម្មភាព​របស់ខ្លួន​ នៅពេល​ដែល​ជួប​នឹង​ឧបសគ្គ​ ។ ប្រសិន​បើអ្នក​បាន​ប្រឹង​ប្រែង​អស់​ពីកម្លាំង​កាយ ​កម្លាំង​ចិត្ត​ហើយ​ បើទោះ​ជាលោក​អ្នក​មិន​ទទួល​បាន​ជោគ​ជ័យ​ក៏អ្នក​សប្បាយ​ចិត្តនឹង​អ្វីដែល​អ្នក​បាន​ខិតខំ​ប្រឹង​ប្រែង​ហើយ​ដែរ។​ កម្លាំង​ចិត្ត ​ជាកម្លាំង​ចលករដ៏​ខ្លាំង​ក្នុងការ​កំណត់​ជោគ​ជ័យ​របស់​លោកអ្នក៕​ អត្ថបទ៖ ដេវីដ ប្រភព៖ cool1007.com

No comments:

Post a Comment