Sunday, August 28, 2016

អរុណោទ័យនៃជីវិតដ៏មានតម្លៃមាន៧ យ៉ាង


ជាការពិតណាស់ នៅក្នុងសង្គមមនុស្ស សឹងពោរពេញទៅដោយបញ្ហាទាំងឡាយ ដែលបានចាក់ស្រែះប្រទាក់គ្នាជាបណ្តាញ ពីរឿងមួយទៅរឿងមួយ ប្រៀបដូចជាកាំច្រវាក់យឺតយោងប្រតោងគ្នា ទៅតាមក្រសែនៃសញ្ជាតិញាណរបស់មនុស្សគ្រប់ៗរូប។ តម្រូវការផ្នែកសេចក្ដីសុខ គេចវេះចេញពីសេចក្ដីទុក្ខហ្នឹង គឺជាវត្ថុបំណងមួយដ៏ចម្បងបំផុត ក្នុងវិថីជីវិតនៃមនុស្សគ្រប់រូប តែភាពប្រាថ្នាត្រូវការរបស់មនុស្សមួយចំនួន ក្នុងសង្គមសព្វថ្ងៃនេះ បានបោះជំហានទៅមុខទាំងភាពមហិច្ឆតា ក្រោមឥទ្ធិពលនៃថៅកែគ្មានមេត្តា គឺតណ្ហា មិនព្រមងាកក្រោយ ដោយភ្លេចបាត់សូន្យឈឹង នូវឧត្តមគតិ​ ឬបញ្ហាចម្បងរបស់ខ្លួនឯង៖

 "តើជីវិតនេះ កើតមកដើម្បីអ្វី? គុណតម្លៃនៃជីវិតដ៏ពិតប្រាកដនោះ នៅត្រង់ណា? ជីវិតនេះ គប្បីដើរតាមមាគ៌ាមួយណា ដើម្បីឲ្យបានប្រសព្វបាននូវផលសម្រេចដ៏ពិតប្រាកដ?"

បុព្វនិមិត្ត ឬអរុណោទ័យ នៃជីវិតដ៏មានគុណតម្លៃនោះ ក្នុងព្រះពុទ្ធសាសនាបានសម្ដែងទុកមាន ៧ យ៉ាង។ គោលគំនិតល្អដើម្បីជីវិត សូមលើកយកមកសរសេរដោយសង្ខេបទុកក្នុងទីនេះ ដើម្បីជាគោលការណ៍គ្រឹះ ក្នុងការឈ្វេងយល់នូវទ្រឹស្ដីដ៏មានតម្លៃមួយចំនួននេះ ដូចខាងក្រោម៖

១) ជីវិតល្អ ព្រោះមានឥទ្ធិពលពីបរិដ្ឋានខាងក្រៅ មានការសេពគប់ជាដើមល្អ ហៅថា មិត្តសម្បទា

២) ជីវិតល្អ ព្រោះខ្លួនមានសីលាចារវត្ត និងរស់នៅក្នុងសង្គម ដែលមានច្បាប់ទម្លាប់ល្អ ហៅថា សីលសម្បទា

៣) ជីវិតល្អ ព្រោះមានឆន្ទៈមនសិការមុះមុតច្បាស់លាស់ ក្នុងការកសាងអភិវឌ្ឍន៍ ក្នុងផ្នែកផ្សេងៗល្អ ហៅថា ឆន្ទសម្បទា

៤) ជីវិតល្អ ព្រោះអភិវឌ្ឍខ្លួនឯង ឲ្យទៅជាមនុស្សមួយ ដែលមានសមត្ថភាព មានគុណភាពល្អ ហៅថា អត្តសម្បទា

៥) ជីវិតល្អ ព្រោះមានឧត្តមគតិ មានវិចារណញាណល្អ និងមានគោលការណ៍ល្អ ហៅថា ទិដ្ឋិសម្បទា

៦) ជីវិតល្អ ​ព្រោះមានសតិសម្បជញ្ញៈខ្ជាប់ខ្ជួន គ្រប់គ្រប់ខ្លួនបានល្អ ហៅថា អប្បមាទសម្បទា។ និង

៧) ជីវិតល្អ ព្រោះមានមនសិការ មានបញ្ញា និងមានហេតុមានផលល្អ ហៅថា យោនិសោមនសិការសម្បទា

កត្តាសំខាន់បំផុត ដែលជម្រុញឲ្យគុណភាពជីវិតធ្លាក់ចុះនោះ គឺភាពល្ងង់ខ្លៅ ដែលក្នុងទ្រឹស្ដីនៃព្រះពុទ្ធសាសនា លោកហៅថា អវិជ្ជា គឺជាស្បៃអន្ធកាលម្យ៉ាង ដែលគ្រប់ដណ្ដប់ផ្ទាំងជីវិត នៃមនុស្សគ្រប់គ្នាឲ្យដើរខុសភ្លាត់ ចេញពីការពិត៕[edit]

........................................
ស្រង់ចេញពីអត្ថបទ៖ អំណោយទានជីវិតភាគ១ ភាគ២
ទំព័រ ១-២
ដោយ ជាគរាភិវង្ស
រូបភាពហ្វេសប៊ុកផេក

No comments:

Post a Comment