Sunday, August 28, 2016

នៅជាមួយទុក្ខឲ្យបាន នឹងមិនកើតទុក្ខ


សព្វថ្ងៃនេះ មនុស្សម្នាមានជីវិត ដែលមានភាពស្រណុកសុខស្រួលឡើងជាងមុន។ ចំណេះដឹង និងបច្ចេកវិទ្យាមានច្រើនប្រភេទ ធ្វើឲ្យយើងអាចជៀសវាងពីសេចក្ដីទុក្ខលំបាកបានច្រើន ដូចជា ក្ដៅក៏មានម៉ាស៊ីនត្រជាក់ ងូតទឹកក៏មិនបាច់ខ្លាចរងា ព្រោះមានគ្រឿងម៉ាស៊ីនកំដៅ ទៅណាមកណាក៏លែងនឿយហត់លំបាក ព្រោះមានរថយន្ត  រថភ្លើង នាវា និងមានយន្តហោះ។ល។

តែទោះជានឹងមានសមត្ថភាពក្នុងការដឹកនាំខ្លួនឲ្យទៅឆ្ងាយពីសេចក្ដីទុក្ខលំបាកបានច្រើនដល់កម្រិតណាក៏ដោយ ការពិតមួយដែលត្រូវព្រមទទួលយកគឺ មានសេចក្ដីទុក្ខច្រើនយ៉ាង ដែលយើងមិនអាចគេចជៀសវាងផុតបាន មានបានខ្លាំងដល់កម្រិតណា ក៏ត្រូវប្រឈមមុខជាមួយការព្រាត់ប្រាស់ការបាត់បង់ ធំខ្ពស់ដល់ណា ក៏ត្រូវជួបប្រទះជាមួយការមិនសមបំណង ពូកែដល់កម្រិតណា ក៏ត្រូវជួបបរាជ័យ និងជោគជ័យទាំងនេះដែរ។ តាមការពិតទៅ មិនមានអ្នកណាមួយ អាចគេចផុតពីភាពចាស់ជរា ភាពឈឺចាប់ និងសេចក្ដីស្លាប់នេះទៅបានឡើយ

មានមនុស្សដ៏ច្រើន ពេលកើតហេតុការណ៍ដូចបានពោលលើខ្លួនឯង ទ្រាំអត់បានដោយលំបាក ដែលការរំខាន ការថប់ ឬក្ដុកក្ដួលអារម្មណ៍ រហូតដល់កើតមានជំងឺស្ត្រេសខ្លាំង ឬថ្នាក់ដល់ស៊ីមិនបាន ដេកមិនលក់ បក់មិនរហើយ ក៏ក្លាយជាការយកសេចក្ដីទុក្ខនោះមកដាក់សង្កត់ទម្ងន់លើខ្លួនថែមទៀត ជំនួសដល់ការអស់លុយកាក់ហើយ ចិត្តក៏ខូចគុណភាពទៅតាមនោះដែរ តាងជំនួសឲ្យដល់ការឈឺចាប់ តាមផ្លូវកាយមួយហើយ ចិត្តក៏វាឈឺទៅមួយទៀត។ និយាយម្យ៉ាងទៀត តាងជំនួសនឹងជួបប្រទះគ្រាប់ព្រួញមួយហើយ ត្រឡប់ជាជួបប្រទះគ្រាប់ព្រួញផ្សេងមួយទៀត។ គ្រាប់ព្រួញមួយដំបូងនោះ អាចបណ្ដាលមកពីមនុស្សអ្នកដទៃ ឬវត្ថុខាងក្រៅ ប៉ុន្តែគ្រាប់ព្រួញទីពីរ បណ្តាលមកពីស្នាដៃរបស់យើងផ្ទាល់។ រឿងដែលអាក្រក់ជាងនោះគឺ គ្រាប់ព្រួញទីពីរ ច្រើនតែបង្កសេចក្ដីទុក្ខដ៏ខ្លាំងក្លាធ្ងន់ធ្ងរ ជាងគ្រាប់ព្រួញដំបូងទៅទៀត។

ស្ត្រីដែលមានវ័យចំណាស់ម្នាក់ ទៅរកពេទ្យម្តងហើយម្ដងទៀត ដោយមិនដឹងថា ខ្លួនកើតរោគអ្វី។ ថ្ងៃមួយពេទ្យក៏ហៅគាត់ទៅជួប ហើយប្រាប់ថា អ៊ុំកើតជំងឺមហារីកថ្លើម រស់បានមិនហួសពីបីខែទេ។ គាត់តក់ស្លុតចិត្តខ្លាំងណាស់ រាប់តាំងពេលនោះមក សោកសៅអស់អាល័យជាមួយជីវិត ចង់ស្លាប់ មិននិយាយមិនស្តី កន្លងផុតទៅបាន ១២ថ្ងៃ គាត់ក៏បានស្លាប់ទៅ។ ដុំមហារីកនោះ ទោះជានឹងធ្វើឲ្យរាងកាយថមថយរបស់គាត់ក៏ដោយ តែមិនកាចសាហាវស្មើនឹងចិត្ត ដែលលោតដង្ហក់ និងក្ដុកក្ដួលនោះកើតបាន ព្រោះគាត់មិនព្រមទទួលយកការពិត ដែលវាកើតឡើង ប៉ុន្តែព្យាយាមបដិសេធជំទាស់គ្រប់ពេលវេលា ចិត្តខំននៀលរើបម្រះជំទាស់នោះ អាចកាត់ផ្ដាច់បង់ជីវិតរបស់គាត់លឿនជាងដុំមហារីកនោះខូចទៅទៀត។

និយាយរួចហើយថា សេចក្ដីទុក្ខរបស់មនុស្សសម័យនេះ ភាគច្រើនទៅ កើតចេញពីចិត្ត ដែលបដិសេធជំទាស់ការពិត ដែលបានកើតឡើងខ្លាំងជាងអ្វីផ្សេងៗ។ ដូច្នោះ ទោះបីតែហេតុការណ៍បន្តិចបន្តួចតូចតាចដូចជា កក់ស្ទះចារាចរណ៍តាមដងផ្លូវ ក៏ធ្វើឲ្យមនុស្សមួម៉ៅក្ដៅក្រហាយដោយ ទាំងធុញថប់អារម្មណ៍ និងមានក្តីកង្វល់ចិត្តខ្លាំងប៉ុនណា ក៏មិនជួយឲ្យសកម្មភាពរថយន្តបានឆាប់លឿនឡើង មានតែធ្វើឲ្យកើតទុក្ខខ្លាំងឡើង។

អ្វីកើតឡើងជាមួយយើង មិនសំខាន់ស្មើនឹងថា តើយើងមានអារម្មណ៍ជាមួយវាដូចម្ដេច? មានរឿងអាក្រក់កើតឡើងជាមួយយើង ក៏មិនធ្វើឲ្យយើងកើតទុក្ខខ្លាំងស្មើនឹងចិត្ត ដែលបដិសេធជំទាស់ក្នុងរឿងនោះទេ។ អាចនិយាយបានម្យ៉ាងទៀតថា យើងកាន់តែបដិសេធជំទាស់រឿងណា សេចក្ដីទុក្ខនោះវាកាន់តែបន្ថែមឡើងពេលបានជួបរឿងនោះ។ ការស្រាវជ្រាវរកឃើញថា មនុស្សដែលខ្លាចម្ជុលចាក់ថ្នាំនោះ ពេលត្រូវម្ជុលចាក់ចូលទៅ នឹងមានអារម្មណ៍ឈឺចាប់ខ្លាំងជាងមនុស្ស ដែលធ្វើអារម្មណ៍ធម្មតាៗចំពោះម្ជុលចាក់ថ្នាំនោះដល់ទៅបីដង ប្រហែលជាមិនខុសទេ បើនិយាយថា ចិត្តដែលបដិសេធជំទាស់សេចក្ដីទុក្ខ រមែងធ្វើឲ្យសេចក្ដីទុក្ខនោះមានមេគុណពីរ ឬមេគុណបី។

ផ្ទុយមកវិញ ភ្លាមៗដែលយើងឈប់ជំទាស់ប្រឆាំង ព្រមទទួលយកហេតុការណ៍អាក្រក់ដែលកើតឡើង សេចក្ដីទុក្ខនោះក៏ថមថយស្រកស្រុតច្រើនឡើងដែរ។ មនុស្សដែលព្រមទទួលយកការពិតបានថា ខ្លួនឯងកើតជំងឺមហារីក មិនជំទាស់ប្រឆាំង លែងថ្ងួចថ្ងូរថប់អារម្មណ៍តទៅទៀត នឹងជួបប្រទះឃើញថា មានតែកាយប៉ុណ្ណោះដែលមានទុក្ខ តែចិត្តមិនកើតទុក្ខទៅជាមួយទេ។ វាជាធម្មតារបស់មនុស្សយើង ពេលជួបភ័យស្លន់ស្លោ ឬរឿងដែលមិនជាទីគាប់ចិត្ត រមែងមានបដិកិរិយាក្នុងផ្នែកណាមួយជានិច្ច គឺបើមិនជៀសវាង ក៏តស៊ូ ទោះបីជាខ្លួននឹងគេចមិនផុតក៏ដោយ ប៉ុន្តែចិត្តក៏នៅតែជំនះជំទាស់ ឬតស៊ូ ដែលរឹងរឹតតែធ្វើឲ្យកើតទុក្ខធ្ងន់ធ្ងូរឡើង តែបើយើងមានសតិស្មារតីដឹងទាន់ចិត្ត ដែលជំនះប្រឆាំង វានឹងស្ងប់ចុះទៅ មិនថាជំនះប្រឆាំងនោះនឹងបង្ហាញចេញក្នុងរូបភាពនៃការភ័យខ្លាច ការក្ដុកក្ដួល មានកំហឹងឈឺចាប់ សេចក្ដីតូចចិត្តតូចថ្លើម ក៏អាចស្ងប់រំងាប់ចុះបាន ពេលមានសតិស្មារតី ឬភ្ញាក់ដឹងខ្លួន។

ផ្ទុយមកវិញ ម្យ៉ាងទៀត ការអត់សង្កត់ ឬការព្យាយាមកំចាត់បង់វា ត្រឡប់ជាធ្វើឲ្យវាទ្រទ្រង់នៅបន្តបាន ទោះបីមើលទៅហាក់ដូចជានឹងជាសះស្បើយក៏ដោយ ប៉ុន្តែតាមធាតុពិត វាត្រឡប់បែរជាលាក់កំបាំង និងព្រមប្រាកដខ្លួនដោយអាការៈពុះកញ្ជ្រោលជាងដើមម្តងទៀត បើមានអ្វីមកបះទង្គិច ឬបះពាល់ចិត្តយើង ថាទៅក៏វាមិនផ្សេងអ្វីពីការអេះរមាស់ឲ្យបាត់រមាស់ ពេលត្រូវមូសខាំ ឬផ្សែងពុលរោល តាងឲ្យនូវការបាត់រមាស់ បែរជាបន្ថែមឡើង ធ្វើឲ្យរមាស់កាន់តែខ្លាំងជាងដើម ប្រែទៅជាអេះកាន់តែខ្លាំង រមាស់កាន់តែខ្លាំង។ ការនៅធ្វើអាការធម្មតាៗ ទទួលស្គាល់ថា ការរមាស់ដែលបានកើតឡើងជាមួយរូបកាយ និងដឹងទាន់ចិត្តដែលជំនះភាពច្របុកច្រប៉ល់ ត្រឡប់បែរជាជួយឲ្យសេចក្ដីទុក្ខធូរស្រាលឡើងវិញ។

ការព្រមទទួលយកការពិត ពុំមែនមានន័យថា ការព្រមទទួលចុះចាញ់ចំពោះរឿងដែលបានកើតឡើងទេ តាមការពិតទៅ វាបែរជាជួយឲ្យយើងអាចទប់ទល់ជាមួយហេតុការណ៍អាក្រក់បានល្អប្រសើរឡើង។ មនុស្សដែលទទួលព្រមយកការឈឺចាប់បាន ក្រៅពីចិត្តនឹងកើតទុក្ខថយចុះហើយ ថែមទាំងមានពេលខ្លួនចង់រកច្រកផ្លូវព្យាបាល អាចប្រើសតិបញ្ញាដោយអស់ពីលទ្ធភាពដែលខ្លួនមាន មិនត្រូវឲ្យរំខានបៀតបៀនពីអារម្មណ៍ផ្សេងៗ ខុសជាមួយមនុស្សដែលមិនព្រមទទួលយកការពិត នឹងគិតរវល់តែថប់អារម្មណ៍ ក្តុកក្ដួលចិត្ត រហូតទាល់តែមិនកើតអ្វីជាដុំកំភួនសោះ។ រឿងដែលគួរធ្វើ ទើបមិនបានធ្វើ បញ្ហាដែលគួរដោះស្រាយ ទើបមិនបានដោះស្រាយបាន

សាកល្បងសួរខ្លួនឯងថា តើមួយថ្ងៃៗយើងអស់ពេល និងថាមពលទៅជាមួយការយំខ្សឹកខ្សួល ឬក្ដុកក្ដួលអារម្មណ៍ច្រើនប៉ុន្មាន? ជួនកាលរឿងដែលកើតឡើងយូរហើយ ដោះស្រាយអ្វីមិនបានឡើយ ការណ៍ដែលនឹកដល់ខណៈដែលរឿងខ្លះ ក៏នៅមិនទាន់កើតឡើងផងទេ ប៉ុន្តែយើងត្រឡប់បែរថប់បារម្ភចិត្តនោះ ទុកមុនទៅវិញ។

ទោះបីជារឿងដែលកំពុងកើតឡើងនៅពេលនេះក៏ដោយចុះ សាកតម្កល់សតិ និងសម្លឹងមើលជុំវិញ ឲ្យបានគ្រប់ជ្រុងជ្រោយ អាចរកឃើញថា វាមិនមែនជារឿងអាក្រក់ឯណា វាកើតមាន តែមិនត្រូវនឹងចេតនាបំណងរបស់យើងប៉ុណ្ណោះតើ។ សាកល្បងទម្លាក់ចុះសេចក្ដីសង្ឃឹមនោះ វានឹងរកឃើញថា រឿងដែលកើតឡើងនោះជារឿងធម្មតា មិនហួសលើសពីកម្លាំង អាចមានជ្រុងល្អខ្លះៗ ដែលយើងមិនធ្លាប់គិតនឹងឃើញក៏ថាបាន ដែលសំខាន់គឺ កុំរវល់ផ្តោតអារម្មណ៍យកចិត្តទុកដាក់ ជាមួយរឿងពិបាកៗ ដែលបានកំពុងកើតឡើង រហូតដល់ភ្លេចថាជីវិត នៅមានរឿងល្អៗយ៉ាងច្រើនទៀត​​ ដែលកំពុងរង់ចាំការលើកកំពស់ សរសើរពីយើង

សេចក្ដីទុក្ខខ្លះ យើងមិនអាចគេចផុតជៀសរួចបានក៏ពិតមែន តែបើចេះរៀនសូធ្យរស់នៅជាមួយវាកើត ចិត្តក៏មិនកើតទុក្ខតទៅទៀតដែរ[edit]
........................................
ពីគ្រូវិសាលោ

រូបភាពហ្វេសប៊ុកផេក

No comments:

Post a Comment